ព័ត៌មានទាន់ហេតុការណ៍៖

លទ្ធផលនៃកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី៨ កិច្ចប្រជុំកំពូលយុទ្ធសាស្ត្រនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (អេកម៉ិក) លើកទី១០ និងកិច្ចប្រជុំកំពូលកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) លើកទី១១

ចែករំលែក៖

ភ្នំពេញ​៖​ នៅថ្ងៃទី៦-៧ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី៨ កិច្ចប្រជុំកំពូលអេកម៉ិក (ACMECS) លើកទី១០ និងកិច្ចប្រជុំកំពូលកម្ពុជា-ឡាវ- មីយ៉ាន់ម៉ា-វៀតណាម (CLMV) លើកទី១១។ កិច្ចប្រជុំកំពូលទាំងបីបានប្រព្រឹត្តទៅនៅទីក្រុងគុនមិញ នៃសាធារណរដ្ឋប្រជាមានិតចិន។

I. កិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី៨

ឯកឧត្តម លី ឈាង (Li Qiang) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិនបាន ដឹកនាំកិច្ចប្រជុំកំពូល GMS ក្រោមមូលបទ “ឆ្ពោះទៅកាន់សហគមន៍កាន់តែប្រសើរឡើង តាម រយៈការអភិវឌ្ឍដែលជំរុញដោយនវានុវត្តន៍”។ ថ្នាក់ដឹកនាំនៃបណ្តាប្រទេសមហាអនុតំបន់មេគង្គ បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ខ្លួនក្នុងការពង្រីក និងពង្រឹងកិច្ចខិតខំប្រឹងប្រែង រួមគ្នាឱ្យកាន់តែស៊ីជម្រៅ ដើម្បីបន្តការអភិវឌ្ឍប្រទេសមហាអនុតំបន់មេគង្គប្រកបដោយនិរន្តរភាព និងភាពជឿនលឿន និងធ្វើឱ្យមហាអនុតំបន់មេគង្គកាន់តែមានសមាហរណកម្ម វិបុលភាព ប្រកបដោយចីរភាព និងបរិយាបន្ន​ ។ 

ថ្នាក់ដឹកនាំនៃបណ្តាប្រទេសមហាអនុតំបន់មេគង្គ បានកត់សម្គាល់ដោយការពេញចិត្តចំពោះ វឌ្ឍនភាពជាច្រើនក្នុងការអនុវត្តកម្មវិធីយុទ្ធសាស្ត្រនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងក្របខ័ណ្ឌ មហាអនុតំបន់មេគង្គឆ្នាំ២០៣០ ដែលត្រូវបានអនុម័តនៅក្នុងកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គលើកទី៧ ដែលកម្ពុជាបានរៀបចំតាមប្រព័ន្ធវីដេអូ កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ ជាពិសេសលើ វិស័យកសិកម្ម ថាមពល បរិស្ថាន សុខាភិបាល ទេសចរណ៍ ដឹកជញ្ជូន ពាណិជ្ជកម្ម និងការវិនិយោគ។

ថ្នាក់ដឹកនាំនៃបណ្តាប្រទេសមហាអនុតំបន់មេគង្គ បានទទួលស្គាល់អំពីតួនាទីយ៉ាងសកម្ម របស់ដៃគូអភិវឌ្ឍន៍នានា ជាពិសេសចំពោះការគាំទ្រដោយឥតងាករេរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ចាប់តាំងពីការចាប់ផ្តើមកម្មវិធីនេះ ក៏ដូចជាការកើនឡើងនៃការគាំទ្ររបស់ដៃគូអភិវឌ្ឍន៍ផ្សេងទៀត។

