ព័ត៌មានទាន់ហេតុការណ៍៖

លាក់​កាំបិត និង​ពូថៅ​បម្រុងធ្វើសកម្មភាពនគរបាលក្របួចដាក់ខ្នោះ

ចែករំលែក៖

ខេត្តពោធិ៍សាត់​៖ ជនសង្ស័យ​ក្មេង​ទំនើងចំនួន ២នាក់ លាក់​អាវុធ​កាំបិត និង​ពូថៅ​បម្រុងធ្វើសកម្មភាព ប៉ុន្តែ​បានបែកការណ៍ក៍ត្រូវកម្លាំងនគរបាលក្របួចដាក់ខ្នោះទាន់ពេលវេលា។​

ប្រតិបត្តិការ​ខាងលើ​ធ្វើឡើង​នៅវេលា​ម៉ោង​១​១ និង​២៥នាទី ព្រឹក​ថ្ងៃសុក្រ ៦កើត ខែបុស្ស ឆ្នាំ​ច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ​២០១៩ ត្រង់ចំណុចមុខសាលាកូរ៉េ(ចាន់ សេងឌីម) ស្ថិតក្នុង​ភូមិព្រៃស្វាយ ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់​។​

ប្រភព​ពីអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនសង្ស័យ​ក្មេង​ទំនើងត្រូវបានបង្រ្កាបទី១ ឈ្មោះ រី សីហា ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ រស់នៅ​ភូមិអង្គាញ់ ឃុំមេទឹក ស្រុកបាកាន និង​ទី២ ឈ្មោះ ផេង ផែន ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ រស់នៅ​ភូមិ.ឃុំជាមួយគ្នា រួម​ទាំង​ម៉ូតូ ១គ្រឿង​ម៉ាក ហុង​ដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១៦ ពណ៏ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1V 5374។​

ប្រភព​ខាងលើ​បន្ត​ថា ក្នុងកិច្ចប្រត្តិបត្តិការនោះ កម្លាំងបាននាំជនសង្ស័យក្មេងទំនើងទាំង ២នាក់ ទៅចង្អុលបង្ហាញទីតាំងដែលពួកគេលាក់ទុកអាវុធ(កាំបិត និង​ពូថៅ​) ក្នុងគោលបំណងមិនល្អអ្វីមួយប៉ុន្តែមិនបានសម្រេច ដោយបែកការណ៍ទើបកម្លាំងយើងធ្វើការបង្រ្កាបបានទាន់ពេល។​

ប្រភព​ដដែល​បន្ត​ទៀត​ថា ជនសង្ស័យ​ក្មេង​ទំនើងរួមទាំងវត្ថុតាង កាំបិតពូថៅ និង​សម្ភារ​មធ្យោបាយ បាននាំយកទៅបន្តនីតិវិធីនៅអធិការដ្ឋាននគរបាលស្រុកបាកាន៕ ប៉ឹម ពិន


ចែករំលែក៖