ព័ត៌មានទាន់ហេតុការណ៍៖

អ្នកវិភាគសេដ្ឋកិច្ចគាំទ្ររាជរដ្ឋាភិបាលដែលបានដាក់ចេញនូវការបណ្តុះបណ្តាលអ្នកជំនាញវិជ្ជាជីវៈចំនួន១លាន៥សែននាក់ដល់ពលរដ្ឋកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ អ្នកជំនាញសេដ្ឋកិច្ចកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានបង្ហាញការគាំទ្រចំពោះគោលនយោបាយរបស់រាជរដ្ឋាភិបាល តាមរយៈការងារងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការបណ្តុះបណ្តាលអ្នកជំនាញវិជ្ជាជីវៈចំនួន១លាន៥សែននាក់ ដើម្បីជំរុញកំណើនការងារពិតប្រាកដ និងទទួលបានចំណូលខ្ពស់។

ថ្លែងក្នុងកិច្ចពិភាក្សាពិសេស លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិតសភាកម្ពុជា និងជាអ្នកវិភាគសេដ្ឋកិច្ចបានមានប្រសាសន៍ថា ស្ថានភាពជាក់ស្តែងកម្ពុជានៅខ្វះខាតកម្លាំងពលកម្មនៅឡើយ ព្រោះនៅតាមតំបន់សេដ្ឋកិច្ចពិសេស គេបានត្រូវការកម្លាំងពលកម្មមួយចំនួន ប៉ុន្តែមិនសូវមានប្រជាពលរដ្ឋទៅដាក់ពាក្យធ្វើការទេ។  ត្រង់កន្លែងនេះ លោកបានចាត់ទុកថា មកពីការផ្សព្វផ្សាយពីការជ្រើសរើសនេះ នៅមានកម្រិតនៅឡើយ ឬក៏កម្លាំងពលកម្មយើងវាពិតជាខ្វះខាត។  

លោកបញ្ជាក់ថា បានមើលឃើញថា ផែនការបណ្តុះបណ្តាលអ្នកជំនាញវិជ្ជាជីវៈចំនួន១លាន៥សែននាក់ដែលកំពុងអនុវត្តន៍នេះ គឺជាចំណុចល្អ ក្នុងការបង្កើតមូលធនមនុស្សនៅកម្ពុជា។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិតសភាកម្ពុជា និងជាអ្នកវិភាគសេដ្ឋកិច្ចបានបន្តថា ៖ « ចំណុចសំខាន់មួយដែលខ្ញុំគាំទ្ររាជរដ្ឋាភិបាលគឺការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់ប្រជាពលរដ្ឋចំនួន១លាន៥សែននាក់ ក្នុងគោលដៅបង្កើតនូវមូលធនមនុស្ស ។ អ៊ីចឹងការបង្កើតមូលធនមនុស្សឱ្យខ្លាំងគឺត្រូវមានជំនាញវិជ្ជាជីវៈ ។ ហើយជំនាញវិជ្ជាជីវៈនេះចែកចេញជាពីរ គឺវិជ្ជាជីវៈសម្រាប់បង្កើនប្រាក់ចំណូលរបស់គាត់  និងវិជ្ជាជីវៈសម្រាប់កំណើនរយៈពេលវែង» ។ 

លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈបានលើកឡើងថា កម្មវិធីបណ្តុះបណ្តាលថ្នាក់ជាតិដែលចាប់ផ្តើមពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ រហូតដល់ពេលនេះ ក្រសួងការងារទទួលបានយុវជន ចុះឈ្មោះចូលសិក្សាជំនាញ ជាង៨ម៉ឺននាក់ ហើយ ក្នុងនោះ ស្រីជាង៣ម៉ឺននាក់ ។ 

លោករដ្ឋលេខាធិការបន្ថែមថា វិស័យអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេសបាននិងកំពុងចូលរួមយ៉ាងសកម្មលើការផលិតមូលធនមនុស្ស និងអភិវឌ្ឍកម្លាំងពលកម្មឱ្យមានជំនាញ ចំណេះដឹង សមត្ថភាព ការប្រកួតប្រជែងខ្ពស់ មានភាពធន់ បត់បែន អាចឆ្លើយតបតាមតម្រូវការ នៃការវិវត្តយ៉ាងឆាប់រហ័ស នៃមូលដ្ឋានសេដ្ឋកិច្ច ឧស្សាហកម្ម និងបច្ចេកវិទ្យាឌីជីថល ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដោយធានាថា «ពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត» និងអនុវត្តតាមអភិក្រមរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត គឺ “រៀនឱ្យចប់ រៀនឱ្យចេះ ឱ្យមានការងារធ្វើ”។

លោកអ្នកនាំពាក្យបានអំពាវនាវដល់យុវជនដែលមិនទាន់បានចុះឈ្មោះ ចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សូមរួសរាន់មកចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានដែលនៅក្បែរមូលដ្ឋានរបស់ខ្លួន។ យុវជនដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅតែទទួលការរៀនជំនាញដោយឥតគិតថ្លៃ និងថែមទាំងទទួលបានប្រាក់ឧបត្ថម្ភថែមទៀត៕

ប្រភព «CCFR China state-controlled media »


ចែករំលែក៖