ភ្នំពេញ៖ ក្រុមហ៊ុន ឌីសនី (Disney) របស់សហរដ្ឋអាមេរិកបានចុះហត្ថលេខា ទិញកាបូនរេដបូក (Carbon Redd+) នៅដែនជម្រកសត្វព្រៃកែវសីមាតម្លៃ២,៦លានដុល្លារពីរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងបរិស្ថានក្នុងកិច្ចសន្យារយៈពេល២ឆ្នាំ។
អ្នកធ្វើការងារទាក់ទងបរិស្ថានគាំទ្រ ចំពោះគម្រោងនេះ។ ជាប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជាដែលអាចរកលុយ២,៦លានដុល្លារក្នុងរយៈពេល២ឆ្នាំលើផ្ទៃព្រៃជិត ២សែនហិកតា(១៦៥.០០០)ដោយមិន ចាំបាច់កាប់បំផ្លាញព្រៃឈើ ខណៈឈ្មួញមួយចំនួនកំពុងកាក់កបនឹងរបរកាប់ព្រៃឈើលក់។ ដើម្បីការពារបុព្វហេតុនេះ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ ប្រកាសដាក់ជីវិតនយោបាយលើគម្រោងនេះ។
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីគម្រោងការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ពីការបាត់បង់ និងរេចរឹលព្រៃឈើ ឬហៅថា ដេកបូក (REDD+) ធ្វើនៅក្រសួង បរិស្ថានថ្ងៃទី១១ ខែសីហា មានការចូល រួមពីរដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ និងអង្គការសមាគមអភិរក្សសត្វព្រៃនៅកម្ពុជា (WCS) ដែលបានធ្វើការងារទាក់ទងកិច្ចការពារព្រៃឈើនៅកម្ពុជា។
លោក សាយ សំអាល់ បញ្ជាក់ថា គម្រោងនេះគឺជាគម្រោងសាកល្បងលើកទីមួយហើយលោកមានជំនឿថានឹងមានដៃគូអភិវឌ្ឍន៍ផ្សេងមកចាប់ដៃគូជាមួយ រដ្ឋាភិបាលដើម្បីអភិរក្សព្រៃឈើបែបនេះ៖ «ខ្ញុំដាក់ជីវិតនយោបាយខ្ញុំលើរឿងហ្នឹងហើយ អ៊ីចឹងទេសុំអំពាវនាវឲ្យបងប្អូនទាំងអស់គ្នាចូលរួមនេះជាឱកាសមាសឱកាស ប្រាក់ហើយ»។
ដូចគ្នានេះដែរ តំណាងអង្គការសមា គមអភិរក្សសត្វព្រៃនៅកម្ពុជា លោក រ៉ូស ស៊ីនក្លែរ (Ross Sinclair) ថា នេះគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះ។ លោកថា ជាច្រើន ឆ្នាំមកហើយ កម្ពុជាបានទុកឲ្យជីវចម្រុះនៅស្ថិតក្នុងភាពឯកាមួយ។
លោក សាយ សំអាល់ មិនទាន់ឲ្យ ដឹងថា ថវិកាដែលទទួលបាននេះផ្តល់ដល់ ថ្នាក់មូលដ្ឋានឬពលរដ្ឋដែលចូលរួមការពារនិងថែរក្សាព្រៃឈើក្នុងកម្រិតណានោះទេ។ ប៉ុន្តែលោកថា ក្រសួងនឹងផ្ដល់កញ្ចប់ថវិកាទៅពលរដ្ឋក្នុងតំបន់ព្រៃការពារឲ្យ ពួកគេចេះបច្ចេកទេសចិញ្ចឹមសត្វនិងដាំ ដំណាំជាដើម។ មន្ត្រីជំនាញក្រសួងបរិស្ថានទទួលបន្ទុកអគ្គនាយកនៃអគ្គនាយកដ្ឋាន រដ្ឋបាលការពារ និងអភិរក្សធម្មជាតិ លោក ជា សំអាង បញ្ជាក់ថា ក្រៅពីដែនជម្រកសត្វ ព្រៃកែវសីមាធ្វើការកាត់បន្ថយការបំភាយ ឧស្ម័នផ្ទះកញ្ចក់ពីការបាត់បង់និងការរេច រឹលព្រៃឈើឬហៅថារេដបូកក្រសួងកំពុងរៀបចំយកតំបន់ព្រៃឈើផ្សេងទៀតឬព្រៃឡង់ដើម្បីលក់បន្តទៀត។
មន្ត្រីជំនាញ ក្រសួងបរិស្ថានដដែល បញ្ជាក់ថាឥណទានកាបូននេះត្រូវបានគេដាក់នៅលើទីផ្សារកាបូនស្ម័គ្រចិត្តដោយមានការចុះបញ្ជីជាអន្តរជាតិដែលអាចឲ្យក្រុមហ៊ុនឯកជននិងអង្គការធ្វើការបង់ប្រាក់ ខណៈក្រុមអ្នកទាំងនោះធ្វើសកម្មភាពប៉ះពាល់បរិស្ថាន។ លោកថា នៅពេលខាង មុខនេះក្រុមអ្នកទាំងនោះនឹងមានកាតព្វកិច្ចដើម្បីចូលរួមចំណែកកាត់បន្ថយឧស្ម័នផ្ទះ កញ្ចក់៖«ពេលនេះតម្លៃអត់ទៀងទេ ព្រោះឥឡូវជាទីផ្សារស្ម័គ្រចិត្តប៉ុន្តែយើងសង្ឃឹមថា ទៅថ្ងៃអនាគតវានឹងក្លាយទៅជាទីផ្សារកាតព្វកិច្ចដែលយើងអាចលក់ថ្លៃខ្ពស់»។ផ្ទៃដីនៃដែនជម្រកសត្វព្រៃកែវសីមាមានសរុបជិត៣សែនហិកតា (២៩២.០០០)ប៉ុន្តែផ្ទៃ ដីដែលអាចធ្វើកាបូនរេដបូកដែលមិនទាន់កាប់បំផ្លាញព្រៃឈើមានចំនួន១៦៥.០០០ហិកតា។ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោក វីល្លៀម ហៃដ្ដ៍ (William Heidt) ថ្លែងក្នុងឱកាស នោះដែរថាគម្រោងនេះនឹងដោះស្រាយបានចំពោះការកាប់បំផ្លាញព្រៃឈើផ្ដល់ជម្រកសត្វព្រៃនិងរក្សាកម្មសិទ្ធិដីធ្លី។ លោកថា គម្រោងនេះទទួលបានការគាំទ្រយ៉ាងច្រើនពីសហគមន៍អន្តរជាតិ៖ «មានកិច្ចព្រមព្រៀងថ្ងៃនេះ ព្រោះមានការ គាំទ្រយ៉ាងច្រើនពីសហភាពអឺរ៉ុបទីភ្នាក់ ងារជប៉ុនទីភ្នាក់ងារអភិវឌ្ឍន៍បារាំង…»។ សព្វថ្ងៃដែនជម្រកសត្វព្រៃកែវសីមាមានកាបូនរេដបូក១២លានតោនហើយការ លក់ពេលនេះ
ត្រឹមតែជាផ្នែកខ្លះប៉ុណ្ណោះ។ តំបន់ដែលលក់កាបូនបានគឺជាតំបន់ដែលធានាថាគ្មានការកាប់បំផ្លាញព្រៃឈើ ហើយស្តុកកាបូននោះមានស្ថិរភាព៕ សហការី