ព័ត៌មានទាន់ហេតុការណ៍៖

ល្បួងក្មេងស្រីអាយុ១០ម្នាក់យកទៅចាប់រំលោភហើយគេចខ្លួន៥ឆ្នាំត្រឡប់មកវិញ ស្មានតែសមត្ថកិច្ចភ្លេចខ្លួន

ចែករំលែក៖

ខេត្តបាត់ដំបង៖ ជនជាប់ចោទល្មោភកាមម្នាក់បានល្បួងក្មេងស្រីអាយុ១០ម្នាក់ នាំទៅចាប់រំលោភសេពសន្ថវៈ រួចរត់គេចខ្លួនទៅធ្វើការ នៅក្នុងប្រទេស​ថៃ អស់រយៈពេល៥ឆ្នាំ ហើយនឹកស្មានតែសមត្ថកិច្ចភ្លេចខ្លួន ក៏លបវិលត្រឡប់ចូលស្រុកវិញ តែទីបំផុតត្រូវសមត្ថកិច្ចចាប់ខ្លួន​​បាន កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨ នៅក្នុងផ្ទះរបស់គេ ស្ថិតក្នុងភូមិបាណន់ ឃុំកន្ទឺ២ ស្រុកបាណន់ ខេត្តបាត់ដំបង។

នាយរងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោក កង សុផាណ្ណា បានឲ្យប្រភពព័ត៌មានដឹងថា ជនជាប់ចោទ ជាប់ពាក់ព័ន្ធនឹងករណីប្រទូស្ដកេរ្ដិ៍ ហើយត្រូវសមត្ថកិច្ចឃាត់ខ្លួននោះ ឈ្មោះ ហៀប វិត ហៅឆើញ អាយុ៣០ឆ្នាំ មានលំនៅក្នុងភូមិបាណន់ ស្រុកកន្ទឺ២ ស្រុកបាណន់ ខេត្តបាត់ដំបង។ រីឯការឃាត់ខ្លួនជនជាប់ចោទខាងលើនេះ គឺសមត្ថកិច្ចធ្វើឡើង តាមដីកាដីកាបង្គាប់ឱ្យចាប់ខ្លួន លេខ១៤៥ ចុះថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦ ចេញដោយលោក ធ្ធាំ ប៊ុណ្ណា ចៅក្រមជំនុំជម្រះ នៃសាលាដំបូងខេត្តបាត់ដំបង បានចោទប្រកាន់ជននេះ ពីបទប្រទូស្ដកេរ្ដិ៍ (លូកប្រដាប់ក្មេងស្រីរងគ្រោះ) ដែលបានប្រព្រឹត្ដ នៅក្នុងភូមិបាណន់ ឃុំកន្ទឺ២ ស្រុកបាណន់ កាលពី​ថ្ងៃ​ទី​១៣ ​ខែកុម្ភ​: ឆ្នាំ២០១៣។

ប្រភពបានឲ្យដឹងថា កាលពីឆ្នាំ២០១៣នោះ ជនជាប់ចោទបានប្រើល្បិចល្បួងក្មេងស្រីរងគ្រោះ អាយុ១០ឆ្នាំ នាំទៅរំលោភ។ ប៉ុន្តែការរំលោភរបស់គេមិនបានស៊ីជម្រៅទេ ដោយគ្រាន់តែលូកលេងប្រដាប់ភេទរបស់នាង។ បន្ទាប់ពីរឿងអាស្រូវនេះបែកការដឹងដល់អាណាព្យាបាល ទើបមានការប្ដឹងផ្ដល់ទៅដល់តុលាការ ទើបធ្វើឲ្យជនសង័្សយភ័យ រត់ទៅសំងំលាក់ខ្លួន និងធ្វើការនៅក្នុងប្រទេសថៃ អស់រយៈពេល៥ឆ្នាំ។ រីឯជនជាប់ចោទទំនងជាភ្លេចខ្លួន ក៏បានលបចូលមកក្នុងប្រទេសកម្ពុជាវិញ ហើយសំងំលាក់ខ្លួន នៅក្នុងភូមិស្រុករបស់គេបានរយៈពេល២ខែ តែក្រោយមក សមត្ថកិច្ចបានស៊ើបដឹង ក៏ចុះទៅឃាត់ខ្លួនតែម្ដង។

នគរបាលថា ជននេះបានរត់គេចខ្លួនបាត់ ទើបតុលាការកាត់ទោសកំបាំងមុខ និងផ្តន្ទាទោសដាក់ពន្ធនាគារ រយៈពេល១ឆ្នាំពីបទ “ប្រទូស្តកេរ្តិ៍ភេទ” ដែលបានប្រពឹ្រត្ត កាលពីឆ្នាំ២០១៣ នៅក្នុងស្រុកភូមិរបស់គេ។

ក្រោយពេលឃាត់ខ្លួនបានភ្លាម សមត្ថកិច្ចបានបញ្ជូនជនជាប់ចោទ ទៅកាន់សាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការតាមច្បាប់ ពីព្រោះសំណុំរឿងនេះ មាននៅក្នុងដៃរបស់តុលាការ ៕


ចែករំលែក៖