ព័ត៌មានទាន់ហេតុការណ៍៖

សង្គ្រាមបានសម្លាប់កុមារ ជាង​១សែននាក់ ជារៀងរាល់ឆ្នាំ

ចែករំលែក៖

អំពើហិង្សា និងសង្គ្រាមស៊ីវិល​ នៅបណ្តាប្រទេសជាច្រើនជុំវិញពិភពលោក បានសម្លាប់កុមារ ជាង​១សែននាក់ ជារៀងរាល់ឆ្នាំ ។ អង្គការជួយសង្គ្រោះកុមារអន្តរជាតិ SCI ​នៅថ្ងៃទី​១៥ ខែកុម្ភៈបានបញ្ជាក់ថា មានកុមារជាច្រើនបានស្លាប់ដោយ សារជម្លោះប្រដាប់អាវុធ ។

តាមការលើកឡើងរបស់អង្គការខាងលើ ក្នុងចន្លោះពីឆ្នាំ២០១៣ និងឆ្នាំ២០១៧ ប្រទេសចំនួន១០ ដែលប៉ះពាល់ជាងគេ តាមការប៉ាន់ប្រមាណ គឺមានកុមារប្រហែល៥៥០,០០០នាក់ បានស្លាប់ ដោយសារតែជម្លោះប្រដាប់អាវុធ ។ សង្គ្រាមក្នុងប្រទេសទាំងនោះ ប៉ះពាលដល់កុមារជាខ្លាំង ដូចជាការអត់ឃ្លាន ការខូចខាតមន្ទីរពេទ្យ ហេដ្ឋារចនាសម្ព័ន្ធ កង្វះគាំពារសុខភាព និងអនាម័យ ព្រមទាំងការបដិសេធផ្តល់ជំនួយមនុស្សធម៌ជាដើម សុទ្ធតែជាមូលហេតុនាំឲ្យកុមារបាត់បង់ជីវិត ។

ជាមួយគ្នានេះ កុមារទាំងនោះប្រឈមការសម្លាប់, ពិការភាព, ការជ្រើសរើសឲ្យចូលបម្រើការជាកងប្រដាប់អាវុធ, ការចាប់ជំរិត និងការធ្លាក់ចូលក្នុងរណ្តៅនៃអំពើហិង្សាផ្លូវភេទផងដែរ ។ អង្គការមនុស្សធម៌អន្តរជាតិ បញ្ជាក់ថា កុមារត្រូវបានសម្លាប់ និងពិការភាពកើនឡើងជាងបីដង ។

អង្គការសង្គ្រោះកុមារអន្តរជាតិ អះអាងថា តាមការសិក្សាស្រាវជ្រាវ ទទួលស្គាល់ពីវិទ្យាស្ថានស្រាវជ្រាវសន្តិភាព Oslo បានរកឃើញថា កុមារ ៤២០ លាននាក់ រស់នៅតំបន់ដែលមានជម្លោះ ក្នុងឆ្នាំ២០១៧ ។ វាស្មើប្រហែល១៨ភាគរយ នៃកុមារទាំងអស់នៅទូទាំងពិភពលោក ដោយបានកើនឡើង ៣០លាននាក់ ធៀបនឹងឆ្នាំមុនៗ ។

ប្រទេសដែលប៉ះពាល់ខ្លាំងជាងគេ ចំពោះកុមារនោះ មានប្រទេសអាហ្វហ្គានីស្ថាន, សាធារណរដ្ឋអាហ្វ្រិកកណ្តាល, សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ, អ៊ីរ៉ាក់, ម៉ាលី, នីហ្សេរីយ៉ា, សូម៉ាលី, ស៊ូដង់ខាងត្បូង, ស៊ីរី និងយេមែន ។

អង្គការដដែលបញ្ជាក់ថា កុមារដែលប៉ះពាល់ដោយប្រយ៉ោលវិញ ក្នុងរយៈពេល៥ឆ្នាំ មានរហូតដល់៨៧០,០០០នាក់ ដោយក្នុងនោះ រួមបញ្ចូលកុមារអាយុក្រោម៥ឆ្នាំផងដែរ៕


ចែករំលែក៖