ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកដីបើកបរខ្វះការប្រុងប្រយ័ត្ន បត់ឆ្វេងទៅបុកម៉ូតូកូនទារបញ្ច្រាសទិសគ្នា បណ្តាលឲ្យស្ត្រីជាម្តាយរងរបួសជើង កូនស្រីស្លាប់ភ្លាមៗនៅនឹងកន្លែង

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យរន្ធត់មួយបានកើតឡើង រវាងរថយន្តដឹកដី១គ្រឿង បុកជាមួយម៉ូតូបណ្តាលឲ្យក្មេងស្រីម្នាក់បានបែកក្បាលធ្លាយខួរស្លាប់យ៉ាងអាណោចអាធ័មនៅនឹងកន្លែងកើតហេតុ រីឯស្ត្រីជាម្តាយរងរបួសជើងខាងស្តាំ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១ និង១៥នាទីព្រឹក ថ្ងៃចន្ទ ៣កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨ នៅទល់មុខតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង ស្ថិតក្នុងភូមិបាចុង សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

អ្នកឃើញហេតុការណ៍បាននិយាយថា មុនពេលកើតហេតុ គេបានឃើញរថយន្តដឹកដី១គ្រឿង បើកបរមិនបានប្រយ័ត្នបត់ឆ្វេង ទៅបុកម៉ូតូ ចំណែកជនរងគ្រោះ បើកបរម៉ូតូពីទិសខាងកើតទៅលិច។ លុះមកដល់ចំណុចកើតហេតុ រថយន្តបង្កបានបត់ឆ្វេងទៅទិសខាងជើង ខណៈនោះ បណ្តាលឲ្យវាក់នឹងម៉ូតូ បុកចំពីមុខពេញ បណ្តាលឲ្យគ្មេងស្រីក៏បានធ្លាក់ចូលក្រោមកង់រថយន្តកិនបែកក្បាលធ្លាយខួរស្លាប់យ៉ាងអាណោចអាធ័មនៅនឹងកន្លែងកើតហេតុ ។ ចំណែកម្តាយរងរបួសស្រាលចំជើង ក្រោយហេតុការណ៍គេបានឃើញកម្លាំងអាវុធហត្ថចុះមកដល់ឃាត់ខ្លួនតៃកុងរថយន្តភ្លាមៗផងដែរ។

អាវុធហត្ថបានប្រាប់ឲ្យដឹងថា ក្មេងស្រីរងគ្រោះដែលស្លាប់ឈ្មោះ សុង គន្ធា អាយុ២ឆ្នាំ ចំណែកស្ត្រីជាម្តាយឈ្មោះ មុំ បូរ៉ា អាយុ៣៥ឆ្នាំ រស់នៅភូមិកាំម៉េម៉ាយ សង្កាត់ព្រះបាទ ក្រុង ខេត្តស្ទឹងត្រែង (រងរបួសជើងខាងស្តាំ) ត្រូវបានកម្លាំងអាវុធហត្ថជួយដឹកយកទៅមន្ទីរពេទ្យយោធភូមិភាគទី១ ហៅពេទ្យ២១ ដើម្បីសង្គ្រោះបន្ទាន់

ប្រភពបន្តថា ចំណែកឯម្ចាស់រថយន្តត្រូវបានកម្លាំងឃាត់ខ្លួនភ្លាមៗ រួចនាំទៅទីបញ្ជាការដ្ឋានអាវុធហត្ថខេត្ត ដើម្បីប្រគល់ជូននគរបាលចរាចរខេត្តចាត់ការបន្ត។ ចំណែកស្ត្រីរងគ្រោះក្រោយកើត ហេតុ ក៏បានចេញពីមន្ទីរពេទ្យទាំងតក់ក្រហល់ មកយកសពកូនស្រីទៅធ្វើបុណ្យតាមប្រពៃណីនៅឯភូមិកំណើតផងដែរ៕ មាស សុផាត


ចែករំលែក៖