ព័ត៌មានទាន់ហេតុការណ៍៖

លោកបណ្ឌិត គិន ភា ៖ «ស្នេហាជាតិ» និង «ក្បត់ជាតិ»

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថាព្រឹកនេះ ខ្ញុំនឹងធ្វើជាអ្នកសម្របសម្រួលកិច្ចពិភាក្សាតុមូលលើប្រធានបទដែលកំពុងត្រូវបានគេពិភាក្សាយ៉ាងក្តៅគគុកពាក់ព័ន្ធនឹង «តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម»។ ជុំវិញប្រធានបទនេះ ពាក្យ «ស្នេហាជាតិ» និង « ក្បត់ជាតិ» ត្រូវបានប្រើប្រាស់ច្រើនជាងគេ។

លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា បានបន្តថា ៖ ការណ៍នេះនាំឱ្យខ្ញុំនឹកឃើញដល់អត្ថបទមួយដែលខ្ញុំបានសរសេរកន្លងមក ខ្ញុំសូមយកមកកែសម្រួលនិងបង្ហោះឡើងវិញជូនបងប្អូនអានកម្សាន្ត។ អត្ថបទនេះរាងវែងបន្តិច, ខ្ញុំគិតថាបងប្អូនមួយចំនួនអាចនឹងមិនអានវាដល់ចប់ទេ តែមិនថ្វីទេ អានក៏បាន បើមិនអានក៏មិនអីដែរ។

ជាការកត់សម្គាល់ សង្គមយើងបច្ចុប្បន្ន មនុស្សខ្មែរហាក់កំពុងត្រូវបានពុះជ្រៀកឱ្យទៅជាច្រើនចម្រៀកឬច្រើនក្រុម ប៉ុន្តែ ខ្ញុំសូមលើកយកតែមនុស្សពីរក្រុមមកបរិយាយ គឺក្រុមដែលអះអាងថា ខ្លួនឯងជា «ស្នេហាជាតិ» និងក្រុមដែលត្រូវបានគេចាត់ទុកថាជា «ក្បត់ជាតិ»។

លោកបណ្ឌិត គិន ភា ថា ៖ ដោយផ្អែកតាមទស្សនៈបែបអត្តនោម័ត (Subjectivity) នៃក្រុមណាមួយ, បុគ្គលតែម្នាក់ អាចត្រូវបានគេចាត់ទុកថាជា «ជនស្នេហាជាតិ» ឬ «ជនក្បត់ជាតិ» តែក្នុងពេលមួយពព្រិចភ្នែក។ ប៉ុន្តែ ក្រុមជនដែលចោទគេឬជនដែលត្រូវគេចោទថាជា «ជនស្នេហាជាតិ» ឬ «ជនក្បត់ជាតិ» ហាក់មិនបានផ្តល់និយមន័យនៃពាក្យ «ស្នេហាជាតិ» និង «ក្បត់ជាតិ» ទៅតាមខ្លឹមសារពិតឬធម្មជាតិនៃពាក្យនោះទេ តែគេផ្តល់និយមន័យដោយផ្អៀងយ៉ាងខ្លាំងទៅរកទំនោរ និន្នការ និងផលប្រយោជន៍នយោបាយ។

ពាក្យ «ស្នេហាជាតិ» គឺមានន័យថា ជាការស្គាល់ចរិតនិងឋានៈនៃជាតិឱ្យច្បាស់លាស់ គឺយល់នូវសិទ្ធិនៃជាតិខ្លួន គឺពុំព្រមឱ្យជនជាតិឯណាមួយ មករំលោភលើសិទ្ធិជាតិខ្លួនដោយត្រង់ៗក្ដីឬដោយបោកបញ្ឆោតក្ដី។ ចិត្ដស្នេហាជាតិដ៏ត្រឹមត្រូវ បណ្តាលឱ្យយើងចេះនិយមនិងការពារផលប្រយោជន៍នៃជាតិយើង តែឥតទៅរំលោភលើជាតិឯណាឡើយ។ ចំណែកឯពាក្យ «ក្បត់ជាតិ» មានន័យថា ជាការចូលសមគំនិតនឹងអ្នកបរទេស នាំគេចូលមកលុកលុយសង្កត់សង្កិនដែនដីឬប្រទេសជាតិរបស់ខ្លួន។

