ព័ត៌មានទាន់ហេតុការណ៍៖

ឡើងជែងមិនផុតក្រឡាប់ស្លាប់ម្នាក់របួសធ្ងន់ស្រាលជាង៥០នាក់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ រថយន្ត១គ្រឿងផ្ទុកកម្មការិនីពេញទ្រុង ដឹកទៅធ្វើការតាមរោងចក្រ ស្រាប់តែចៃដន្យអាក្រក់ បានផ្ទុះកង់ម្ខាងរួចរេចង្កូតជ្រុលបុករថយន្តយោធា១គ្រឿងទៀត កំពុងបើកបញ្ច្រាសទិសចំពីមុខ រេក្រឡាប់ធ្លាក់ចេញពីផ្លូវ បណ្តាលឲ្យកម្មការិនីម្នាក់ស្លាប់ និង៥៣នាក់ទៀតរងរបួសធ្ងន់។

គ្រោះថ្នាក់នេះ បានកើតឡើងកាលពីម៉ោង៦ និង២០នាទីព្រឹកថ្ងៃសុក្រ ៥រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៧ លើផ្លូវជាតិលេខ៤១ចន្លោះគីឡូម៉ែត្រលេខ២៦-២៧ក្នុងភូមិអណ្តូងច្រុះ ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

ប្រភពព័ត៌មានពីប៉ូលិសចរាចរណ៍ បានឲ្យដឹងថា រថយន្តដឹកកម្មការិនី ម៉ាកហុីយ៉ាន់ដាយ ព៌ណសឆ្នូតខៀវ ពាក់ស្លាកលេខភ្នំពេញ 2AG-៥៤១១ អ្នកបើកបរមិនទាន់ស្គាល់ឈ្មោះ ក្រោយកើតហេតុ បានគេចខ្លួន។ចំណែករថយន្តយោធាម៉ាកKIA ព៌ណត្រេអុីពាក់ស្លាកលេខខេមរភូមិន្ទ 1-3-5637 អ្នកបើកបរមិនស្គាល់ឈ្មោះ ក្រោយកើតហេតុ បានគេចខ្លួន។ដោយឡែកជនរងគ្រោះ ប៉ូលិស កំពង់ស្រាវជ្រាវអត្តសញ្ញាណ។

ប្រភពព៌័តមានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តដឹកកម្មការិនី បើកពីត្បូងទៅជើង ។លុះដល់កន្លែងកើតហេតុ រថយន្តរងគ្រោះឡើងជែងឡានវែនមួយគ្រឿងដែលស្របទិសគ្នាតែជែងមិនផុតគាប់ជួនមានឡានទាហហានមកបញ្រ្ចាសទិសគ្នាក៏ប៉ះបណ្តាលឲ្យផ្ទុះកង់ម្ខាងរួច បណ្តាលឲ្យរថយន្តហុីយ៉ាន់ដាយ រេធ្លាក់ចេញពីថ្នល់ជាតិ ក្រឡាប់ចាក់កម្មការិនីដួលរេលពេញវាល បណ្តាលឲ្យស្លាប់ម្នាក់ របួសធ្ងន់៥៣នាក់។

ក្រោយកើតហេតុ ប៉ូលិសមូលដ្ឋាន បានមកដល់កន្លែងកើតហេតុ ប្រញាប់ដឹកបញ្ជូនជនរងគ្រោះ មកមន្ទីរពេទ្យ ដើម្បីសង្រ្គោះជីវិត។ចំណែករថយន្តទាំង២គ្រឿង សមត្ថកិច្ច ដកហូតយកមករក្សាទុកនៅស្នងការដ្ឋាន ដើម្បីស្រាវជ្រាវ រកអត្តសញ្ញាណអ្នកបើកបរ មកដោះស្រាយតាមក្រោយ។

លោកចឹក បូរិន ប្រធានមន្ទីរការងារខេត្តកំពង់ស្ពឺ បានប្រាប់ថា ចំពោះហេតុការណ៍អាក្រក់នោះបណ្តាលឲ្យកម្មការិនីម្នាក់ស្លាប់បាត់បង់ជីវិតនិង៥៣នាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាល។

លោកចឹក បូរិន បន្តថា អ្នកឲ្យស្លាប់ ០១នាក់សាច់ញាតិទទួកយកទៅធ្វើបុណ្យ និងអ្នករបួសធ្ងន់ ១៦នាក់ អ្នករបួសស្រាល ៣៦នាក់ ដោយឡែកអ្នករបួសធ្ងន់ត្រូវបញ្ជូនទៅ មន្ទីរពេទ្យភ្នំពេញ៧នាក់ និងបញ្ជូនទៅពេទ្យខេត្ត៨នាក់។ ក្រៅពីនោះកំពុងសម្រាកព្យាបាលនៅមន្ទីរនៅមន្ទីរពេទ្យបង្អែកស្រុកគងពិសី ២៥នាក់ ៕ សេនាស័ក្តិ


ចែករំលែក៖