ព័ត៌មានទាន់ហេតុការណ៍៖

រាជរដ្ឋាភិបាល និងមន្ត្រីជំនាញរំលឹកដល់ប្រជាពលរដ្ឋ និងអាជ្ញាធរ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ពីទឹកជំនន់

ចែករំលែក៖

ភ្នំពេញ៖ លោក ចាន់ យុត្ថា រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងធនធានទឹកនិងឧតុនិយមបានឱ្យដឹងថា ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា  និងមន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹកបានអំពាវដល់អាជ្ញាធរ និងប្រជាពលរដ្ឋរស់នៅតាមដងទន្លេត្រូវបង្កើនការប្រុងប្រ័ត្នចចំពោះទឹកជំនន់ ខណៈដែលខេត្តស្ទឹងត្រែង ក្រចេះ ត្បូងឃ្មុំ និងកំពង់ចាមអាចនឹងមានទឹកជំនន់ដល់កម្រិតប្រកាសអាសន្ន។

លោកបន្តថា ៖ ទន្លេមេគង្គលើដែលរួមមានខេត្ត ស្ទឹងត្រែង ក្រចេះ ត្បូងឃ្មុំ និងកំពង់ចាម ដោយពិនិត្យឃើញថា កម្ពស់ទឹកមានការហក់ឡើងជាបន្តបន្ទាប់ ។

បញ្ជាក់ថា ការហក់ឡើងនៅពេលនេះ ដោយសារតែ ឥទ្ធិពលរបស់ព្យុះYagi បានបង្កឱ្យមានភ្លៀងធ្លាក់ច្រើនគួរសម នៅក្នុងតំបន់ផ្ទៃរងទឹកភ្លៀងរបស់ទន្លេ។  ព្យុះនេះ បានដើរនៅភាគខាងលើព្រំប្រទល់ប្រទេសមីយ៉ាន់ម៉ា ជាមួយប្រទេសថៃ ក៏ដូចជាផ្នែកខ្លះនៃប្រទេសឡាវភាគខាងជើងដោយគិតត្រឹមថ្ងៃទី១៧ខែកញ្ញា ទឹកដែលធ្លាក់នៅតំបន់ទន្លេមេគង្គលើទើបតែមកដល់ប៉ុណ្ណោះ។ ឯកឧត្តមបានបន្ថែមទៀតថា អ្វីដែលធ្វើឱ្យទឹកទន្លេមេគង្គឡើងខ្លាំងនៅ គឺដោយ សារតែការធ្លាក់ភ្លៀងនៅក្នុងតំបន់ផ្ទៃរងទឹកភ្លៀងរបស់ទន្លេមេគង្គ ក្នុងប្រទេសថៃ ឡាវ នៅភាគខាងត្បូង ដែល មានស្ថានីយជលសាស្ត្រនៅជិតព្រំប្រទល់របស់ប្រទេសកម្ពុជា ដូចជាខេត្តស្ទឹងត្រែង ដូច្នេះនៅក្នុងរយៈពេលពីរបីថ្ងៃទៀត ទើបទឹកដែលមកពីប្រទេសថៃនិងប្រទេសឡាវនឹងមកដល់ប្រទេសកម្ពុជា។   

លោក ចាន់ យុត្ថា រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងធនធានទឹកនិងឧតុនិយម លើកឡើងថា ៖    «បន្ថែមលើសពីនេះយើងពិនិត្យឃើញថានៅក្នុងតំបន់សមុទ្រចិនខាងត្បូង មានវិសម្ពាធមួយបានកើតឡើងពីថ្ងៃទី១៦ ដោយនៅក្នុងរង្វង់ថ្ងៃទី២០វិសម្ពាធនេះ នឹងធ្វើដំណើរទៅដល់ឆ្នេរប្រទេសវៀតណាមភាគកណ្តាល ដែលឥទ្ធិពលរបស់វានឹងបង្កឱ្យមានការធ្លាក់ភ្លៀងបន្ថែមទៀត នៅក្នុងតំបន់ផ្ទៃរងទឹកភ្លៀងរបស់ទន្លេមេគង្គ។ ដូច្នេះទឹកភ្លៀងចាស់ដែលបានធ្លាក់កន្លងមក ហើយអាចក្នុងរង្វង់ថ្ងៃទី១៩ឬ២០ នឹងមានភ្លៀងធ្លាក់បន្ថែមទៀតនៅក្នុងផ្ទៃរងទឹកភ្លៀងរបស់ទន្លេមេគង្គ។ អ៊ីចឹងទេយើងអាចសន្និដ្ឋានបានថាទឹកទន្លេមេគង្គរបស់យើង អាចនឹងកើនឡើងថែមទៀត ជាពិសេសនៅខេត្តចំនួនបួន ដែលនៅផ្នែកខាងលើនេះអាចនឹងឈានដល់កម្រិតដែលប្រកាសឱ្យមានការប្រុងប្រយ័ត្ន។ ដូច្នេះខ្ញុំសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅអមសងខាងទន្លេមេគង្គលើក្នុងភូមិសាស្ត្រខេត្តទាំងបួន ក៏ដូចជាតំបន់ទំនាបអមសងខាងទន្លេមេគង្គ សូមបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុ  ។»

