ភ្នំពេញ ៖បុរស២នាក់បានរងរបួសធ្ងន់ ខណៈជួបគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកម៉ូតូពេញទំហឹងសង្ស័យអ្នកបើកបរខ្វះការប្រុងប្រយ័ត្ន ។
គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង០៥និង៤៥នាទីល្ងាចថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦ នៅខាងជើងផ្សារដីហុយជិតស្តុប ស្ថិតក្នុងភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
ជនរងគ្រោះទី១ឈ្មោះ ពៅ រ៉ាវី ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរត់ម៉ូតូឌុប ស្នាក់នៅភូមិប៉ប្រក់ខាងត្បូង សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ ។ ជនរងគ្រោះទី២ មានឈ្មោះ វុិត ប៉ុន ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរធ្វើសំណង់ ស្នាក់នៅភូមិដីថ្មី សង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ និងមានស្រុកកំណើតភូមិឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះបានជិះម៉ូតូ១គ្រឿង ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០០៩ ពាក់ស្លាកលេខ ភ្នំពេញ 1AC 7739 ដោយបើកបរឌុបម៉ូយម្នាក់ពីក្រោយចេញពីក្នុងបុរីពិភពថ្មី មុខផ្សារដីហុយ ក្នុងទិសដៅពីត្បូងទៅជើង (បញ្ច្រាសទិស) លុះមកដល់ចំណុចកើតហេតុ ក៏មានជនរងគ្រោះបានជិះម៉ូតូ១គ្រឿងម៉ាកហុងដា សេ១២៥ សេរី ឆ្នាំ២០០៩ ដូចគ្នាជិះម្នាក់ឯង ក្នុងទិសដៅពីជើងទៅត្បូង (ស្របទិសដៅ) ក្នុងល្បឿនលឿនចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុកនឹងម៉ូតូដែលជិះបញ្ច្រាសទិសនោះពេញទំហឹង បណ្តាលឲ្យរងរបួសទាំង២នាក់តែម្តង ហើយត្រូវបានប្រជាពលរដ្ឋនៅក្បែរនោះជួយដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យឯកជនក្បែរនោះទាំង២នាក់ ។
ក្រោយកើតហេតុ ក៏មាននគរបាលចរាចរខណ្ឌសែនសុខចុះមកវាស់វែង និងយកម៉ូតូទាំង២គ្រឿង ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដើម្បីដោះស្រាយនៅពេលក្រោយ ៕ តុង សីហា