បើផ្អែកតាមអត្ថន័យខាងលើ ប្រហែលជាមានមនុស្សមួយចំនួននៅតែយល់ច្រឡំឬប្រើដោយបន្លំចំពោះអត្ថន័យនៃពាក្យ «ស្នេហាជាតិ» ឬ «ក្បត់ជាតិ»។ ម្ល៉ោះហើយ ពាក្យ «ស្នេហាជាតិ» ឬ «ក្បត់ជាតិ» ត្រូវបានគេប្រើប្រាស់ដើម្បីផលប្រយោជន៍នយោបាយច្រើនជាងផលប្រយោជន៍ជាតិទៅទៀត។

មានមនុស្សមួយក្រុម ហាក់យល់ថា មានតែក្រុមខ្លួនទេ ដែលស្នហាជាតិ រីឯមនុស្សមួយក្រុមទៀត មិនស្នេហាជាតិដូចក្រុមខ្លួននោះទេ រហូតចោទគេថា «ក្បត់ជាតិ»។ ក្រុមនេះ គឺសំដៅដល់មជ្ឈដ្ឋានមនុស្សមួយចំនួន ឬអាចភាគច្រើន មកពីក្រុមអតីតបក្សប្រឆាំង ដែលតែងតែមើលមកមនុស្សនៃបក្សកាន់អំណាច ជាពិសេស មន្ត្រីរាជការដែលមកពីបក្សកាន់អំណាចឬមាននិន្នាការទៅរកគណបក្សកាន់អំណាច ថាជាមនុស្សមិនស្នេហាជាតិ មិនស្មោះត្រង់នឹងជាតិ ឬរហូតហៅថាជា «ជនក្បត់ជាតិ» ក៏មាន។

មជ្ឈដ្ឋានមនុស្សមួយចំនួនមកពីក្រុមអតីតបក្សប្រឆាំង តែងតែលើកតម្កើងក្រុមខ្លួនថាជាវីរៈជន ឬជា «ជនស្នេហាជាតិ» ស្រឡាញ់ជាតិជាងក្រុមណាៗទាំងអស់។ បើមានបុគ្គណាម្នាក់មិនយល់ស្របនឹងឧត្តមគតិនយោបាយរបស់ខ្លួន ក៏តាំងចោទគេថា ជាអាយ៉ងបក្សកាន់អំណាច ឬជា «ជនក្បត់ជាតិ» ក៏សឹងមាន។

បើគ្រាន់តែឃើញអ្នករាជការមួយចំនួនចូលរួមហែរក្បួនបក្សកាន់អំណាច ក៏នាំគ្នាប្រមាថកាតទានគេឥតសំចៃមាត់ ថាគេមិនចេះស្រឡាញ់ជាតិដូចខ្លួន។ បុគ្គលម្នាក់នៅពេលកំពុងចូលរួមជីវភាពនយោបាយជាមួយបក្សប្រឆាំង ត្រូវបានបក្សប្រឆាំងលើកតម្កើងជាវីរៈជន ឬជា «ជនស្នេហាជាតិ» ដ៏ឧត្តុង្គឧត្តមណាស់, ប៉ុន្តែ គ្រាន់តែគ្នាបានផ្លាស់ប្តូរជីវភាពនយោបាយភ្លាម ជនដដែលនោះត្រូវបានចោទប្រកាន់ថាជាជនសំរាម ឬជា «ជនក្បត់ជាតិ» ជាដើម។ សូម្បីតែអ្នកវិភាគមួយចំនួន ដែលវិភាគខុសពីឧត្តមគតិនយោបាយក្រុមអតីតបក្សប្រឆាំង ក៏ត្រូវរងការចោទប្រកាន់ថាជា «ជនលក់ឧត្តមគតិ» ឬ «លក់ក្បាល» ឱ្យរាជរដ្ឋាភិបាលដែរ។ សរុបទៅ តើអ្វីទៅជាអត្ថន័យនៃពាក្យ «ស្នេហាជាតិ» ឬ «ក្បត់ជាតិ» ត្រូវបានកំណត់ដោយផ្អែកលើឧត្តមគតិនយោបាយរបស់ក្រុមខ្លួនតែប៉ុណ្ណោះ។

ដូចគ្នាដែរ, មជ្ឈដ្ឋានក្រុមមនុស្សមួយចំនួន នៃបក្សកាន់អំណាចក៏មានឥរិយាបទស្រដៀងគ្នាដែរ, មិនសូវទុកអ្នកដទៃក្រៅពីបក្សខ្លួនក្នុងកែវភ្នែកទេ, មើលមកក្រុមដទៃ ដែលមិនស្របនឹងឧត្តមគតិនយោបាយខ្លួន សុទ្ធតែជាមនុស្សគ្មានបានការ ឬមនុស្សជ្រុលនិយម។ សូម្បីបញ្ញវន្តមួយចំនួនដែលមិនសូវស្របនឹងឧត្តមគតិខ្លួនឬមិនមែនជាបក្សពួកកូនចៅខ្លួន ត្រូវបានគេបង្កកទុកចោលក្បែរជញ្ជាំងឥតប្រើការដែរ។

