ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តធុនធំបើកបុកបង្គោលភ្លើងដែលនៅកណ្តាលផ្លូវណតប្រីត

ចែករំលែក៖

ភ្នំពេញ ៖ រថយន្តធុនធំមួយគ្រឿងបានបើកទៅបុកបង្គោលភ្លើងធំដែលបន្សល់ទុកចោលនៅលើផ្លូវ ដែលខាងអគ្គីសនីកម្ពុជាមិនទាន់ដកចេញ ។ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោងជិត៤ទៀបភ្លឺ ឈានចូលថ្ងៃសុក្រ ១កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅតាមផ្លូវណតប្រីត ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។

យោងតាមឯកសារដែលជ្រុះពីលើរថយន្តនោះគឺ រថយន្តធុនធំសណ្ដោងរឺម៉ក ពាក់ស្លាកលេខ ភ្នំពេញ 3C-7071 ជារបស់ក្រុមហ៊ុនដឹកជញ្ជូន PH PLUS LOGISTICS Co.,Ltd ដែលបើកបរដោយឈ្មោះ យ៉ន ភេទប្រុស បានគេចខ្លួនបាត់ពីកន្លែងកើតហេតុ ។

ប្រភពពត៌មាននៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តធុនធំមួយគ្រឿងដែលសណ្ដោងកន្ទុយរឺម៉ក ពណ៌ខៀវ ពាក់ស្លាក លេខភ្នំពេញ 3C-7071 បើកតាមផ្លូវណតប្រីត ក្នុងទិសដៅពីជើងទៅត្បូង តែដោយសារតែស្ថានភាពផ្លូងងឹតផង មេឃកំពុងភ្លៀងផង និងរថយន្តបើកបរក្នុងល្បឿនលឿន ក៏ជ្រុលទៅបុកបង្គោលភ្លើងដែលនៅកណ្តាលផ្លូវពេញទំហឹងបណ្ដាលឲ្យរថយន្តបែកកញ្ចក់ជ្រុះធ្លាក់មកពេញផ្លូវ និងរងការខូចខាតខ្ទេចផ្នែកខាងមុខស្ទើតែទាំងស្រុង តែសំណាងល្អតៃកុងរងរបួសបន្តិចបន្តួច ។ ក្រោយកើតហេតុដោយឃើញសភាពមិនស្រួល បុរសដែលជាអ្នកបើកបររថយន្ត បានគេចខ្លួនបាត់ពីកន្លែងកើតហេតុ ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ ហើយរាយការណ៍ទៅសមត្ថកិច្ចជំនាញផ្នែកចរាចរ ចុះមកវាស់វែង រួចយករថយន្តបង្កទៅរក្សាទុក នៅការិយាល័យចរាចរផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រង់ចាំភាគីម្ចាស់ក្រុមហ៊ុនចូលខ្លួនទៅដោះស្រាយនាពេលក្រោយ ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី៣០ ខែមេសា ២០១៨ មានមន្ត្រីអាជ្ញាធរអគ្គិសនី អ្នកបច្ចេកទេសមួយក្រុមបានចុះត្រួតពិនិត្យដល់ទីតាំងកាលពី ដើម្បីឈានទៅធ្វើការអនុវត្ត និងរុះរើបង្គោលភ្លើងនៅដើមខែឧសភា ២០១៨នេះ ខណៈបណ្ដាញអគ្គិសនី ដែលគ្រោងរុះរើនោះ គឺជាបណ្ដាញតង់ស្យុងខ្ពស់ ១១៥គីឡូវ៉ុល ដូច្នេះអាចរងផលប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីនៅតាមបណ្ដាខណ្ឌមួយចំនួនក្នុងរាជធានីភ្នំពេញ ។ ទោះជាយ៉ាងណាអ្នកបច្ចេកទេសកំពុងសិក្សារកប្រភពអគ្គិសនីជំនួសតំបន់ដែលត្រូវបានកាត់ផ្ដាច់ ព្រោះការរុះរើបង្គោលបានខ្លះ នៅខ្លះប៉ុណ្ណោះ ៕ ជ្រោយពេជ្រ


ចែករំលែក៖