ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តក្រុមហ៊ុនសៀងហៃខូចតាមផ្លូវគ្មានដាក់សញ្ញាសម្គាល់ ម៉ូតូមកពីក្រោយបុកពេញទំហឹងរបួសធ្ងន់ម្នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ រថយន្តមួយគ្រឿងដែលគេស្គាល់ថាជារបស់ក្រុមហ៊ុនសៀងហៃ ខណៈខូចតាមផ្លូវហើយចតចោលគ្មានដាក់សញ្ញាសម្គាល់ ក៏ត្រូវម៉ូតូមួយគ្រឿងបើកស្របទិសគ្នាពីកើតមកលិចចាប់ហ្វ្រាំងមិនទាន់បុកពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់បាក់កំភួនជើងខាងស្តាំសន្លប់នឹងកន្លែង។

ហេតុការណ៍នេះកើតឡើងនៅថ្ងៃព្រហស្បតិ៍ ២កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង៩និង៣០នាទីយប់ លើផ្លូវជាតិលេខ១នៅត្រង់ចំណុចចន្លោះគីឡូម៉ែត្រ លេខ ១៥៥-១៥៦ ស្ថិតក្នុងភូមិថ្មី សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។

តាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានឲ្យដឹងថា មុនកើតហេតុ មានរថយន្ត០១គ្រឿង ប្រភេទទេសចរណ៍ ៤៥កៅអី(ក្រុមហ៊ុនសៀងហៃ)ពណ៌ស លាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3D1968 បើកបរដោយមិនស្គាល់អត្តសញ្ញាណដែលធ្វើដំណើរពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ ខាងលើ រថយន្តបានខូចហើយចតរថយន្តចោលនៅលើចិញ្ចើមផ្លូវគ្មានដាក់សញ្ញាហាមឃាត់ ខណៈនោះស្រាប់តែ ក៏មានម៉ូតូ១គ្រឿង ម៉ាក ហុងដា C125 ពណ៌ខ្មៅស្លាកលេខ ភ្នំពេញ1BS7099 បើកបរដោយឈ្មោះ ស៊ីន ចាន់ដារ៉ា អាយុ៣៤ឆ្នាំជនជាតិខ្មែរមុខរបរកម្មករសំណង់ មានទីលំនៅភូមិថ្នល់កែង ឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង បានបុកពីក្រោយរថយន្តពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់បាក់កំភួនជើងខាងស្តាំ បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិ និងសមត្ថកិច្ចមូលដ្ឋានដោយយកជនរងគ្រោះបញ្ជួន ទៅព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង និងវាស់វែងព្រមទាំងអូសយកវត្ថុតាងម៉ូតូ និងរថយន្តមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលច្រកម្ទេស ដើម្បីកសាងសំណុំរឿង ចាត់ការតាមច្បាប់ ៕ យឹម សុថាន


ចែករំលែក៖