ព័ត៌មានទាន់ហេតុការណ៍៖

យុវជន២នាក់ បើកម៉ូតូលឿនបុករថយន្តស៊េរីទំនើបមួយគ្រឿងដួលបោកនិងថ្នល់រងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយសារការបើកបរគ្មានការប្រុងប្រយ័ត្ន ខណៈដែលយុវជន២នាក់ ជិះមួយគ្រឿងក្នុងល្បឿនលឿនមិនប្រយ័ត្ន ចាប់ហ្វ្រាំងមិនទាន់ជ្រុលចង្កូតទៅបុករថយន្តឡង់គ្រឺស័រ ស៊េរីទំនើបមួយគ្រឿងបើកបរដោយប្តីប្រពន្ធ២នាក់ បត់ឆ្លងផ្លូវចំពាក់កណ្តាលរថយន្តពេញទំហឹង បណ្តាលឲ្យដួលបោកនិងថ្នល់រងរបួសធ្ងន់តែម្តង ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះ កើតឡើងកាលពីវេលាម៉ោង១០និង៤០នាទីយប់ថ្ងៃសុក្រ ៧កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹង​ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខការ៉ាស់សាំងកាល់តិច តាមបណ្តោយផ្លូវ២១៧ ក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញប្តីប្រពន្ធមួយគូ បើករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកឡង់គ្រឺស័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AT-9333 បើកបរទិសដៅពីលិចទៅកើត លុះមកដល់ចណុចកើតហេតុខាងលើបានបើកភ្លើងសុីញ៉ូបត់ឆ្វេងដៃឆ្លងមកផ្លូវម្ខាងទៀត ខណ:នោះក៏មានម៉ូតូមួយគ្រឿងម៉ាកហុងដា សេ១១០(សងប៊ិច) ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BF-3020 បើកមកពីក្រោយស្របទិសដៅគ្នា ជ្រុលទៅបុកចំពាក់កណ្តាលរថយន្តបណ្តាលឲ្យកំពិតទ្វារខាងក្រោយខាងឆ្វេងនិងបាក់កញ្ចក់ម្ខាងរងការខូតខាតយ៉ាងដំណំ ។ ចំណែកជនរងគ្រោះដួលបោកនឹងថ្នល់រងរបួសធ្ងន់ទាំង២នាក់ ហើយត្រូវបានរថយន្តសង្គ្រោះគ្លីនីកឯកជនសួគា៌ដឹកទៅសង្គ្រោះភ្លាមៗផងដែរ ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ និងធ្វើការទំនាក់ទំនងទៅនគរបាលជំនាញមកវាស់វែងរួចយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាលយ័ចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមនីតិវិធីច្បាប់ ៕ ស តារា


ចែករំលែក៖