មនុស្សមួយចំនួនតូចនៃបក្សកាន់អំណាច តែងតែយល់ថា មានតែក្រុមខ្លួនទេ ដែលស្រឡាញ់ជាតិ និងជួយជាតិច្រើនជាងគេ ឬ «ស្នេហាជាតិ» ច្រើនជាងគេ ហើយមានពេលខ្លះ ថែមទាំងបានចោទប្រកាន់មជ្ឈដ្ឋានមនុស្សមកពីបក្សប្រឆាំងថាជា «ជនក្បត់ជាតិ» ផងក៏មាន។

មនុស្សមួយចំនួនតូចនៃបក្សកាន់អំណាច ដែលជាប្រធានស្ថាប័នកាន់កិច្ចការជាតិតែឯងឬបែងចែកការងារតែបក្សពួក កូនចៅសាច់ញាតិខ្លួនឯង មិនឱ្យនរណាជួយឡើយ ព្រោះតែស្រឡាញ់ឬស្នេហាជាតិពេក។ ម្ល៉ោះហើយ ធ្វើឱ្យមន្ត្រីមួយចំនួនក្នុងបក្សស្រែក «ជយោបក្ស!» តែនឹងមាត់ ប៉ុន្តែ «បេះដូងគេពិតដែរឬយ៉ាងណា គ្មាននរណាដឹងទេ!» សមដូចលោកប្រធាន ម៉ៅ និយាយថា «មានច្រើនពេលដែលខ្ញុំសួរខ្លួនខ្ញុំថា តើអ្នកដែលស្រែក «ជយោម៉ៅ!» ខ្លាំងជាងគេ និងលើកបដាខ្ពស់ជាងគេ តើពិតទេ? ដូចដែលមានអ្នកខ្លះនិយាយថា «គេលើកទង់ក្រហមសំដៅវាយប្រហារទង់ក្រហមទេដឹង?»

តើពេលណាទើបខ្មែរឈប់ចោទប្រកាន់គ្នាពីរឿង «ស្នេហាជាតិ» ឬ «ក្បត់ជាតិ» ដោយផ្អែកតែទៅលើឧត្តមគតិនយោបាយ? ហេតុអ្វីមិនប្រកួតគ្នាលើការអភិវឌ្ឍជាតិ? ប្រទេសជាតិយើងអាចមានការអភិវឌ្ឍលឿនជាងនេះ មានភាពធន់ជាងនេះ មានសន្តិភាពនិងស្ថិរភាពរឹងមាំជាងនេះ មានយុត្តិធម៌សង្គមប្រសើរជាងនេះ ប្រជាពលរដ្ឋមានមោទនភាពនិងក្តីសង្ឃឹមខ្ពស់ជាងនេះ សង្គមយើងមានសុខដុមរមនាជាងនេះ បើមនុស្សគ្រប់សមាភាពសង្គមមិនត្រូវបានបោះបង់ចោល។

ប្រជាពលរដ្ឋខ្មែរតែងតែប្រាថ្នាចង់ឃើញបងប្អូនខ្មែរយើងទាំងអស់គ្នាជានាគ្នា ស្រឡាញ់គ្នា ទុកគ្នាជាឈាមជ័រតែមួយលើផែនដីខ្មែរដែលបន្សល់ទុកដោយតំណក់ឈាមដូនតាខ្មែរ, មានទំនួលខុសត្រូវសង្គមក្នុងនាមជាខ្មែរដែលស្នេហាជាតិ ទឹកដី សម្បត្តិវប្បធម៌ ធនធានធម្មជាតិ និងមរតកដូនតាខ្មែរទាំងអស់គ្នា។

ការទុកខ្មែរដូចគ្នាជាសត្រូវ មិនបាននាំមកផលចំណេញអ្វីដល់ជាតិទេ។ កុំចេះតែនាំគ្នាគិតថា មានតែក្រុមនេះស្នេហាជាតិ ក្រុមនោះមិនស្នេហាជាតិ, កុំចេះតែដណ្ដើមគ្នាស្នេហាជាតិផ្តាច់មុខ រហូតដល់ជាតិរលាយ។ ប្រវត្តិសាស្ត្របានបង្រៀនយើងហើយ ចរិតស្នេហាជាតិផ្តាច់មុខហ្នឹងហើយ ដែលជាតិយើងស្ទើរបាត់ស្រមោលពីផែនទីពិភពលោក៕

ដោយ ៖ សិលា


ចែករំលែក៖