នៅក្នុងកិច្ចប្រជុំកំពូលនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងសុន្ទរកថាផ្តោតសំខាន់លើ ការអភិវឌ្ឍដែលជំរុញដោយនវានុវត្តន៍។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីបញ្ហា ប្រឈមសកលដែលមានលក្ខណៈស្មុគស្មាញក្នុងអនុតំបន់មេគង្គ រួមមានភាពមិនប្រាកដប្រជានៃ សេដ្ឋកិច្ចសកល ការកើនឡើងនូវភាពតានតឹងភូមិសាស្ត្រនយោបាយ ការគំរាមកំហែងដល់ពាណិជ្ជ កម្មសេរី និងហានិភ័យទាក់ទងនឹងអាកាសធាតុ ព្រមទាំងបានសង្កត់ធ្ងន់ពីភាពចាំបាច់ក្នុងការ ពង្រឹងកិច្ចសហប្រតិបត្តិការ និងសមាហរណកម្មក្នុងតំបន់ឱ្យកាន់តែស៊ីជម្រៅថែមទៀត ដើម្បី ឆ្លើយតបភាពប្រឈមទាំងអស់នេះ។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានអបអរសាទរចំពោះវឌ្ឍនភាព ដែលអនុតំបន់សម្រេចបាន និងគូសបញ្ជាក់ពីកាលានុវត្តភាពដើម្បីទាញយកផលប្រយោជន៍ពីការធ្វើ ឌីជីថលូបនីយកម្ម និងនវានុវត្តន៍ដើម្បីពង្រីកសក្តានុពលសម្រាប់សមាហរណកម្ម និងការតភ្ជាប់ អនុតំបន់ឱ្យកាន់តែប្រសើរឡើង។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានកោតសរសើរដល់កិច្ចខិតខំ ប្រឹងប្រែងរបស់បណ្តាប្រទេសអនុតំបន់ទាំងអស់ក្នុងការបញ្ចប់ការរៀបចំយុទ្ធសាស្ត្រស្តីពីនវានុវត្តន៍ សម្រាប់ការអភិវឌ្ឍមហាអនុតំបន់មេគង្គឆ្នាំ២០៣០ ដែលជាចំណុចស្នូលក្នុងការសម្រេចបាននូវ ចក្ខុវិស័យនៃក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងមហាអនុតំបន់មេគង្គឆ្នាំ២០៣០។ 

សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានរំលេចអំពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការទទួលយក បដិវត្តន៍ឌីជីថល ដើម្បីសម្រេចបាននូវគោលដៅនៃការកសាងរដ្ឋាភិបាល និងសង្គមឌីជីថល ដូចដែលបានកំណត់នៅក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។

កិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គលើកទី៨ បានអនុម័ត៖ (ក) យុទ្ធសាស្ត្រស្តីពីនវានុវត្តន៍ សម្រាប់ការអភិវឌ្ឍនៃមហាអនុតំបន់មេគង្គឆ្នាំ២០៣០ និង (ខ) សេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំ កំពូលលើកទី៨ ដែលក្នុងនោះថ្នាក់ដឹកនាំទាំងអស់បានទទួលស្គាល់សមិទ្ធផលដែលសម្រេចបាន នាពេលថ្មីៗ និងបានគូសបញ្ជាក់ពីទិសដៅអនាគតសម្រាប់កិច្ចសហប្រតិបត្តិការឆ្ពោះទៅរកការសម្រេច បាននូវចក្ខុវិស័យរួមក្នុងការកសាងអនុតំបន់ ដែលមានការរួបរួមគ្នា វិបុលភាព ចីរភាព និងបរិយាបន្ត កាន់តែប្រសើរឡើង។

II- កិច្ចប្រជុំកំពូលយុទ្ធសាស្ត្រនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច អាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (អេកម៉ិក) លើកទី១០៖

ឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ដន (Sonexay Siphandone) នាយករដ្ឋមន្ត្រីនៃ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវបានដឹកនាំកិច្ចប្រជុំកំពូលអេកម៉ិកក្រោមមូលបទ “ឆ្ពោះទៅកាន់ការតភ្ជាប់ដោយរលូនសម្រាប់សមាហរណកម្មអនុតំបន់មេគង្គ” ថ្នាក់ដឹកនាំអេកម៉ិក បានអះអាងសាជាថ្មីនូវការប្តេជ្ញាចិត្តចំពោះអនុតំបន់ដែលមានសមាហរណកម្មពេញលេញ ផ្តោតលើ ការតភ្ជាប់ដោយរលូន សេដ្ឋកិច្ចអេកម៉ិកដែលមានភាពស៊ីចង្វាក់ និងកិច្ចសហប្រតិបត្តិការដែលមាន ភាពឆ្លាតវៃនិងចីរភាព ដែលជាមូលដ្ឋានគ្រឹះរឹងមាំសម្រាប់សន្តិភាព ស្ថិរភាព ការអភិវឌ្ឍប្រកបដោយ ចីរភាព និងវិបុលភាព សម្រាប់ប្រជាជននៃប្រទេសជាសមាជិកទាំងមូល។

