ព័ត៌មានទាន់ហេតុការណ៍៖

លោក ប៊ុន ហុន អញ្ជើញជាអធិបតីបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្រ្ត ស្តីពីការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ដល់ថ្នាក់ដឹកនាំរដ្ឋបាលខេត្តតាកែវ

ចែករំលែក៖

ខេត្តតាកែវ ៖ នៅសាលប្រជុំរដ្ឋបាលខេត្តតាកែវ នាព្រឹកថ្ងៃសុក្រ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្រ្ត ស្តីពីការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ឆ្នាំ២០២៤-២០២៨ ដល់ ថ្នាក់ដឹកនាំរដ្ឋបាលខេត្តតាកែវ។

អញ្ជើញចូលរួមនាឱកាសនោះ លោក លោកស្រី ប្រតិភូអមដំណើរ លោក យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត និង លោក វ៉ី សំណាង អភិបាលខេត្តតាកែវ ព្រមទាំង លោក លោកស្រី អភិបាលរងខេត្ត លោកព្រះរាជអាជ្ញារង លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរអង្គភាពជុំវិញខេត្ត តំណាងស្នងការនគរបាលខេត្ត តំណាងកងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត និង លោកអភិបាលស្រុកក្រុង អធិការនគរបាល មេបញ្ជាការមូលដ្ឋានអាវុធហត្ថ និងមេបញ្ជាការផ្នែកសឹករង ស្រុកក្រុង មេឃុំចៅសង្កាត់ និងនាយប៉ុស្ដិ៍រដ្ឋបាលឃុំសង្កាត់ទូទាំងខេត្ត ចូលរួម។

មានមតិស្វាគមន៍របាយការសង្ខេប លោក វ៉ី សំណាង អភិបាលខេត្ត បានមានប្រសាសន៍ថា ការអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព» ក្នុងរយៈពេលកន្លងមកនេះ បានផ្តល់នូវមេរៀនពិសោធន៍ និងទទួលបាននូវផែនការណែនាំ កែលម្អជាបន្តបន្ទាប់ ដើម្បីឆ្លើយតបទៅនឹងស្ថានភាពជាក់ស្តែងនាពេលបច្ចុប្បន្ន ពោលគឺចាប់ពីខែមករា ឆ្នាំ២០២១មក រាជរដ្ឋាភិបាល បាន សម្រេចកែលម្អលក្ខណសម្បត្តិនៃគោលនយោបាយ “ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព”ព្រមទាំងលើកកម្រិតគោលនយោបាយនេះជារបស់រាជរដ្ឋាភិបាល ដែលមានគោលបំណង បន្តកសាងនិងពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សង្គម លើកកម្ពស់អនាម័យ បរិស្ថាន សុខុមាលភាពប្រជាពលរដ្ឋ និងកាត់បន្ថយគ្រោះថ្នាក់ដែល បណ្តាល មកពីគ្រោះមហន្តរាយនិងជំងឺរាតត្បាតនៅគ្រប់កាលៈទេសៈ ព្រមទាំងលើកទឹកចិត្តឱ្យមានការដោះស្រាយ វិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការ។

មានប្រសាសន៍ចូលរួមនាឱកាសនោះ លោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារត្រួតពិនិត្យការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព សម្រាប់ខេត្តតាកែវ ក៏បានធ្វើការផ្សព្វផ្សាយគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព”» លក្ខណសម្បត្តិរបស់ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» រួមមាន៖

១-ផ្តល់សេវាសាធារណៈ ជាពិសេសសេវារដ្ឋបាលប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត

២.គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ

៣.មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍

៤-គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ពិសេសស្ត្រី និងកុមារ គ្មានអំពើហិង្សា ក្នុងគ្រួសារ និងគ្មានក្មេងទំនើង

៥-ដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធ តុលាការប្រកបដោយគុណភាព និងប្រសិទ្ធភាព

៦-មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ

៧-ឆ្លើយតបបានទាន់ពេលវេលាចំពោះ គ្រោះមហន្តរាយ និងរាល់ជំងឺឆ្លងរាតត្បាត កាចសាហាវ ប្រកបដោយប្រសិទ្ធភាព៕

ដោយ ៖ សិលា


ចែករំលែក៖