ព័ត៌មានទាន់ហេតុការណ៍៖

រ៉ឺម៉កកង់៣បត់ឆ្វេងមិនប្រយ័ត្ន ម៉ូតូមកពីក្រោយបុកពេញទំហឹងរបួសធ្ងន់២នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរស២នាក់បានរងរបួសធ្ងន់ទាំងសងខាង ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូរ៉ឺម៉កកង់បី បត់ឆ្វេងមិនប្រយ័ត្ន បុកម៉ូតូហុងដាសេ១២៥ មកពីក្រោយ ស្របទិសគ្នា ពេញទំហឹងលាន់ដូចរន្ទះ កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង១០និង៤៥នាទីយប់ នៅចន្លោះគីឡូម៉ែត្រលេខ១៦៦-១៦៧ ស្ថិតក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

យោងតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានឲ្យដឹងថា បុរសដែលបើកម៉ូតូរ៉ឺម៉កកង់៣បង្កហេតុមានឈ្មោះសំ រតនា អាយុ៤០ឆ្នាំ ជនជាតិខ្មែរមុខរបរ រត់ម៉ូតូកង់បី រស់នៅភូមិគោកល្វៀង សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង ។

ចំណែកបុរសរងគ្រោះ មិនត្រូវបានស្គាល់ឈ្មោះនោះទេ ក្រោយកើតហេតុត្រូវបានក្រុមគ្រួសារដឹកមកកាន់មន្ទីរពេទ្យបង្អែកខេត្តស្វាយរៀងភ្លាមៗ ។

តាមសាក្សីបានឲ្យដឹងថា មុនកើតហេតុ មានបុរសម្នាក់បានជិះម៉ូតូកង់បីមួយគ្រឿង ម៉ាកស៊ីរ៉ុស ពណ៌ក្រហម-ខ្មៅ ស្លាកលេខគ្មានក្នុងទិសដៅពីកើតទៅលិច ចន្លោះគីឡូម៉ែត្រលេខ ១៦៦-១៦៧ លុះមកដល់កន្លែងកើតហេតុខាងលើ ស្រាប់តែបាន បត់ឆ្វេងខ្វះការប្រុងប្រយ័ត្ន ក៏មានម៉ូតូមួយគ្រឿងម៉ាកហុងដាសេ ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត 1M-5617 បើកបរដោយបុរសម្នាក់ក្នុងទិសដៅស្របគ្នាចាប់ហ្វ្រាំងមិនទាន់ ក៏បុកពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់ទាំងសងខាងបង្កការភ្ញាក់ផ្អើលតែម្ដង ។

បច្ចុប្បន្នបុរសជនរងគ្រោះបើកបរម៉ូតូហុងដាត្រូវបានបញ្ជួនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង និងអ្នកបើកបរម៉ូតូកង់បី ដែលរងរបួសធ្ងន់ដូចគ្នាបញ្ជួនទៅព្យាបាលនៅប្រទេសវៀតណាម ។

រីឯវត្ថុតាងម៉ូតូទាំង២គ្រឿងត្រូវបានសមត្ថកិច្ចមូលដ្ឋានវាស់វែង និងអូសមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត ដើម្បីបំពេញសំណុំរឿងតាមនីតិវិធី ៕ យឹម សុថាន


ចែករំលែក៖