ថ្នាក់ដឹកនាំអេកម៉ិកបានកោតសរសើរឡាវចំពោះភាពជាប្រធានអេកម៉ិក នាពេលកន្លងមក និងថៃចំពោះការខិតខំប្រឹងប្រែងយ៉ាងម៉ត់ចត់ក្នុងការបង្កើតបាននូវលេខាធិការដ្ឋានអេកម៉ិកបណ្តោះ អាសន្ន និងការចុះហត្ថលេខាក្នុងនាមប្រទេសសមាជិកទាំងអស់លើអនុស្សរណៈនៃការយោគយល់ គ្នាជាមួយវិទ្យាស្ថានមេគង្គ ដើម្បីជួយគាំទ្រដល់លេខាធិការដ្ឋានអេកម៉ិកបណ្តោះអាសន្ន សំដៅ លើកកម្ពស់កម្រិតនៃកិច្ចសហប្រតិបត្តិការអេកម៉ិកបន្ថែមទៀត។

ថ្នាក់ដឹកនាំអេកម៉ិកបានកត់សម្គាល់ដោយការពេញចិត្តថា ចាប់តាំងពីត្រូវបានបង្កើតឡើង ក្នុងឆ្នាំ២០០៣ អេកម៉ិកបានទទួលនូវវឌ្ឍនភាពជាច្រើន ក្នុងការសម្រេចនូវចក្ខុវិស័យនៃ “ការបង្រួម គម្លាតសេដ្ឋកិច្ចក្នុងតំបន់ និងការជំរុញវិបុលភាព ប្រកបដោយចីរភាព” ដោយផ្អែកលើស្មារតី សុខដុមរមនាយូរអង្វែង សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ដែលបានរួមចំណែកយ៉ាង ខ្លាំងដល់សមាហរណកម្មអាស៊ាន និងដំណើរការកសាងសហគមន៍អាស៊ាន។

ថ្នាក់ដឹកនាំអេកម៉ិកបានបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តឥតងាករេ ក្នុងការបង្កើតបាននូវអនុ តំបន់ដែលមានការតភ្ជាប់ល្អ និងវិបុលភាពសម្រាប់ទាំងអស់គ្នា។ ថ្នាក់ដឹកនាំអេកម៉ិកបានគូសបញ្ជាក់ ពីសារសំខាន់នៃកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព និងចីរភាពនៅក្នុងអេកម៉ិក ដោយផ្ត ល់អាទិភាពលើការតភ្ជាប់រូបវន្ត និងឌីជីថល ដើម្បីផ្សារភ្ជាប់ច្រករបៀងសេដ្ឋកិច្ច សមាហរណកម្មខ្សែ ច្រវាក់តម្លៃសកល និងអភិវឌ្ឍមូលធនមនុស្ស ជាពិសេសលើកកម្ពស់កម្លាំងពលកម្មវ័យក្មេង នៅ ក្នុងយុគសម័យនៃបដិវត្តន៍ឧស្សាហកម្មទីបួន។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថាបណ្តាប្រទេសអេកម៉ិកគួរតែកំណត់យកនូវ ចក្ខុវិស័យប្រកបដោយមហិច្ឆតាមួយ ដើម្បីធ្វើសហថាមពលផលិតកម្មស្បៀងតំបន់ឱ្យក្លាយជា មជ្ឈមណ្ឌលនាំចេញស្បៀងដ៏ធំបំផុតរបស់ពិភពលោក ជាពិសេសនៅក្នុងដំណាក់កាល ការរាំងស្ទះដល់ខ្សែច្រវាក់ផ្គត់ផ្គង់ពិភពលោក និងការកើនឡើងនៃតម្លៃទំនិញនាពេល

