ព័ត៌មានទាន់ហេតុការណ៍៖

រឿង៖ មិនព្រមរៀបការ (ត)

ចែករំលែក៖

អូ! មិត្តវ៉ាន់តើ!មកពីសមរភូមិយូរហើយ ឬក៏ទើបតែមកដល់ហ្នឹងបានជាខ្ញុំទើបតែឃើញ។ បន្ទាប់ពីឮលោកគ្រូពេទ្យសួរទៅកាន់យោធាម្នាក់នោះ ទើបខ្ញុំដឹងថាយោធាម្នាក់នោះឈ្មោះមិត្ត វ៉ាន់ហើយទើបតែត្រឡប់មកពីសមរភូមិ។ មិត្តវ៉ាន់បានសំដែងការគួរសមដោយឆ្លើយតបទៅនឹងលោកគ្រូពេទ្យថា អូ!បងពេទ្យទេអី ? ខ្ញុំទើបតែមកប្រហែល បួនប្រាំថ្ងៃនេះទេ។ ខ្ញុំចាប់ផ្ដើមឆ្ងល់ក្នុងចិត្តថា មិត្តវ៉ាន់មកផ្ទះខ្ញុំរកអ្វី។ មិត្តវ៉ាន់បានញញឹមមកកាន់ខ្ញុំហើយសួរខ្ញុំថា តើខ្ញុំស្នាក់នៅផ្ទះនេះឬ? មិនតែប៉ុណ្ណោះមិត្តវ៉ាន់ក៏បានសួរមកខ្ញុំទៀតថា តើខ្ញុំស្នាក់នៅផ្ទះនេះចំនួនប៉ុន្មាននាក់ដែរ? ខ្ញុំកាន់តែមានចិត្តឆ្ងល់ខ្លាំងឡើងថា តើមូលហេតុអ្វីបានជាមិត្តវ៉ាន់សួរមកខ្ញុំច្រើនម្ល៉េះ តើគាត់កំពុងគិតអ្វីមួយទេដឹង។ មិនបង្អង់យូរ ខ្ញុំបានប្រាប់គាត់វិញថា ខ្ញុំស្នាក់នៅផ្ទះនេះជាមួយនឹងគ្រូពេទ្យបីនាក់ផ្សេងទៀត។ លោកគ្រូពេទ្យបានដើរត្រឡប់ទៅផ្ទះរបស់គាត់វិញហើយមិត្តវ៉ាន់បានដើរទៅជាមួយនឹងគាត់ដែរ។ ខ្ញុំឃើញអ្នកទាំងពីរ និយាយគ្នារហូតដល់ផ្ទះដែលគ្រូពេទ្យកំពុងស្នាក់នៅ ប៉ុន្តែខ្ញុំស្ដាប់មិនបានថាគាត់និយាយអំពីអ្វីខ្លះនោះទេ។

   លុះព្រឹកស្អែកឡើងខ្ញុំទៅមន្ទីរពេទ្យដូចសព្វមួយដង។នៅពេលដែលខ្ញុំកំពុងតែពិនិត្យជំងឺ លោកគ្រូពេទ្យបានមកខ្សឹបៗប្រាប់ខ្ញុំថា មិត្តវ៉ាន់ស្រលាញ់ពេញចិត្តនឹងខ្ញុំ ហើយមិត្តវ៉ាន់ បានសាកសួរអំពីប្រវត្តិរបស់ខ្ញុំកាលពីម្សិលមិញ។ លោកគ្រូពេទ្យក៏បានប្រាប់ប្រវត្តិរបស់ខ្ញុំទៅមិត្តវ៉ាន់រួចរាល់អស់ហើយដែរថែមទាំងគាត់បានបញ្ជាក់ប្រាប់ខ្ញុំថា មិត្តវ៉ាន់នឹងស្នើសុំខ្ញុំរៀបការ។លោកគ្រូពេទ្យក៏ចង់ដឹងអំពីការសម្រេចចិត្តរបស់ខ្ញុំចំពោះមិត្តវ៉ាន់ដែរ ព្រោះលោកគ្រូពេទ្យនឹងអាចនាំពាក្យសម្ដីរបស់ខ្ញុំទៅប្រាប់មិត្តវ៉ាន់វិញ។ ឮសម្តីលោកគ្រូពេទ្យភ្លាមខ្ញុំភ័យញ័រជង្គង់ខ្ញុំបានប្រាប់ទៅកាន់លោកគ្រូពេទ្យវិញថា ចាំខ្ញុំគិតមើលសិនលោកគ្រូពេទ្យ។ ចម្លើយរបស់ខ្ញុំគឺគ្រាន់តែឆ្លើយដើម្បីឲ្យរួចខ្លួនមួយគ្រាសិនតែប៉ុណ្ណោះតាមពិតពេលនោះខ្ញុំមិនទាន់ចង់បានប្ដីនោះទេ។ ពេលបាយថ្ងៃត្រង់ស្រាប់តែមិត្តវ៉ាន់បានមកដល់ផ្ទះរបស់ខ្ញុំម្ដងទៀត។ សាមាន និងហ៊ាបដែលជាមិត្តស្នាក់នៅនិងរៀនពេទ្យជាមួយខ្ញុំបាននាំគ្នាងើបចេញពីរោងបាយដើរចេញទៅបាត់ នៅពេលឃើញមិត្តវ៉ាន់ដើរមកដល់ដោយទុកឱ្យខ្ញុំនិងមិត្តវ៉ាន់នៅជាមួយគ្នាតែពីរនាក់ទៅវិញ។

