ព័ត៌មានទាន់ហេតុការណ៍៖

បុរសវ័យជាង៣០ឆ្នាំចងកនៅក្នុងបន្ទប់ទឹក ក្រោយពីម្ដាយយកមកស្រោចទឹកបណ្តេញគ្រោះចង្រៃបាន១ថ្ងៃ

ចែករំលែក៖

ខេត្តកណ្ដាល៖ មានការភ្ញាក់ផ្អើលមួយ ដោយប្រទះឃើញ បុរសម្នាក់ចងកធ្វើអត្តឃាតខ្លួន នៅក្នុងបន្ទប់ទឹក វត្តកែវមុន្នីវ័ន្ត ( វត្តព្រែកឬស្ស ) កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦ ស្ថិតក្នុងឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល ។

ជនរងគ្រោះឈ្មោះ រឿន សារិត ភេទប្រុស អាយុ៣៤ឆ្នាំសញ្ជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិឌួង សង្កាត់ព្រែកព្នៅ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៦ ម្ដាយជនរងគ្រោះ ឈ្មោះ ម៉ៅ លាង បានយកជនរងគ្រោះ មកស្រោចទឹកនៅវត្តព្រែកឬស្ស ភូមិព្រែកឬស្ស ឃុំសំបួរមាស ហើយទុកជនរងគ្រោះ ឲ្យនៅជាមួយលោកសង្ឃ ម្ដាយក៏ត្រឡប់ទៅផ្ទះវិញ លុះថ្ងៃកើតហេតុស្រាប់តែជនរងគ្រោះ បានយកខ្សែនីឡុងទៅចងកសម្លាប់ខ្លួនតែម្ដង ។

ក្រោយពេលកើតហេតុ កម្លាំងជំនាញបានចុះដល់កន្លែងកើតហេតុ ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន បាន ពិនិត្យលើសាកសពឃើញមានស្លាកស្នាម ដូចខាងក្រោម ទី១.ស្នាមជាំខ្មៅលើ ក ទី២.រលាត់ស្បែក លើជើងទាំងសងខាង ទី៣.ហូរទឹកមាត់រាវតាមច្រមុះ និងក្រៅពីស្លាកស្នាមខាងលើ ពុំបានពិនិត្យឃើញ មានស្លាកស្នាមអ្វីទៀតឡើយ។

សមត្ថកិច្ចសន្និដ្ឋានទៅលើសាកសព្វឈ្មោះ រឿន សារិត ពិតជាចងក សម្លាប់ខ្លួនពិតប្រាកដមែន ។

ក្រោយពីពិនិត្យ សាកសពត្រូវបានប្រគល់ជូន ទៅឲ្យក្រុមគ្រួសារដើម្បីយកទៅ ធ្វើបុណ្យតាមប្រពៃណី ៕ ឡូសំអាត

Lo samath


ចែករំលែក៖