ព័ត៌មានទាន់ហេតុការណ៍៖

សាកលវិទ្យាល័យស្វាយរៀងបង្កើតកម្មវិធី ប្រកួតប្រជែងគំរូអាជីវកម្មដល់និស្សិតដើម្បីចូលរួមបង្ហាញពីសមត្ថភាព

ចែករំលែក៖

ខេត្តស្វាយរៀង៖ នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣ មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម នៃសាកលវិទ្យាល័យស្វាយរៀង បានរៀបចំ និងសម្របសម្រួលកម្មវិធី “ប្រកួតប្រជែងគំរូអាជីវកម្មរបស់និស្សិតសាកលវិទ្យាល័យស្វាយរៀង” វគ្គផ្តាច់ព្រ័ត្រ ក្រោមអធិបតីភាព លោកសាស្រ្តាចារ្យ ទុំ សារាវុធ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យស្វាយរៀង។

កម្មវិធីនេះមានក្រុមនិស្សិតត្រូវចូលរួមប្រកួតផ្តាច់ព្រ័ត្រនេះ ចំនួន ០៥ក្រុម ជាក្រុមជម្រើសចុងក្រោយ  និងមានការចូលរួមចូលរួមពីគណៈគ្រប់គ្រង លោកគ្រូ-អ្នកគ្រូ និសិ្សតកំពុងសិក្សា អតីតនិស្សិត  និងភ្ញៀវកិត្តិយស សរុបប្រមាណ ៤៥០នាក់ នៅសាលប្រជុំធំនៃសាកលវិទ្យាល័យស្វាយរៀង។

លោក មុំ កេត ព្រឹទ្ធបុរសមហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម នៃសាកលវិទ្យាល័យ ស្វាយរៀង បានលើកឡើងក្នុងពិធីបើកដំណើរការប្រកួតផ្តាច់ព្រ័ត្រនេះថា ស្ថិតក្នុងបរិបទសេដ្ឋកិច្ចឌីជីថល និងចក្ខុវិស័យកម្ពុជា ២០៣០ ប្រែក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ ២០៥០ ជាប្រទេសដែលមានចំណូលខ្ពស់ ការលើកកម្ពស់គុណភាពធនធានមនុស្សជាវិស័យអាទិភាពមួយដើម្បីជំរុញកំណើនសេដ្ឋកិច្ច។

លោកបានបន្តថា មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម បានអនុវត្តនូវបេសកកម្មរបស់ខ្លួនគឺ ការបណ្តុះបណ្តាលនិស្សិត និងស្រាវជ្រាវប្រកបដោយគុណភាព ដោយផ្តោតលើការផ្សារភ្ជាប់រវាងផ្នែកទ្រឹស្តីដែលបានសិក្សា ជាមួយនឹងការអនុវត្តជាក់ស្តែង និងអនុវត្តការរៀន និងបង្រៀនតាមបែបគម្រោងស្រាវជ្រាវ ជាកត្តាចាំបាច់មួយ ដែលបង្កលក្ខណៈឲ្យនិស្សិតបានត្រេះរិះពិចារណា មានគំនិតផ្តួចផ្តើម បង្កើតជាអាជីវកម្មផ្ទាល់ខ្លួន “រៀនដើម្បីបង្កើតការងារដោយខ្លួនឯង ជាជាងរៀនដើម្បីគ្រាន់តែស្វែងរកឱកាសធ្វើការងារ” ជាផ្នែកមួយក្នុងការចូលរួមលើកកម្ពស់ការសិក្សាស្រាវជ្រាវ និងបង្កើតឱកាសសម្រាប់និស្សិត មហាវិទ្យាល័យបានបង្កលក្ខណៈ និងគាំទ្រលើកទឹកចិត្តចំពោះសកម្មភាពប្រកួតប្រជែង ផែនការអាជីវកម្ម គំរូអាជីវកម្មនានា ដែលកំឡុងពេលការរីករាលដាលជាសកលនៃជំងឺកូវីដ-១៩នេះ បានបញ្ជួនបុគ្គលិក គ្រូបង្រៀន និងនិស្សិតចូលរួមប្រកួតប្រជែងតាមរយៈកម្មវិធីនានា ក្នុងនោះរួមមាន៖

ទី១.កម្មវិធីប្រកួតប្រជែងគំនិតអាជីវកម្មខ្ញុំ រៀនចំដោយក្រសួងអប់រំ យុវជន និងកីឡា ទទួលបានជ័យលាភីឆ្នើមថ្នាក់ជាតិ

ទី២.កម្មវិធីប្រកួតប្រជែងគំនិត សហគ្រិនឌីជីថល និងនវានុវត្តន៍អាជីវកម្ម ដែលរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា

ទី៣.កម្មវិធីប្រកួតប្រជែងគំនិតអាជីវកម្មបែបឌីជីថល ដែលរៀបចំដោយ គម្រោង Smart Start

ទី៤.កម្មវិធីប្រកួតប្រជែងគំនិតអាជីវកម្មរបស់ (Smart Start) ដែលរៀបចំដោយ Phnom Penh Hub និង Smart Start

ទី៥.កម្មវិធីប្រកួតប្រជែងគំនិតអាជីវកម្មរបស់យុវជនសតវត្សទី២១ “សហគ្រិនឌីជីថល និងនវានុវត្តន៍អាជីវកម្ម” ដែលរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា

