ព័ត៌មានទាន់ហេតុការណ៍៖

អតីតអ្នកចាំទី Barcelona ម្នាក់ប្រកាសចូលនិវត្តន៍ពីអាជីពបាល់ទាត់

ចែករំលែក៖

អ្នកចាំទី Victor Valdes វីរបុរសក្លិបអ្នកមានបុណ្យ Barcelona បានប្រកាសចូលនិវត្តន៍ពីពិភពបាល់ទាត់ហើយក្រោយពីកីឡាកររូបនេះបានសរសេរនៅលើគណនី Twitter ផ្លូវការរបស់ខ្លួនថា “អរគុណសម្រាប់អ្វីៗគ្រប់យ៉ាង”។ ក្រោយពីបង្ហោះបែបនេះរួច កីឡាកររូបនេះបានធ្វើការលុបចោលនូវគណនីបណ្ដាញទំនាក់ទំនងសង្គមមួយនេះ ហើយក៏បានលុបចោលនូវរូបទាំងអស់នៅក្នុងគណនី Instagram របស់ខ្លួនផងដែរ។

រហូតមកទល់ពេលនេះ មិនទាន់មានប្រភពណាថ្លែងពីមូលហេតុនៃការផ្ដាច់ចេញបណ្ដាញទំនាក់ទំនងសង្គមរបស់អតីតអ្នកចាំទី Valdes ក្រោយពីប្រកាសចូលនិវត្តន៍នេះឡើយ។

កាលពីឆ្នាំ ២០១៥ កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះធ្លាប់បានថ្លែងប្រាប់ថា “នៅពេលដែលខ្ញុំបញ្ចប់អាជីពនេះទៅ ខ្ញុំនឹងចំណាយពេលរបស់ខ្ញុំជាមួយកូនៗរបស់ខ្ញុំ និងបង្ហាត់បង្រៀនពួកគេទាក់ទងនឹងមេរៀននៃជីវិត។ អ៊ីចឹងពេលដែលខ្ញុំចូលនិវត្តន៍ ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងមានភាពលំបាកក្នុងការស្វែងរកខ្ញុំ” ។

សូមបញ្ជាក់ថា Valdes មានភាពជោគជ័យនៅពេលលេងឲ្យក្លិបអ្នកមានបុណ្យ Barcelona ជាផ្លូវការកាលពីឆ្នាំ២០០២ ដល់ឆ្នាំ ២០១៤ ដោយក្នុងអំឡុងពេលនេះកីឡាកររូបនេះ បានឈ្នះពានជាច្រើន។ ក្រោយពីចាកចេញពីក្លិប អាជីពរបស់Valdes ហាក់មិនសមប្រកបឡើយ។ អតីតអ្នកចាំទីរូបនេះបានទៅចូលរួមជាមួយក្លិប Manchester United ក្នុងឆ្នាំ២០១៥ តែលេងនៅទីនោះបានតែ២ប្រកួតប៉ុណ្ណោះ មុនពេលចេញទៅលេងឲ្យក្លិបបែលហ្ស៊ិក Standard Liege។

រហូតដល់ពាក់កណ្ដាលឆ្នាំ២០១៦ Valdes បានទៅលេងឲ្យក្លិប Middlesbrough របស់អង់គ្លេសមុនពេលបញ្ចប់កុងត្រាជាមួយក្លិបដែលបានធ្លាក់ទៅលីកលំដាប់ពីររបស់អង់គ្លេសកាលពីពាក់កណ្ដាលឆ្នាំ២០១៧ ហើយអតីតអ្នកចាំទីរូបនេះអត់មានក្លិបលេងតាំងពីពេលនោះមករហូតដល់រូបគាត់ប្រកាសចូលនិវត្តន៍ ៕ ដេវីត


ចែករំលែក៖