ព័ត៌មានទាន់ហេតុការណ៍៖

រុស្ស៊ីប្រកាសបញ្ជីប្រទេសដែលមានទំនាក់ទំនងជិតស្និទ្ធ

ចែករំលែក៖

បញ្ជីឈ្មោះនេះរួមបញ្ចូលទាំងក្រុមប្រទេសជាច្រើន រួមទាំងសម្ព័ន្ធមិត្តប្រពៃណីនិងប្រទេសដែលមានជំហរអព្យាក្រឹតចំពោះរុស្ស៊ី។
សារព័ត៌មាន bne IntelliNews បានផ្សាយកាលពីថ្ងៃទី 24 ខែកញ្ញាថា រដ្ឋាភិបាលរុស្ស៊ីបានអនុម័តជាផ្លូវការនូវបញ្ជីប្រទេសជាមិត្តនិងអព្យាក្រឹតចំនួន 31 ក្នុងបរិបទនៃសង្គ្រាមដាក់ទណ្ឌកម្មជាមួយលោកខាងលិចដែលកំពុងបន្តផ្ទុះឡើង។
យោងតាមគេហទំព័រព័ត៌មានដែលមានមូលដ្ឋាននៅប្រទេស
អាល្លឺម៉ង់ ធនាគារ និងឈ្មួញកណ្តាលនៃប្រទេសនានាក្នុងបញ្ជីដែលត្រូវបានចាត់ទុកថាជា “មិត្តភាព” ដោយវិមានក្រឹមឡាំង នឹងត្រូវបានផ្តល់សិទ្ធិធ្វើពាណិជ្ជកម្មក្នុងទីផ្សារប្តូរប្រាក់បរទេសនិងទីផ្សារនិស្សន្ទវត្ថុរុស្ស៊ី។
ចាប់តាំងពីរុស្ស៊ីបានចាប់ផ្តើមយុទ្ធនាការយោធារបស់ខ្លួនក្នុងប្រទេសអ៊ុយក្រែនកាលពីខែកុម្ភៈឆ្នាំមុនមក ទីក្រុងម៉ូស្គូបានធ្វើការយ៉ាងសកម្មដើម្បីពង្រីកការចូលប្រើប្រាស់របស់ប្រទេសជាមិត្តចំពោះហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុរបស់ខ្លួនចំពេលដែលរុស្ស៊ីត្រូវបាន “ហាមឃាត់” យ៉ាងទូលំទូលាយពីប្រព័ន្ធរបស់លោកខាងលិច។
ក្រឹត្យខាងលើ ដែលមានសារៈសំខាន់ក្នុងពិភពហិរញ្ញវត្ថុអន្តរជាតិ ត្រូវបានចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីរុស្ស៊ី Mikhail Mishustin ហើយឥឡូវនេះត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅលើគេហទំព័រផ្លូវការរបស់រដ្ឋាភិបាលរុស្ស៊ី។
“ការសម្រេចចិត្តនេះមានគោលបំណងធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាពនៃយន្តការបំប្លែងដោយផ្ទាល់នៃរូបិយប័ណ្ណជាតិនៃប្រទេសជាមិត្ត និងអព្យាក្រឹត ហើយក្នុងពេលជាមួយគ្នានេះ ការបង្កើតអត្រាប្តូរប្រាក់ដោយផ្ទាល់ជាមួយប្រាក់រូប្លិ៍ដើម្បីបំពេញតម្រូវការសម្រាប់ការទូទាត់ជារូបិយប័ណ្ណក្នុងស្រុក»។

បញ្ជីនៃបណ្តាប្រទេសជាមិត្តនិងអព្យាក្រឹត រួមមានក្រុមប្រទេសចម្រុះ រួមទាំងសម្ព័ន្ធមិត្តប្រពៃណី និងប្រទេសដែលមានគោលជំហរអព្យាក្រឹតចំពោះរុស្ស៊ី ក៏ដូចជាបណ្តាប្រទេសដែលបានជៀសវាងការចូលរួមក្នុងរបបទណ្ឌកម្មអន្តរជាតិទៅលើប្រទេសរុស្ស៊ី។
ក្នុងចំណោមប្រទេសទាំងនោះមានអតីតសាធារណរដ្ឋសូវៀត ដូចជា អាស៊ែបៃហ្សង់ អាមេនី បេឡារុស កៀហ្ស៊ីស៊ីស្ថាន តាជីគីស្ថាន តូមិននីស្ថាន និងអ៊ូសបេគីស្ថាន ដែលស្ថិតក្នុងរង្វង់ឥទ្ធិពលរបស់ទីក្រុងមូស្គូ ដោយសារពួកគេនៅតែពឹងផ្អែកផ្នែកសេដ្ឋកិច្ចលើរុស្ស៊ី។
ប្រទេសក្នុងទ្វីបអាហ្រ្វិកក៏មានលក្ខណៈលេចធ្លោក្នុងបញ្ជីដែររួមមាន អាល់ហ្សេរី ម៉ារ៉ុក និងអាហ្វ្រិកខាងត្បូង។ វិមានក្រឹមឡាំងកំពុងកសាងទំនាក់ទំនងល្អជាមួយ “ទ្វីបអាហ្វ្រិក” យ៉ាងសកម្ម។

ប្រទេសក្នុងទ្វីបអាហ្រ្វិកកំពុងសម្លឹងមើលទីក្រុងមូស្គូសម្រាប់ការផ្គត់ផ្គង់លោហៈ រ៉ែ គ្រាប់ធញ្ញជាតិ ប្រេង បច្ចេកវិទ្យានុយក្លេអ៊ែរ និងអាវុធ៕ ដោយ៖ ធីរីណា

រូប​ថត​: nguoiduatin.vn


ចែករំលែក៖