ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់២នាក់ និងងាប់សត្វពាហនៈ ១ក្បាល រងការខូចខាតផ្ទះ ៩ខ្នងដោយគ្រោះធម្មជាតិ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ យ៉ាងហោចមានមនុស្ស ២នាក់បាត់បង់ជីវិតយ៉ាងអាណោចអាធ័មជាបន្តបន្ទាប់ និងសត្វគោ ១ក្បាលទៀតបានងាប់ រួមទាំងផ្ទះសម្បែងប្រជាពលរដ្ឋចំនួន ០៩ខ្នងផងដែររងការខូចខាត ដោយសារគ្រោះធម្មជាតិខ្យល់កន្រ្តាក់លាយឡាំទៅផ្គររន្ទះ។

យោងតាមរបាយការណ៍នគរបាលស្រុកភ្នំក្រវាញបានបង្ហាញថា នារសៀលថ្ងៃអង្គារ ១កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨ ត្រង់ចំណុចអូរធំរាំខ្វាវ ស្ថិតក្នុងក្សត្របូរី ឃុំសន្រ្ទែ ស្រុកភ្នំក្រវាញ មានករណីរន្ទះបាញ់បណ្ដាលឲ្យស្រ្តីម្នាក់ស្លាប់បាត់បង់ជីវិតនៅនឹងកន្លែង ស្រ្តីរងគ្រោះឈ្មោះ អុល ធឿន អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ.ឃុំកើតហេតុខាងលើ នៅគ្រាដែលស្រ្តីរងគ្រោះកំពុងដើរដេញសត្វក្របីរបស់គាត់ ស្រាប់តែផ្ទៃមេឃពណ៏ខ្មៅ និងរលឹមស្រេចៗលាយឡាំទៅខ្យល់ ផ្គរ រន្ទះផងនោះ។

ដោយឡែក៖ នៅរសៀលថ្ងៃទី១៦ ខែឆ្នាំដដែល នៅចំណុចទួលប្រក្រេវ ស្ថិតក្នុងភូមិត្រាង ឃុំមេទឹក ស្រុកបាកានឯនេះវិញ បើយោងតាមរបាយការណ៍នគរបាលស្រុកបាកាន ក៍មានករណីគ្រោះធម្មជាតិ(ខ្យល់កន្រ្តាក់លាយឡាំទៅដោយផ្គររន្ទះ) បណ្ដាលឲ្យរន្ទះបាញ់សត្វពាហនៈ(គោ)ងាប់ ១ក្បាលផងដែរ រួមទាំងរងការខូចខាត របើកដំបូល ជញ្ជាំង ធ្លាក់ពីលើជើងតាងនូវសម្បែងផ្ទះប្រជាពចំនួន ០៩ខ្នងថែមទៀត។

របាយការណ៍នគរបាលស្រុកបាកានដដែលបន្តទៀតថា លុះនៅរសៀលថ្ងៃទី១៦ ខែឆ្នាំដដែលនេះដែរ នៅចំណុចទួលតាមុំ ស្ថិតក្នុងភូមិបឹងឈូក ឃុំបឹងបត់កណ្ដោល ស្រុកបាកានដដែល មានករណីរន្ទះបាញ់ផងដែរបណ្ដាលឲ្យបុរសជាប្ដីស្លាប់ និងប្រពន្ធរងរបួសធ្ងន់ បុរសជាប្ដីរងគ្រោះស្លាប់ឈ្មោះ ហេង ម៉ាញ អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ និងប្រពន្ធរងរបួសធ្ងន់ឈ្មោះ ម៉ុន រស្មី អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ ប្តីប្រពន្ធរស់នៅភូមិ.ឃុំកើតហេតុខាងលើ ហើយបានកើតឡើងនៅពេលពួកគាត់ដើរដេញសត្វពាហនៈ(ក្របី)ដែរ៕ បឹុម ពិន

 


ចែករំលែក៖