ព័ត៌មានទាន់ហេតុការណ៍៖

លួចម៉ូតូបានហើយតែរត់មិនរួចម្ចាស់តាមទាន់ចាប់ប្រគល់ឲ្យសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពលួចម៉ូតូរបស់គេបានហើយ តែរត់មិនរួច ម្ចាស់តាមទាន់ចាប់ប្រគល់ឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលគោកឃ្លាង ។

ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង ០៤ និង៣០នាទីរសៀល នៅចំណុរោងលក់ទឹកត្នោតជូរ ផ្លូវបេតុង ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ក្រុងភ្នំពេញ ។

ជនសង្ស័យ ឈ្មោះ ចាន់ ស្មី ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល សង្កាត់ស្រះចក ខណ្ឌដូនពេញ (មានសារធាតុញៀន) ។ ចំណែកជនរងគ្រោះ ឈ្មោះ សេង មុន ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ១៧ ផ្លូវលំ ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។

សម្ភារបន្សល់ទុក ៖ ម៉ូតូចំនួន០១គ្រឿង ម៉ាកហ្សូមមឺរ ពណ៌ក្រហមលាយស ផលិតឆ្នាំ២០១៧ ពាក់ស្លាកលេខ ភ្នំពេញ 1GQ-0650 ត្រូវសមត្ថកិច្ចប្រគល់ឲ្យជនរងគ្រោះវិញ ។

សមត្ថកិច្ចប្រាប់ថា៖ មុនេពេលកើតហេតុ ជនរងគ្រោះបានទុកម៉ូតូរបស់ខ្លួននៅរោងលក់ទឹកត្នោតជូរចំណុចកើតហេតុខាងលើដោយមានចាក់សោរម៉ូតូត្រឹមត្រូវ រួចក៏ដេកលក់ លុះដល់ម៉ោងកើតហេតុ ជនរងគ្រោះក្រោកពីដេកមិនឃើញម៉ូតូក៏បាននាំគ្នាដើររក ដល់មុខផ្សារឈូកមាស ផ្លូវ២០១១ ឃើញជនសង្ស័យខាងលើកំពុងបណ្តើរម៉ូតូរបស់ខ្លួន ភ្លាមនោះជនរងគ្រោះបានស្រែកថាចោរៗ ភ្លាមនោះកម្លាំងល្បាតប៉ូស្តិ៍គោកឃជឃ្លាងឃើញឃាត់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាង យកមកសាសួរ នៅប៉ុស្តិ៍រដ្ឋបាលគោកឃ្លាង រួចជនរងគ្រោះបានដាក់ពាក្យបណ្តឹងចោទប្រកាន់ជនសង្ស័យតែម្តង ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕ តុង សីហា


ចែករំលែក៖