ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូ២គ្រឿងបើកបុកគ្នាពេញទំហឹងស្លាប់ស្រ្ដីម្នាក់ និង២នាក់ទៀតរងរបួសធ្ងន់

ចែករំលែក៖

ខេត្តកំពង់ធំ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាងម៉ូតូបុកនឹងម៉ូតូបណ្តាលឲ្យ មនុស្ស២នាក់របួសធ្ងន់ និងស្រ្ដីម្នាក់ស្លាប់ នៅកន្លែងកើតហេតុកាលពី វេលាម៉ោង៩ និង ៣៩ នាទីព្រឹក ថ្ងៃអង្គារ ១៣រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ០៦ ចន្លោះគីឡូម៉ែត្រលេខ១០១-១០២ ចំណុចភូមិគ្រើល ឃុំអណ្តូងពោធិ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។

តាមប្រភពពត័មានពីសមត្ថកិច្ចបានឲ្យដឹងថា ម៉ូតូម៉ាកS Lបើកបរពីត្បូងទៅជើង ខណៈនោះម៉ូតូC100កូរ៉េបើកឆ្លងកាត់ថ្នល់ពីលិចទៅកើត ក៏បុកគ្នាតែម្តង។

សមត្ថកិច្ចបន្តថា ម៉ូតូC100កូរ៉េ ពណ៌ក្រហម គ្មានស្លាកលេខ បើកបរដោយឈ្មោះ អៀ អឿន ភេទស្រី អាយុ ៥៥ឆ្នាំ (ស្លាប់) នៅភូមិបុស្សស្បែង ឃុំជ្រលង ស្រុកបារាយណ៍ ខេត្តកំពង់ធំ គ្មានមួកសុវត្ថិភាពនោះទេ ។

ម៉ូតូម៉ាកS.L ពណ៌ទឹកប្រាក់ ស្លាកលេខ ភ្នំពេញ 1AZ 0529 បើកបរដោយឈ្មោះ សួស ប៊ុនណារុណ ភេទប្រុស អាយុ ២៤ឆ្នាំ នៅភូមិបួរ ឃុំព្រៃរំដេង ស្រុកគីរីវង់ ខេត្តតាកែវ (ពាក់មួកសុវត្ថិភាព របួសធ្ងន់) និងអ្នករួមដំណើរជាមួយឈ្មោះ សួស សេង ភេទប្រុស អាយុ ៥៣ឆ្នាំ នៅភូមិ-ឃុំជាមួយអ្នកបើកម៉ូតូ SL ពាក់មួកសុវត្ថិភាព រងរបួសធ្ងន់ ។

សមត្ថកិច្ចអះអាងថា ករណីនេះ គឺម៉ូតូបង្កម៉ាកC100កូរ៉េបើកឆ្លងកាត់ថ្នល់ខ្វះការប្រុងប្រយ័ត្ន ។ ក្រោយកើតហេតុសមត្ថកិច្ច បញ្ចូនជនរងគ្រោះទៅមន្ទីរពេទ្យ និងវាស់វែង ប្រមូល វត្ថុតាងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍។ ចំណែកសាកសព ប្រគល់ឲ្យសាច់ញាតិក្រុមគ្រួសារចាត់ចែងធ្វើបុណ្យ តាមប្រពៃណី ​៕ ប៊ុន រិទ្ធី


ចែករំលែក៖