ថ្មីៗនេះ។

សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវឱ្យមានការប្រាស្រ័យទាក់ទងសកម្មបន្ថែមទៀតជាមួយ ដៃគូអភិវឌ្ឍន៍នានា និងការបង្កើតនូវមូលនិធិអភិវឌ្ឍន៍អេកម៉ិកឱ្យបានឆាប់ ដើម្បីជួយគាំទ្រដល់ គម្រោងអាទិភាពជាច្រើនរបស់អេកម៉ិក ដែលត្រូវការហិរញ្ញប្បទានជាចាំបាច់។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានសម្តែងនូវការគាំទ្រចំពោះសំណើពន្យាពេលសម្រាប់អនុវត្តផែនការមេអេកម៉ិកឆ្នាំ២០១៩- ២០២៣ និងរៀបចំសេចក្តីព្រាងផែនការមេថ្មី ដោយបញ្ចូលចក្ខុវិស័យថ្មីៗ ដែលឆ្លើយតបទៅនឹង បញ្ហាប្រឈមដែលកំពុងកើតឡើង។

ថ្នាក់ដឹកនាំអេកម៉ិកបានបញ្ចប់កិច្ចប្រជុំកំពូលអេកម៉ិកលើកទី១០ ដោយបានអនុម័តលើ សេចក្តីថ្លែងការណ៍ទីក្រុងវៀងចន្ទន៍ និងបានសម្រេចដាក់ឯកសារ”ទស្សនាទានស្តីពីការគ្រប់គ្រង ធនធានទឹកក្នុងអនុតំបន់មេគង្គ” ទៅក្នុងឧបសម្ព័ន្ធផែនការមេអេកម៉ិកឆ្នាំ២០១៩-២០២៣ និង អនុម័តការដាក់បញ្ចូលប្រទេសណូវែលសេឡង់ទៅក្នុងក្រុមទីពីរ នៃដៃគូអភិវឌ្ឍន៍របស់អេកម៉ិក។

III- កិច្ចប្រជុំកំពូលកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) លើកទី១១

ឯកឧត្តមនាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោង ឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៃ សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បានដឹកនាំកិច្ចប្រជុំកំពូល CLMV ក្រោមមូលបទ “មិត្តភាព និង សាមគ្គីភាពសម្រាប់សហគមន៍ដែលមានភាពធន់ និងវិបុលភាព”។ ថ្នាក់ដឹកនាំ CLMV បានពិនិត្យ ឡើងវិញនូវវឌ្ឍនភាពដែលសម្រេចបានចាប់តាំងពីកិច្ចប្រជុំកំពូល CLMV កាលពីឆ្នាំ២០២០ ដែល បានប្រព្រឹត្តទៅតាមរយៈប្រព័ន្ធវីដេអូ និងបានផ្លាស់ប្តូរទស្សនៈពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការក្នុង តំបន់។ ថ្នាក់ដឹកនាំ CLMV បានអះអាងសាជាថ្មីអំពីឆន្ទៈនយោបាយ និងសេចក្តីប្រាថ្នារួមគ្នាដើម្បី សន្តិភាព និងវិបុលភាពរួម តាមរយៈការជំរុញការអភិវឌ្ឍប្រកបដោយបរិយាបន្ន និងចីរភាព ព្រម ទាំងការលើកកម្ពស់សុខុមាលភាព និងគុណភាពជីវិតរបស់ប្រជាជន។

