ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់ និងបាត់ខ្លួនជាច្រើននាក់ដោយគ្រោះទឹកជំនន់នៅជប៉ុន បង់ក្លាដេស និងចិន

ចែករំលែក៖

សារព័ត៌មានរ៉យទ័របានផ្សាយថា ភ្លៀងធ្លាក់យ៉ាងគំហុកវាយប្រហារ តំបន់ភាគខាងត្បូង ប្រទេសជប៉ុនរយៈពេល២ថ្ងៃមកនេះ ជាមួយនឹងគ្រោះថ្នាក់ ទឹកជំនន់នេះ បានបង្ខំឲ្យប្រជាពលរដ្ឋប្រមាណ៤ម៉ឺននាក់ ភៀសខ្លួនចេញពីផ្ទះសម្បែង ក្នុងនោះមានពលរដ្ឋ ចំនួន១១នាក់កំពុងបាត់ខ្លួន ។

ហេតុការណ៍អាក្រក់នេះ បានកើតឡើងនៅក្នុងខេត្តហ្វូគូកា តំបន់ភាគខាងត្បូង កោះ Kyushu ដែលត្រូវបានវាយប្រហារ ដោយទឹកភ្លៀងរយៈពេល៩ម៉ោងកាលពីថ្ងៃទី៥ ខែកក្កដា ។ ប្រភពព័ត៌មានខាងលើបានបានបញ្ជាក់ថា ក្នុងចំណោមមនុស្សចំនួន១១នាក់ កំពុងបាត់ខ្លួនក្នុងនោះមានក្មេងម្នាក់ ។

ក្រុមអ្នកជួយសង្គ្រោះចំនួន៧៥០០នាក់ រួមទាំងកងកម្លាំងប៉ូលីស ក្រុមពន្លត់អគ្គីភ័យ និងទាហានមកពីនាយកដ្ឋានស្វ័យការពារជប៉ុន បានចេញប្រតិបត្តិការជួយសង្គ្រោះ ជម្លៀងពលរដ្ឋចេញទៅកាន់កន្លែងមានសុវត្ថិភាព និងស្វែងរកអ្នកកំពុងបាត់ខ្លួនហើយអាចនឹងមានអ្នកស្លាប់ ដោយសារតែអ្នកកំពុងបាត់ខ្លួនទាំងនោះ ត្រូវបានគេសង្ស័យថា បានស្លាប់ ទៅហើយ ។

ដោយឡែក នៅក្នុងប្រទេស បង់ក្លាដេសវិញ មានពលរដ្ឋ ជាច្រើនបានរងគ្រោះដោយ ទឹកជំនន់បណ្តាលមកពីភ្លៀងធ្លាក់ខ្លាំង។ លោក Shah Kamal រដ្ឋលេខាធិការក្រសួងគ្រប់គ្រង់គ្រោះមហន្តរាយ និងជួយសង្គ្រោះនៅក្នុងប្រទេសបង់ក្លាដេសបានបញ្ជាក់ថា គ្រោះទឹកជំនន់បានបង្កផលប៉ះពាល់ដល់ពលរដ្ឋប្រមាណ៩០០.០០០នាក់ និងគ្រួសាររាប់ពាន់ត្រូវបានជម្លៀសចេញ ។

មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលបាននិយាយថា ក្រុមអាជ្ញាធរបានត្រៀមជាបន្ទាន់ចាត់ចែងក្រុមទទួលខុសត្រូវលើគ្រោះមហន្តរាយដើម្បីចេញអនុវត្តការងារ ចុះចែកចាយសម្ភារ ជួយសង្គ្រោះ និងផ្តល់មជ្ឈមណ្ឌលសម្រាប់ស្នាក់អាស្រ័យ ដែលមានជិត២.០០០គ្រួសារ បានរស់នៅក្នុងជម្រកបណ្តោះអាសន្ន ។

លោក Kamal បានបញ្ជាក់ថា “ពលរដ្ឋប្រមាណ៩០០.០០០នាក់ រងគ្រោះដោយសារទឹកជំនន់ ក្នុងស្រុកចំនួន៣” ។

ចំណែកនៅក្នុងខេត្ត Hunan ប្រទេសចិនវិញ មកទល់ពេលនេះ មានអ្នកស្លាប់ ៤៧នាក់ និង២២នាក់បាត់ខ្លួន ដោយសារគ្រោះទឹកជំនន់ ។ គ្រោះទឹកជំនន់នេះ បានបង្ខំឲ្យពលរដ្ឋ ប្រមាណ ជាង១,២លាននាក់ ចាកចេញពីលំនៅឋាន។ ផ្ទះជាង៣៨.០០០ខ្នងដួលរលំ និងដីស្រែចំការ ជិត៨៨០.០០០ហិកតា ត្រូវបានបំផ្លិចបំផ្លាញ។ កម្ពស់ទឹកនៅបឹង Dongting និងទន្លេមួយចំនួនបានកើនឡើងខ្លាំង ឈានដល់ការប្រកាសអាសន្ន។

នៅក្នុងតំបន់ Guangxi វិញ ភ្លៀងបានធ្លាក់ចុះខ្លាំង ចាប់តាំងពីថ្ងៃអាទិត្យ បានសម្លាប់មនុស្ស អស់២០នាក់ និងបាត់ខ្លួន១៤នាក់ ផ្ទះប្រមាណ២០.០០០ខ្នងរលំ ឬបំផ្លិចបំផ្លាញ៕ ម៉ែវ សាធី


ចែករំលែក៖