ភ្នំពេញ៖ រនាំងដែកពុះចែកទ្រូងផ្លូវបានដាច់បាក់រៀបដល់ដីអស់ចំនួន8ផ្ទាំង ដោយសារតែរថយន្តបង្កម៉ាកព្រូសបើកលឿន ក៏បានដាច់កាឡែកង់មុខជ្រុលចង្កូតទៅបុករះ ហើយរថយន្តបង្កក៏រងការខូចខាតផងដែរ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង១០នាទីជិតភ្លឺ ឈានចូលថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦ នៅខាងត្បួងស្ទុបពេទ្យចិនប្រហែល២០០ម៉ែត្រ តាមបណ្ដោយផ្លូវព្រះមុនីវង្ស ស្ថិតក្នុងសង្កាត់បឹងកេងកង២ ខណ្ឌចំការមន។
តាមសាក្សីដែលឃើញហេតុការណ៍ខាងលើបានប្រាប់ឲ្យដឹងថា ដំបូងគេឃើញរថយន្តបង្កម៉ាកព្រូស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AI.5125 ដែលគេដឹងថាបើកបរដោយមានបុរសពីនាក់ក្នុងរថយន្តទិសដៅពីជើងទៅត្បួងក្នុងល្បឿនលឿន ខណះកំពុងតែបើក ក៏ស្រាប់តែរថយន្តបានដាច់កាឡែកង់មុខផ្នែងខាងឆ្វេង បណ្ដាលឲ្យរេចង្កូតទៅបុករះរនាំងដែកពុះចែកទ្រូងផ្លូវបាក់រៀបអស់ចំនួន8ផ្ទាំង ហើយរថយន្តបង្កក៏បានរងការខូចខាតខាងមុខយ៉ាងដំណំផងដែរ ។
ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានមិនបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួសនោះទេ ។ ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុភ្លាមៗរួចបានទំនាក់ទំនងទៅជំនាញឲ្យចុះមកធ្វើការវាស់វែងយករថយន្តបង្កនោះទៅរក្សានៅចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បរងចាំដោះស្រាយគ្នានៅពេលក្រោយ ៕ ជីម ភារ៉ា ដង្កោ