តាមរយៈសារសំឡេងពិសេស របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ដោយសារតែឥទ្ធិពលព្យុះបានធ្វើឱ្យមានភ្លៀងធ្លាក់ច្រើនជាបន្តបន្ទាប់ បង្កការលិចលង់នៅបណ្តាប្រទេសជិតខាងកម្ពុជា អាស្រ័យហេតុនេះ សូមឱ្យអភិបាលរាជធានី-ខេត្តទាំងអស់ បង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ តាមដានឱ្យជាប់និងដោះស្រាយឱ្យទាន់ពេលវេលា ក្នុងករណីដែលមានទឹកជំនន់ ក្នុងភូមិសាស្ត្រទទួលខុសត្រូវរបស់ខ្លួន ជាពិសេសយកចិត្តទុកដាក់ ទៅលើការជួយសង្គ្រោះអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់។ 

លោកអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ លោកអគ្គស្នងការនគរបាលជាតិ ត្រូវត្រៀមកម្លាំង មធ្យោបាយនិងសម្ភារៈដើម្បីធ្វើអន្តរាគមន៍ជួយដល់ប្រជាពលរដ្ឋក្នុងការចាំបាច់។ ចំណែក លោកទេសរដ្ឋមន្ត្រី គន់ គីម ត្រូវបន្តតាមដាននិងត្រូវកំណត់ឱ្យបានរួចជាស្រេចនូវទីទួលសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋ។»

សម្តេចបានបញ្ជាក់ថា ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងស្ថាប័នពាក់ព័ន្ធ ត្រូវត្រៀមនូវស្បៀងនិងសម្ភារៈបរិក្ខារចាំបាច់ ដែលត្រូវបញ្ចេញទៅឱ្យប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ ក្នុងករណីដែលមានការស្នើសុំពីរាជធានីខេត្ត។ ក្រសួងកសិកម្ម ត្រូវត្រៀមស្រូវពូជនិងសម្ភារៈចាំបាច់នានា ក្នុងករណីដែលមានផលប៉ះពាល់ធំ ដែលបង្កឱ្យមានខូចខាត ដល់ដំណាំរបស់ប្រជាពលរដ្ឋ ចាំបាច់ត្រូវជួយស្តារឡើងវិញឱ្យបានទាន់ពេលវេលា។ 

ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ៖ ព្យុះទី១៤ឈ្មោះ ពូលឡាសាន ជាមួយនិងព្យុះទី១៥ឈ្មោះ ស៊ូលីក (Soulik) បានកើតនៅ សមុទ្រចិនខាងត្បូងមានឥទ្ធិពលខ្លាំងលើខ្យល់មូសុងនិរតី ដែលបក់លើសមុទ្រអានដាមម៉ែន ឈូងសមុទ្រថៃ ខណៈសម្ពាធទាបនៅបន្តគ្របដណ្តប់លើភាគកណ្តាលនៃអាងទន្លេមេគង្គ និង លើព្រះរាជាណាចក្រកម្ពុជា។

ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី២០ ខែកញ្ញា ដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤

១-តំបន់វាលទំនាប៖

– សីតុណ្ហភាពមធ្យមអប្បបរមា២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៤°C។ ខ្យល់បក់ មកពីទិសនិរតី និងពាយ័ព្យមានល្បឿនមធ្យម ៥ម៉ែត្រ វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្តាល តាកែវ និងភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃ ដី៥០%។

២-តំបន់ខ្ពង់រាប៖ -សីតុណ្ហភាពមធ្យមអប្បបរមា២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៣°C។ ខ្យល់បក់មក

ពីទិសនិរតី និងបស្ចិមមានល្បឿនមធ្យម ៤,៥ម៉ែត្រ/វិនាទី។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ

ព្រះវិហារ ស្ទឹងត្រែង ក្រចេះ រ័តនគិរី មណ្ឌលគិរី តំបន់ជួរភ្នំក្រវាញ និងជួរភ្នំដងរែក អាចមាន

ភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី៦០%។

៣-តំបន់មាត់សមុទ្រ៖

-សីតុណ្ហភាពមធ្យមអប្បបរមា២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៣°C ។ ខ្យល់បក់មក ពីទិសនិរតី និងពាយ័ព្យ មានល្បឿនមធ្យម ៥ម៉ែត្រ/វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដី៥០%។

-រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា១,៥០ម៉ែត្រនិងកម្ពស់មធ្យមអតិបរមា ២,២៥ម៉ែត្រ៕

ដោយ ៖ សិលា


ចែករំលែក៖