ភ្នំពេញ ៖ ជនសង្ស័យ៦នាក់ ចូលលួចសំភារះក្នុងរោងចក្រត្រូវ បានថៅកែចិនតាមទាន់ ចាប់វាយគ្នា ទៅវិញទៅមកបណ្តាលឲ្យរបួសទាំងសងខាងចាប់ជនសង្ស័យម្នាក់ ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦ នៅចំណុចរោងចក្រមួយកន្លែងជាប់របងវត្តអង្គតាមិញ ភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
តាមសាក្សីនៅកន្លែងបានអោយដឹងថា នៅមុនពេលកើតហេតុ គេបានឃើញជនសង្ស័យមានគ្នា៣នាក់រត់ចេញពីក្នុងរោងចក្រ ដោយស្ថានភាពរបួសពេញខ្លួនហើយម្នាក់បានទៅសម្ងំនៅក្រោយផ្ទះប្រជាពលរដ្ឋ ដោយឃើញបែបនេះ ម្ចាស់ផ្ទះក៏បានខលហៅសមត្ថិកិច្ចចុះមកដល់ចំណុចកើតហេតុភ្លាម ។
សាក្សីដដែលបានបន្តថា បន្ទាប់ពីសមត្ថកិច្ចចុះមកដល់ប្រជាពលរដ្ឋបានប្រាប់អោយទៅមើលក្នុងរោងចក្រ ខណៈបើកមើលស្រាប់តែឃើញជនជាតិចិនចំនួន២នាក់ប្តីប្រពន្ធរងរបួសដោយត្រូវជនសង្ស័យវាយបណ្តាលអោយរងរបួសធ្ងន់បាក់ជើងទាំង២នាក់ ។
តាមការសារភាពពីជនសង្ស័យឈ្មោះ ចេក ចន្នី ភេទប្រុស អាយុ២៩ ឆ្នាំ មុខរបរត់ម៉ូតូឌុប ស្នាក់ម្តុំលូប្រាំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ នៅមុនពេលកើតហេតុ ប៉ុន្មានថ្ងៃមុន ពួកគេបានមកលួចម្តងរួចមកហើយ ដោយយកបានទូរស័ព្ទដៃ និងលេបថបមួយគ្រឿង លុះរហូតមកដល់ថ្ងៃកើតហេតុពួកគេមានគ្នា៦នាក់បានផឹកស៊ីស្រវឹងហើយក៏បបួលគ្នាមកចូលក្នុងរោងចក្រដើម្បីលួចលុយ និងសំភារ ។
បន្ទាប់មកពួកគេក៏ព្រមព្រៀងគ្នាហើយបានជិះម៉ូតូ២គ្រឿងមកធ្វើសកម្មភាពតែម្តង ។
ជនសង្ស័យបានបន្តថា ខណៈមកដល់ពួកគេ៤នាក់បានចូលទៅខាងក្នុង ដើម្បីធ្វើសកម្មភាពចំណែក២នាក់ទៀតនៅចាំមើលផ្លូវ ។ ខណៈដែលពួកគេចូលទៅដល់កំពុងធ្វើសកម្មភាព ស្រាប់តែចិនដែលនៅខាងក្នុងដឹងខ្លួនហើយពួកគេក៏បានព្រួតវាយបណ្តាលអោយរងរបួស២នាក់ ចំណែកម្នាក់ទៀតមិនមានរងបួសទេ ហើយពួកគេបានរត់ផ្លោះរបងចេញមកក្រៅតែម្តង ។
ក្រោយពេលកើតហេតុ ជនរងគ្រោះរួមទាំងជនសង្ស័យ ដែលរបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្គ្រោះ ។ ដោយឡែកជនសង្ស័យដែលគេចខ្លួនសមត្ថកិច្ចកំពុងកំណត់មុខសញ្ញាតាមចាប់យកមកផ្តន្ទាទោសតាមច្បាប់ ៕ សុខាសែនជ័យ