ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរស្រុកអណ្តូងមាសចុះផ្អាកការជីកស្រះរបស់ក្រុមហ៊ុនចិនបំពានដីចំណីអូរធម្មជាតិ

ចែករំលែក៖

ខេត្តរតនគិរី ៖ រដ្ឋបាលស្រុកអណ្តូង មាសកាលពីថ្ងៃព្រហស្បតិ៍ ២កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ត្រូវនឹងថ្ងៃ ទី៧ ខែមីនា ឆ្នាំ២០១៩ បានសម្រេចចុះផ្អាកសកម្មភាពសាងសង់សំណង់និងជីកស្រះរបស់ក្រុមហ៊ុនចិនដែលបំពានដីចំណីអូរធម្មជាតិ ស្ថិតក្នុងភូមិណាយ ឃុំញ៉ាង ស្រុកអណ្ដូងមាស ខេត្តរតនគិរី បន្ទាប់ពីមានក្តីបារម្ភរបស់អ្នកភូមិពីការគ្មានទឹកប្រើ ប្រាស់ដែលបណ្តាលមកពីការសាងសង់ សំណង់រឹងនិងជីកស្រះនៅក្បែរមាត់អូរណាយ ដែលអ្នកភូមិធ្លាប់ប្រើប្រាស់តាំង ពីដូនតាមក ។

តាមរបាយការណ៍ដែលរដ្ឋបាលសាលា ស្រុកអណ្តូងមាសផ្ញើជូនលោក ថង សាវុន អភិបាលខេត្តរតនគិរីបានបញ្ជាក់ថា សកម្មភាពសាងសង់សំណង់ និងកាយ ស្រះពីសំណាក់ជនជាតិចិនខាងលើនោះ គឺពុំមានលិខិតអនុញ្ញាតឡើយ ដោយអនុ វត្តតាមបញ្ជារបស់ម្ចាស់ឈ្មោះ ផាង វិសាល ជនជាតិចិន ហើយដីនោះក៏ពុំមានបណ្ណ សម្គាល់កម្មសិទ្ធិដែលទទួលស្គាល់ដោយអាជ្ញាធរ និងជំនាញពាក់ព័ន្ធឡើយ ។

តាមការពិនិត្យជាក់ស្តែងឃើញថា ការជីកស្រះធ្វើឡើងនៅលើច្រប់ជាប់ព្រំដីមានចំងាយពីអូរប្រមាណ២៥ម៉ែត្រសម្រាប់ប្រើប្រាស់ស្រោចចម្ការរចេកដែលម្ចាស់ចម្ការកំពុងត្រៀមដាំនាពេលខាងមុខហើយ ចំពោះទឹកអូរដែលល្អក់គឺបណ្តាលមកពី ការជីកកាយអាចម៍ដីធ្លាក់ចូលទៅក្នុងអូរ ទើបទឹកអូរល្អក់រយៈពេលខ្លីប៉ុណ្ណោះតែមិនបណ្តាលឲ្យល្អក់ជាអចិន្ត្រៃយ៍នោះឡើយ (ស្រះមានទំហំ៥០ម៉ែត្រគុណនឹង៦០ ម៉ែត្រ)។

ជាលទ្ធផលចំពោះករណីខាងលើ ក្រុមការងារបានណែនាំឲ្យមេការឈ្មោះ LEO VAI ធ្វើកិច្ចសន្យាបញ្ឈប់ការសាងសង់ និងការជីកស្រះជាបន្ទាន់ ហើយត្រូវតែស្នើសុំអនុញ្ញាតច្បាប់សាងសង់ពីជំនាញពាក់ព័ន្ធ ទើបអាចបន្តការសាងសង់និងជីក ស្រះនេះបន្តទៀតបាន។

សូមរម្លឹកថា កាលពីរសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩ មានករណីក្រុមហ៊ុនចិនមួយបានសាងសង់សំណង់រឹង និងជីក ស្រះក្បែរមាត់អូរណាយជាអូរធម្មជាតិ ដែលអ្នកភូមិក្នុងតំបន់ ធ្លាប់រស់នៅប្រើប្រាស់ទឹកអូរនោះជាប្រចាំតាំងពីដូនតាមកធ្វើឲ្យធ្លាប់អាចម៍ដីចូលក្នុងអូរបណ្តាលឲ្យទឹកប្រែជាល្អក់ប្រើប្រាស់លែងកើតបង្កជាក្តី កង្វល់ដល់ប្រជាពលរដ្ឋខ្លាចក្រែងទឹកអូរ រីងស្ងួត គ្មានទឹកប្រើប្រាស់ទៅថ្ងៃខាងមុខ។

ក្នុងអំឡុងពេលនោះមានអ្នកបកប្រែឲ្យជនជាតិចិនម្នាក់បានចេញមុខមកអះអាងថា ដីដែលគេកំពុងជីកស្រះគឺមានច្បាប់ គ្រប់គ្រាន់រហូតដល់ក្នុងអូរដូចឃើញបង្គោលនៅបាតអូរស្រាប់។ អ្នកបកប្រែរូបនោះ បានបញ្ជាក់ទៀតថា ការសាងសង់សំណង់ និងជីកស្រះ គឺពួកគេធ្វើលើដីគេស្របច្បាប់ ដោយមានការអនុញ្ញាតពីភូមិបាល និង អាជ្ញាធរមូលដ្ឋានត្រឹមត្រូវ ។

លោក សយ សុខហឿន ប្រធានភូមិបាល ស្រុកអណ្ដូងមាសបានឲ្យដឹងថា ដីក្រុម ហ៊ុនចិននៅចំណុចខាងលើនោះលោកមិនទាន់ចេញប្លង់ឲ្យបានត្រឹមត្រូវនោះទេ ហើយការសាងសង់សំណង់និងជីកស្រះ នេះ គឺបំពានច្បាប់ទាំងស្រុងហើយ ពីព្រោះការសាងសង់សំណង់រឹង និងជីក ស្រះក្នុងអូរខាងក្រុមហ៊ុនចិនមិនបានសុំ ច្បាប់ ឬជូនដំណឹងដល់ខាងជំនាញឡើយ។

ចំណែក លោក ចាន់ ប៊ុនធឿន ប្រធានមន្ទីរធនធានទឹកខេត្តរតនគិរីបានឲ្យដឹងថា លោកមិនទាន់ទទួលបានដំណឹងថា មាន ក្រុមហ៊ុនចិនមកជីកស្រះនិងមានបំណង បិទអូរនោះទេ ។ លោកបញ្ជាក់ថាមិនមាន ច្បាប់ណាមួយអនុញ្ញាតឲ្យជីកស្រះឬទប់អូរ ដោយមិនមានការសិក្សាពីផលប៉ះ ពាល់ពីមន្ត្រីជំនាញជាមុននោះទេ ។ ម្យ៉ាងវិញទៀតការសិក្សានោះទៀតសោត ត្រូវសិក្សាថាមានផលប៉ះពាល់អ្វីខ្លះទៅ ប្រជាពលរដ្ឋនៅពេលដែលគេជីកស្រះ និងបិទអូរនោះ។ មិនមែនជីកស្រះនិងទប់អូរទុកឲ្យប្រជាពលរដ្ឋរងគ្រោះហើយបែរជាក្រុមហ៊ុនទទួលបានផលប្រយោជន៍តែម្នាក់ឯងនោះឡើយ៕ ហេង នរិន្ទ្រ


ចែករំលែក៖