ព័ត៌មានទាន់ហេតុការណ៍៖

អាវុធហត្ថសហការគ្នាព័ទ្ធនិងបង្រ្កាបទីតាំងលាក់ទុកឈើប្រភេទប្រណីតខុសច្បាប់ ២កន្លែងនៅខេត្តពោធិ៍សាត់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ លោក វរសេនីយ៍ទោ ញឹម នី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ដឹកនាំកម្លាំងចុះសហការជាមួយកម្លាំងស្រាវជ្រាវ និងបង្រ្កាបបទល្មើសធន់ធានធម្មជាតិ រកឃើញ និងដកហូតនូវឈើប្រភេទប្រណីត(គ្រញូង និងធ្នង់) ជាច្រើនប្រគល់ឲ្យមន្រ្តីជំនាញ ដើម្បីអនុវត្តបន្តតាមនីតិវតាមច្បាប់ស្តីពីរដ្ឋបាលព្រៃឈើ។

ប្រតិបត្តិការខាងលើធ្វើឡើងកាលពីព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៧ ត្រង់ចំណែកផ្ទះមួយកន្លែង ស្ថិតក្នុងភូមិ.ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

លោក វរសេនីយ៍ទោ ញឹម នី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ដែលបានដឹកនាំកំលាំងចុះក្នុងប្រតិបត្តិការនេះ និងមានការសម្របសម្រួលពីតំណាងអាយ្យកានៃសាលាដំបូងខេត្តផងនោះបានឲ្យដឹងតាមទូរស័ព្ទថា នៅព្រឹកថ្ងៃខាងលើកម្លាំងដកហូតឈើប្រភេទក្រៅលំដាប់ថ្នាក់ និងឈើប្រណីតធ្នង់ និងគ្រញូងជាច្រើនដុំ ក្នុងនោះឈើប្រភេទ(រាជកុល) ១២សន្លឹក ស្មើរនឹង ៣.៥០០ម៉ែត្រត្រីគុណ ឈើប្រភេទប្រណីត(ធ្នង់) ៣០ដុំ មានទម្ងន់ ៥៧៨គីឡូូក្រាម ស្មើរនឹង ០,៤២៨ម៉ែត្រត្រីគុណ និងឈើប្រភេទប្រណីត(គ្រញូង) ៣០៨ដុំ មានទម្ងន់ ៦៨៥គីឡូក្រាម ស្មើរនឹង ០,៥៦៨ម៉ែត្រត្រីគុណ។

លោក វរសេនីយ៍ទោ ញឹម នី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តដែលដឹកនាំកម្លាំងបន្តថា ចំពោះវត្ថុតាងត្រូវបានបង្រ្កាប និងដកហូតបានយកទៅប្រគល់ឲ្យមន្រ្តីបរិស្ថានទីចាត់ការដែនជំរកសត្វព្រៃភ្នំសំកុស ដើម្បីចាត់ចែង និងអនុវត្តបន្តតាមនីតិវិធី ចំណែកម្ចាស់ផ្ទះជំនាញកងរាជអាវុធហត្ថកំពុងបន្តនីតិវិធីនៅឡើយ។

លោក មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ដែលបានដឹកនាំកម្លាំងក្នុងកិច្ចប្រតិបត្តិការខាងលើបន្តទៀតថា លុះដល់រសៀលថ្ងៃដដែលកម្លាំងបានឡោមព័ទ និងបង្រ្កាបទីតាំងមួយកន្លែងទៀត ស្ថិតក្នុងភូមិវត្តរំដួល ឃុំផ្ទះរុង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ក្នុងនោះកម្លាំងបានរកឃើញ និងដកហូតនូវវត្ថុតាំងឈើប្រភេទប្រណីត(ធ្នង់) ២០៧ដុំ មានទម្ងន់ ២០២០គីឡូក្រាម ស្មើរនឹង ១,៦១៦ម៉ែត្រីត្រីគុណ ហើយវត្ថុតាងឈើប្រភេទប្រណីត(ធ្នង់)ទាំងអស់បានយកទៅរក្សាទុក និងបន្តនីតិវិធីនៅសង្កាត់រដ្ឋបាលព្រៃឈើសំរោង៕ បឹុម ពិន


ចែករំលែក៖