ទី៦.កម្មវិធីពង្រឹងសមត្ថភាពគ្រូបង្រៀនអំពី សហគ្រិនភាព តាមរយៈកម្មវិធី Lecturer Hackathon ដែលរៀបចំដោយ Phnom Penh Hub  និង Startstart ។

លោកបានបញ្ជាក់ថា កម្មវិធីនេះជាលើកដំបូង ដែលមហាវិទ្យាល័យបានរៀបចំកម្មវិធី “ប្រកួតប្រជែងគំរូអាជីវកម្ម” នេះឡើង ចំនួននិស្សិតចូលរួមនៅមានកម្រិតនៅឡើយ មុននឹងមកដល់វគ្គប្រកួតផ្តាច់ព្រ័ត្រនេះ យើងបានឆ្លងកាត់ដំណាក់កាលសំខាន់ៗមួយចំនួនដូចជា ការផ្សព្វផ្សាយ វគ្គបណ្តុះបណ្តាលតម្រង់ទិស វគ្គអនុវត្តជាក់ស្តែង វគ្គសំរាំងជ្រើសរើសដំបូង។ មហាវិទ្យាល័យនឹងរៀបចំ កម្មវិធីនេះឡើងជាបន្តទៀត បន្ទាប់ពីចប់ការប្រកួតផ្តាច់ព្រ័ត្រនេះទៅ។

លោកសាស្រ្តាចារ្យ ទុំ សារាវុធ បានលើកទឹកចិត្តឲ្យមានការចូលរួម និងការគាំទ្រចំពោះដៃគូអភិវឌ្ឍន៍ទាំងឡាយ ដើម្បីបង្កើតឲ្យមាននូវការប្រកួតប្រជែងដំណាក់កាលជាបន្តបន្ទាប់ទៀត។ ឈានមកដល់ដំណាក់កាលប្រកួតផ្តាច់ព្រ័ត្រ ក្រុមនិស្សិតដែលបានចូលរួមវគ្គប្រកួតផ្តាច់ព្រ័ត្រនេះ គឺទទួលបានជោគជ័យរួចហើយ គឺការជោគជ័យលើគំនិតផ្តួចផ្តើម លើរបៀបនៃការធ្វើការជាក្រុម វិន័យការងារ ការតស៊ូព្យាយាមគ្រប់ដំណាក់កាល ជាពិសេសលើការប្តេជ្ញាចិត្តលើកិច្ចការនេះ។

លោកសាស្រ្តាចារ្យ បានលើកឡើងគាំទ្រទៅលើការវាយតម្លៃ និងផ្តល់ពិន្ទុរបស់គណៈកម្មការវាយតម្លៃ និងផ្តល់ពិន្ទុ និងផ្តល់ជាគំនិតចូលរួមកែលម្អនូវអ្វីដែលក្រុមនិសិ្សតទាំង ៥ ហើយសកម្មភាពនេះគឺជាការជំរុញលើកទឹកចិត្តយុវជន ក្នុងការចាប់ផ្តើមអាជីវកម្ម។

ជាមួយគ្នានេះ លោកសាស្រ្តាចារ្យ ក៏បានលើកឡើងពីឱកាសទទួលបានមូលនិធិដើមទុក ដើម្បីឲ្យនិស្សិត និងអ្នកស្រាវជ្រាវ ខិតខំសិក្សាស្រាវជ្រាវបង្កើតថ្មីចូលរួមចំណែកកំណើនសេដ្ឋកិច្ចផងដែរ។

លោកសាស្រ្តចារ្យ បានផ្ដាំផ្ញើនឹងផ្តល់នូវការលើកទឹកចិត្តជូនអង្គពិធីទាំងមូលឲ្យអនុវត្តការរៀនសូត្រ ពេញមួយជីវិត និងគ្រប់ជ្រុងជ្រោយ គឺផ្តើមឡើងពី ការស្តាប់ រៀនសូត្រពីការស្តាប់នូវអ្វីដែលនៅជុំវិញខ្លួន និងការអនុវត្តជាក់ស្តែង ទាំងនេះជាការបង្កើតបាននូវឱកាសផ្ទាល់ខ្លួន និងបានណែនាំដល់គ្រប់មហាវិទ្យាល័យទាំងអស់ឲ្យបន្តផ្តួចផ្តើមនូវកម្មវិធីប្រកួតប្រជែងនេះជាបន្តបន្ទាប់ទៀត ។

សូមបញ្ជាក់ថា ក្រុមជ័យលាភីលេខ ១ បានទៅលើ ក្រុមនិស្សិត ដែលមានគំនិតអាជីវកម្មឈ្មោះ “ ជីកំប៉ុស្តអាចម៌ជន្លេន” មកពីមហាវិទ្យាល័យកសិកម្ម ។

ក្រុមជ័យលាភីលេខ ២ បានទៅលើ ក្រុមនិស្សិត ដែលមានគំនិតអាជីវកម្មឈ្មោះ “ពូជាង” មកពីមហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម និងសង្គមសាស្រ្ត ។

ក្រុមជ័យលាភីលេខ ៣ បានទៅលើ ក្រុមនិស្សិត ដែលមានគំនិតអាជីវកម្មឈ្មោះ “អង្ករអង្គរ” មកពីមហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម ៕

ដោយ៖ សុថាន


ចែករំលែក៖