ភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា នៅពេលដែលស្ពានជ្រោយចង្វាបានតផ្ជាប់ជំហានដំបូង ប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវជាតិលេខ 6A ចាប់ផ្ដើមមានសកម្មភាពសេដ្ឋកិច្ចមួយចំនួន។ លុះដល់ថែមស្ពានជ្រោចង្វារទី២ និងថែមស្ពានព្រែកព្នៅមួយទៀត យើងអាចឃើញសកម្មភាពសេដ្ឋកិច្ចនៅតំបន់នោះមានការរីកចម្រើនកាន់តែខ្លាំង។
ដូច្នេះនៅពេលដែលហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតលេចចេញជារូបរាង ដែលរួមមានដូចជា ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ពីផ្សាររាត្រី-ជ្រោយចង្វារ ជ្រោយចង្វារ-ល្វាឯម, ស្ពានចាក់អង្រែលើ, ស្ពានអាកាសក្បាលថ្នល់, ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត, អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី, ព្រែកជីកហ្វ៊ូណន ធ្វើរួចរាល់ និងជាពិសេសស្ពានកោះនរានេះតែម្ដង ប្រជាពលរដ្ឋដែលមានទីលំនៅចាប់ពីច្បារអំពៅ រហូតដល់ស្ពានអ្នកលឿង នឹងមើលឃើញពីផ្លែផ្កានៃការអភិវឌ្ឍសេដ្ឋកិច្ចនេះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ស្ពាននាគភ្លោះកោះនរា និងស្ពានបេតុងខ្សែកាប តភ្ជាប់តំបន់អភិវឌ្ឍកោះនរា ទៅតំបន់អភិវឌ្ឍកោះពេជ្រ»។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលនឹងបង្ខិតខេត្តក្រុងផ្សេងឱ្យកាន់តែកៀកជាមួយរាជធានីភ្នំពេញ តាមរយៈការយកភ្នំពេញជាចំណុចកណ្ដាល រួចហើយពង្រីកការតភ្ជាប់ទៅទិសខាងត្បូង ទិសខាងជើង និងទិសខាងកើត ហើយជាពិសេសគឺត្រូវពង្រីកបន្ថែមទៅទិសខាងកើតឱ្យកាន់តែច្រើន។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមទៀតថា ហេដ្ឋារចនាសម្ព័ន្ធ ជាសរសៃឈាមតភ្ជាប់ដ៏សំខាន់របស់ជាតិ ដែល រាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្តទុកដាក់ជាអាទិភាពក្នុងការអភិវឌ្ឍប្រទេសជាតិ ជាក់ស្តែងដូចការអភិវឌ្ឍនូវកោះនរាភ្ជាប់ជាមួយតំបន់អភិវឌ្ឍន៍ កោះពេជ្រ យ៉ាងដូច្នេះដែរ ខណៈតំបន់នេះ នឹងធ្វើឲ្យសរសៃសេដ្ឋកិច្ចរបស់កម្ពុជា កាន់តែបន្តរីកធំឡើងៗជាបន្តបន្ទាប់ បន្ថែមទៀត។
សម្តេចធិបតី នាយករដ្ឋមន្រ្តី ក៏បានបង្ហើបឲ្យដឹងផងដែរថា នៅតំបន់អភិវឌ្ឍន៍ កោះនរានាពេល ខាងមុខនេះ ក៏មានគម្រោងនឹងធ្វើអគារខ្ពស់ជាងគេមួយនៅក្នុងតំបន់ផងដែរ ដោយ អគារនេះ នឹងមានកម្ពស់ ៥៥៥ ម៉ែត្រ។
មួយវិញទៀតតំបន់កោះនរានេះ នឹងធ្វើឲ្យប្រជាពលរដ្ឋខ្មែររាប់ពាន់រាប់ម៉ឺននាក់ មាន ការងារ ធ្វើជាប្រចាំ ដើម្បីលើកកម្ពស់ជីវភាពរបស់ពួកគាត់ឲ្យកាន់តែប្រសើរឡើង បន្ថែមទៀតផងដែរ៕
ដោយ ៖ សិលា