ក្រុមឡើងជើង Bayer Leverkusen បានបង្កើតប្រវត្តិសាស្ត្ររបស់ក្លិបក្នុងការឈានទៅប្រកួតវគ្គផ្តាច់ព្រ័ត្រ German Cup ជាមួយ Kaiserslautern ក្រោយពីយកឈ្នះក្រុម Fortuna Dusseldorf ដែលជាក្រុមកំពុងលេងនៅលីកទី២អាល្លឺម៉ង់ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររបស់ពួកគេកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី៤ មេសា ក្នុងលទ្ធផល៤ទល់០។
គ្រាប់បាល់របស់ Jeremie Frimpong និង Amine Adil បានជួយឲ្យក្រុមកំពូលតារាង Bundesliga Leverkusen នាំមុខយ៉ាងស្រួលក្នុងរយៈពេល២០នាទី។ បន្ទាប់មក Florian Wirtz បានស៊ុតបាល់បញ្ចូលទី២គ្រាប់ក្នុងតង់ទី២ជាមួយនឹងគ្រាប់បាល់ទីពីររបស់គាត់ពីការស៊ុតបាល់ប៉េណាល់ទី ដើម្បីបញ្ចប់ការបង្ហាញដ៏លេចធ្លោរបស់ក្រុមខ្លាំងមួយនេះ។
ការឈ្នះពាន German Cup តែមួយគត់របស់ក្រុម Leverkusen ធ្លាប់ទទួលបានកាលពីឆ្នាំ១៩៩៣គឺជាពានរង្វាន់ដ៏សំខាន់ចុងក្រោយរបស់ក្លិប។
ចំណែកក្រុម Kaiserslautern បានយកឈ្នះក្រុម Saarbrucken នៅលីកលំដាប់ទី៣ ក្នុងលទ្ធផល ២–០ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររបស់ពួកគេកាលពីថ្ងៃអង្គារ។
Leverkusen របស់លោក Xabi Alonso នៅតែមិនស្គាល់ចាញ់ក្នុងរដូវកាលនេះ និងក្នុងការស្វែងរកដើម្បីឈ្នះពានរង្វាន់ចំនួន៣។ ពួកគេមាន១៣ពិន្ទុដាច់នៅលើកំពូលតារាង Bundesliga ខណៈដែលពួកគេដេញតាមពីក្រោយការឈ្នះពានរង្វាន់លីកកំពូលអាឡឺម៉ង់ជាលើកទី១ និងជួបជាមួយក្រុម West Ham ក្នុងវគ្គ៨ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Europa League នៅចុងខែនេះ។
Leverkusen ចុងក្រោយបានឈានដល់វគ្គផ្តាច់ព្រ័ត្រ DFB-Pokal ក្នុងឆ្នាំ២០២០ នៅពេលដែលពួកគេបានចាញ់ Bayern Munich ៤–២។ រីឯក្រុម Dusseldorf ដែលស្ថិតក្នុងចំណាត់ថ្នាក់លេខ៣ក្នុងលីកកម្រិតទីពីរបានសង្ឃឹមថានឹងឈានដល់វគ្គផ្តាច់ព្រ័ត្រនៃការប្រកួត Germany Cup ជាលើកដំបូងចាប់តាំងពីឆ្នាំ១៩៨០មក។
ការប្រកួតវគ្គផ្តាច់ព្រ័ត្រ Germany Cup រវាង Leverkusen និង Kaiserslautern នឹងធ្វើឡើងនៅថ្ងៃទី២៥ ខែឧសភា នៅ Olympiastadion ក្នុងទីក្រុង Berlin ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)