ព័ត៌មានទាន់ហេតុការណ៍៖

យុវជនម្នាក់បើកកាឡេថងដឹកអុសក្រឡាប់ត្រូវអុសធ្លាក់សង្កត់លើស្លាប់ភ្លាមៗ

ចែករំលែក៖

ខេត្តកំពង់ធំ៖ យុវជនម្នាក់បើក (កាឡេថង) ដឹកអុសម៉ែត្រធ្លាក់ជង្ហុករួចបានជ្រុលចង្កូតទៅបុកគល់ឈើក្រឡាប់បណ្តាលឲ្យអុសធ្លាក់សង្កត់លើស្លាប់យ៉ាងអាណោចអាធ័មភ្លាមៗនៅនឹងកន្លែងកើតហេតុ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅតាមកំណាត់ផ្លូវក្រាលគ្រួសក្រហម ស្ថិតក្នុងភូមិសាស្រ្ត ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សុខ ធារិទ្ធ ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិ ទេពមង្គល ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។

សាច់ញាតិជនរងគ្រោះឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបើកគោយន្តកន្ត្រៃចេញពីផ្ទះទៅដឹកអុសនៅតំបន់ភូមិត្រពាំងឫស្សី ឃុំក្រយា លុះកាត់អុសរួចរាល់ស្រាច់បាច់ រាបដាក់លើកាឡងថងពេញ ក៏បើក ត្រឡប់មកផ្ទះវិញ តែអកុសលមកដល់ពាក់កណ្តាលផ្លូវ ក៏ជ្រុលចង្កូតទៅបុកគល់ឈើធ្វើឲ្យក្រឡាប់ធ្លាក់អុសសង្កត់លើបណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម។

ក្រោយពីសមត្ថកិច្ចធ្វើកំណត់ហេតុរួចក៏ប្រគល់សាកសពជនរងគ្រោះឲ្យឪពុក ម្តាយ សាច់ញាតិបងប្អូនយកទៅធ្វើបុណ្យតាមប្រពៃណី៕ ប៊ុនរិទ្ធី


ចែករំលែក៖