ទន្ទឹមនឹងការថ្លែងអំណរគុណដល់ប្រទេសមីយ៉ាន់ម៉ាសម្រាប់ភាពជាប្រធាន CLMV នាពេល កន្លងមក ថ្នាក់ដឹកនាំ CLMV បានកត់សម្គាល់ដោយការពេញចិត្តចំពោះវឌ្ឍនភាពជាបន្តបន្ទាប់ក្នុងការ អនុវត្តផែនការសកម្មភាព CLMV ដែលផ្តល់នូវលទ្ធផលសំខាន់ៗ និងបានរួមចំណែកបន្ថែមទៀតដល់ កិច្ចខិតខំប្រឹងប្រែងក្នុងការសម្រេចបាននូវក្របខ័ណ្ឌសម្រាប់ការអភិវឌ្ឍ CLMV ។ ថ្នាក់ដឹកនាំបានលើក ទឹកចិត្តឱ្យបន្តការជំរុញរួមគ្នានូវយុទ្ធនាការ “ប្រទេសបួន គោលដៅតែមួយ” ដើម្បីធានានូវទេសចរណ៍ ប្រកបដោយចីរភាព និងការទទួលខុសត្រូវ តាមរយៈការសម្របសម្រួលកាន់តែប្រសើរឡើង ការផ្លាស់ប្តូរ ព័ត៌មាននិងឧត្តមានុវត្តន៍ ភាពជាដៃគូរដ្ឋ-ផ្នែកឯកជន ជាពិសេស ការផ្សព្វផ្សាយនិងការអភិវឌ្ឍ ផលិតផលទេសចរណ៍។

និងគមនាគមន៍ជក្រកម្ពុជា * ថ្នាក់ដឹកនាំបានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម ការវិនិយោគ កសិកម្ម ថាមពល ឧស្សាហកម្ម ទេសចរណ៍ ការអភិវឌ្ឍធនធានមនុស្ស បច្ចេកវិទ្យាព័ត៌មាន (ICT) និងការដឹកជញ្ជូន ក្នុងគោលបំណងពន្លឿនកិច្ចខិតខំប្រឹងប្រែងរួមគ្នាឆ្ពោះទៅក្លាយជាមជ្ឈមណ្ឌលវិនិយោគនិងភ័ស្តុភារដែលមានភាពទាក់ទាញ និងរួមចំណែកដល់ការធ្វើសមាហរណកម្មសេដ្ឋកិច្ចក្នុង តំបន់ និងចក្ខុវិស័យសហគមន៍អាស៊ាន ២០៤៥។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានរំលេចថាកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កាក្នុងក្របខ័ណ្ឌ CLMV បានក្លាយជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ដែលសន្តិភាព និងស្ថិរភាព គឺជាកត្តា ចាំបាច់មិនអាចខ្វះបាន ក្នុងការធានាបាននូវសុវត្ថិភាព សុខុមាលភាព និងវិបុលភាពសម្រាប់ប្រជាជន ព្រមទាំងការពារផលប្រយោជន៍ក្នុងតំបន់។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានអំពាវនាវឲ្យជំរុញវិស័យ កសិកម្មជាអាទិភាពគន្លឹះ ដើម្បីទ្រទ្រង់ និងលើកកម្ពស់ផលិតភាព និងទិន្នផល សម្រាប់សន្តិសុខ ស្បៀង និងបានគូសបញ្ជាក់ពីតម្រូវការក្នុងការខិតខំប្រឹងប្រែងនៅក្នុងសេដ្ឋកិច្ចឌីជីថលដើម្បីជួយ ដល់សហគ្រាសធុនតូចនិងមធ្យម និងសារសំខាន់ក្នុងការទាញយកអត្ថប្រយោជន៍ពីផែនការការងារ ទី៤នៃគំនិតផ្តួចផ្តើមសម្រាប់សមាហរណកម្មអាស៊ាន និងយន្តការពាក់ព័ន្ធផ្សេងទៀត សំដៅ ដោះស្រាយឧបសគ្គផ្នែកហិរញ្ញវត្ថុក្នុងការអនុវត្តក្របខ័ណ្ឌអភិវឌ្ឍន៍ CLMV និងវិស័យអាទិភាពនានា។

ថ្នាក់ដឹកនាំ CLMV បានបញ្ចប់កិច្ចប្រជុំកំពូលដោយអនុម័តលើសេចក្តីថ្លែងការណ៍រួមស្តីពី កិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាមលើកទី១១៕ដោយ៖តារា

ខាងក្រោមនេះ​ជាលទ្ធផលនៃកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី៨​ លម្អិត​៖


ចែករំលែក៖