ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត​វីហ្គោ ​ពណ៌ទឹកមាស​ ពាក់​ស្លាក​លេខ ព្រះសីហនុ 2A-9777​ បុកមនុស្សស្លាប់ និងរបួសធ្ងន់ហើយបើករត់បាត់ សមត្ថកិច្ចកំពុងស្រាវជ្រាវ

ចែករំលែក៖

ភ្នំពេញ​៖ រថយន្ត​ មួយគ្រឿង​បុក​ម៉ូតូ​មួយ​គ្រឿង​បណ្តាល​ឲ្យ​បុរស​ម្នាក់​ស្លាប់ ​ និង​ម្នាក់​ទៀត​រងរបួស​ធ្ងន់​ បន្ទាប់ពី​កើត​ហេតុ​រថយន្ត​បង្កបើក​គេចខ្លួនបាត់​ តែ​ប្រជាពលរដ្ឋ​បាន​ស្គាល់​ភិនភាគ​រថយន្ត​បង្ក​ ម៉ាកតូយ៉ូតាហ៊ីលុច្ស វីហ្គោ ពណ៌ទឹកមាស​ ពាក់​ស្លាក​លេខព្រះសីហនុ 2A-9777​ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះបានកើត​ឡើង​កាលពី​ម៉ោង​១១យប់ ថ្ងៃទី​២៤​ ខែ​កញ្ញា​ ឆ្នាំ​២០១៨​ នៅ​ចំណុច​ផ្លូវR6 ​សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះឈ្មោះ សំ​ សាត​ អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើការនៅធនាគារជាតិនៃកម្ពុជា រស់នៅភូមិស្រែឫស្សី ឃុំអំពិល​ ស្រុករមាសហែក ខេត្តស្វាយរៀង​ ។ ចំណែក​អ្នករងរបួស​ធ្ងន់​មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹង​ថា​ គេឃើញបុរស២នាក់បើកម៉ូតូមួយ​គ្រឿង​ម៉ាក​ហុងដា​ ឌ្រីមសង់ស៊េរី ឆ្នាំ ២០១៧ សេ ១២៥ ពណ៌ខ្មៅ​ ពាក់​ស្លាក​លេខ ភ្នំពេញ​1GD-5850 តាមបណ្តោយផ្លូវ R6 ក្នុងទិសដៅពីលិចទៅកើត ។ ខណៈមកដល់ចំណុចកើតហេតុ​ ស្រាប់តែមានរថយន្តម៉ាកតូយ៉ូតា ហ៊ីលុច្ស វីហ្គោ ពណ៌ទឹកមាស​ បើក​តាមបណ្តោយផ្លូវR6 ក្នុងទិសដៅពីត្បូងទៅជើង ​យ៉ាងលឿនបានបុកជាមួយម៉ូតូពេញទំហឹងបណ្តាល​ឲ្យ​បុរសម្នាក់រងរបួសធ្ងន់បាក់ជើងត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ និង​ម្នាក់ទៀតបោកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ​ ។ ចំណែក​រថយន្តព្យាយាមបើករត់គេចខ្លួន តែ​មាន​ពលរដ្ឋដេញថតបាន​ស្លាក​លេខរថយន្ត។

បន្ទាប់ពីកើតហេតុ ម៉ូតូជនរងគ្រោះត្រូវ​បញ្ជូន​ទៅ​ការិយាល័យ​ចរាចរ​ផ្លូវ​គោក​រាជធានី​ភ្នំពេញ​ រង់ចាំបងប្អូនជនរងគ្រោះយកឯកសារមកទទួលវិញ រីឯ​សព​ត្រូវ​បាន​ប្រគល់​ជូន​សាច់ញាតិ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​ ​។ ចំណែកឯរថយន្តបង្កហេតុ ពេលនេះសមត្ថកិច្ចបាននិងកំពុងស្រាវជ្រាវ​តាមរយៈស្លាកលេខដែលពលរដ្ឋថតបាននេះហើយ ជ្រោយពេជ្រ


ចែករំលែក៖