ព័ត៌មានទាន់ហេតុការណ៍៖

អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជាប្រធានគណៈកម្មការសេដ្ឋកិច្ចនិងសង្គមកិច្ចសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក (UN-ESCAP) បានផ្ញើលិខិតថ្លែងអំណរគុណ និងកោតសរសើរជូនចំពោះ សម្តេចធិបតី

ចែករំលែក៖

អង្គការសហប្រជាជាតិ ៖ លោកជំទាវបណ្ឌិត អាមីដា សាលស៊ីអាហ៍ អាលីសចាបាណា អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជាប្រធានគណៈកម្មការសេដ្ឋកិច្ចនិងសង្គមកិច្ចសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក (UN-ESCAP) បានផ្ញើលិខិតថ្លែងអំណរគុណ និងកោតសរសើរជូនចំពោះ សម្តេចធិបតី ដែលបានចូលរួមថ្លែងសុន្ទរកថាពិសេស ផ្តល់ជាត្រីវិស័យដល់ការពិភាក្សា និងចូលរួមចំណែកដ៏ធំធេងក្នុងការធ្វើឱ្យសន្និបាតប្រចាំឆ្នាំលើកទី៨០ របស់ UN-ESCAP ដែលបានប្រព្រឹត្តទៅពីថ្ងៃទី២២ ដល់ ២៦ ខែមេសា ឆ្នាំ២០២៤ នៅទីក្រុងបាងកក ទទួលបានលទ្ធផលជោគជ័យ ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត

នាងខ្ញុំ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងកោតសរសើរប្រកបដោយការវាយតម្លៃខ្ពស់ ចំពោះ សម្តេចធិបតី ដែលបានចូលរួមថ្លែងសុន្ទរកថាពិសេស ក្នុងសន្និបាតប្រចាំឆ្នាំលើកទី៨០ របស់ គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការសហប្រជាជាតិ (UN- ESCAP) ដែលបានប្រព្រឹត្តទៅពីថ្ងៃទី២២ ដល់ ២៦ ខែមេសា ឆ្នាំ២០២៤។

សុន្ទរកថាពិសេសរបស់ សម្តេចធិបតី នៅក្នុងកម្មវិធីបើកសន្និបាត ថ្ងៃទី២២ ខែមេសា ពិតជា បានផ្តល់ជាត្រីវិស័យដល់ការពិភាក្សា និងចូលរួមចំណែកដ៏ធំធេង ក្នុងការធ្វើឲ្យសន្និបាតលើកទី៨០ របស់ UN-ESCAP ទទួលបានលទ្ធផលជោគជ័យ។ សន្និបាត បានអនុម័តសេចក្តីសម្រេចចំនួន ៤ ដែលនឹងអាច តម្រង់ទិសដៅការងាររបស់ UN-ESCAP សម្រាប់ឆ្នាំក្រោយ និងឆ្នាំបន្តបន្ទាប់ ហើយជាពិសេស រដ្ឋ សមាជិកបានគាំទ្រសេចក្តីសម្រេច ពាក់ព័ន្ធនឹងមូលបទនៃសន្និបាត ស្តីពី “ការប្រើប្រាស់នវានុវត្តន៍ឌីជីថល សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៅអាស៊ី និងប៉ាស៊ីហ្វិក” ដោយសេចក្តីសម្រេចនេះ នឹងអាចធ្វើឱ្យ តំបន់អាស៊ី និងប៉ាស៊ីហ្វិក ចាប់យកនូវសក្តានុពលនៃនវានុវត្តន៍ឌីជីថល ដើម្បីជំរុញដល់ការអភិវឌ្ឍប្រកប ដោយចីរភាព។

សន្និបាត ក៏បានទទួលស្គាល់ពីសារៈសំខាន់ នៃការគាំទ្រដល់ប្រទេសមានការអភិវឌ្ឍតិចតួច ប្រទេសគ្មានព្រំដែនជាប់សមុទ្រកំពុងអភិវឌ្ឍ និងរដ្ឋកំពុងអភិវឌ្ឍកោះតូច ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ក្នុងកិច្ចខិតខំប្រឹងប្រែង ជំរុញការអនុវត្តរបៀបវារៈឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។ បន្ថែមលើនេះ សន្និបាតបានគាំទ្រដល់លទ្ធផលនៃ “វេទិកាថាមពលអាស៊ី និងប៉ាស៊ីហ្វិកលើកទី៣” ដោយ ទទួលស្គាល់សារៈសំខាន់ នៃការផ្លាស់ប្តូរប្រកបដោយបរិយាបន្ន ទៅរកការប្រើប្រាស់ថាមពលកកើតឡើងវិញ និងថាមពលស្អាត ក្នុងការដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុ និងធានានូវសន្តិសុខថាមពល សម្រាប់ទាំងអស់គ្នា។

នាងខ្ញុំរង់ចាំស្វាគមន៍ដោយក្តីរីករាយ ចំពោះការចូលរួមដ៏ឧត្តុងឧត្តមរបស់ សម្តេចធិបតី និង រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងសន្និបាតលើកក្រោយៗទៀត ដើម្បីពង្រឹងបន្ថែមនូវកិច្ចសហប្រតិបត្តិការក្នុង តំបន់ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៅអាស៊ី និងប៉ាស៊ីហ្វិក។

សូម សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់បំផុត អំពីនាងខ្ញុំ។

អាមីដា សាលស៊ីអាហ៍ អាលីសចាបាណា អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជាប្រធាន UN-ESCAP ៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