   នៅពេលឃើញសភាពស្ងាត់ដូច្នេះមិត្តវ៉ាន់ បានសាកសួរខ្ញុំតាមត្រង់តែម្ដងថា តាមពិតតាំងតែពីខ្ញុំបានឃើញមិត្តនារីម្ដងល្ងាចមិញនេះខ្ញុំបានចាប់ចិត្តលើមិត្តនារីស្ទើរតែទប់មិនបានទៅហើយ ខ្ញុំបានសួរបងពេទ្យអស់ហើយប្រវត្តិរបស់សមមិត្តនារីខ្ញុំបានដឹងថាមិត្តនារីមិនទាន់មានគូនោះទេ ចុះបើខ្ញុំស្នើសុំមិត្តរៀបការនឹងខ្ញុំតើមិត្តព្រមដែរឬទេ? ឮសម្ដីមិត្តវ៉ាន់ភ្លាមខ្ញុំភ័យខ្លាំងណាស់ ព្រោះខ្ញុំមិនអាចបដិសេធនៅចំពោះមុខមិត្តវ៉ាន់បានភ្លាមនោះទេ។ ខ្ញុំបានឆ្លើយតបទៅគាត់វិញថា ឲ្យខ្ញុំគិតមើលសិនទៅពូ ខ្ញុំទើបតែស្គាល់ពូបែបនេះឱ្យខ្ញុំសម្រេចចិត្តលឿនពេកដូចជាពិបាកដែរពូ។ ខ្ញុំនិយាយមិនទាន់នឹងចប់ផង ស្រាប់តែមិត្តវ៉ាន់យកដៃរឹតដើមទ្រូងផងដកដង្ហើមដង្ហក់ដង្ហក់ៗផង ហើយក៏ដួលសន្លប់នៅលើគ្រែក្នុងផ្ទះរបស់ខ្ញុំ។ ឃើញដូច្នោះខ្ញុំភ័យខ្លាំងណាស់ ខ្ញុំបានស្រែកហៅឲ្យគេឯងជួយ។ មនុស្សម្នាបានមកជុំគ្នាហើយជួយគក់ច្របាច់និងធ្វើចលនាឲ្យមិត្តវ៉ាន់ រហូតមិត្តវ៉ាន់ដឹងខ្លួនធម្មតាវិញ។ ខ្ញុំមិនដឹងថាមិត្តវ៉ាន់មានអារម្មណ៍បែបណានោះទេ នៅពេលដែលគាត់ដឹងខ្លួនថែមទាំងឃើញមានមនុស្សម្នាក់មកជុំគ្នាបែបនេះ។ បន្ទាប់មកសមមិត្តវ៉ាន់ក៏ត្រឡប់ទៅវិញបាត់។សមមិត្តដែលបានមកជួយសង្គ្រោះមិត្តវ៉ាន់នាំគ្នាសួរខ្ញុំអំពីរឿងរ៉ាវដែលបានកើតឡើង។ ខ្ញុំបានឆ្លើយប្រាប់សមមិត្តទាំងអស់គ្នាតាមត្រង់។ សមមិត្តបានប្រាប់ខ្ញុំថា សមមិត្តវ៉ាន់ឧស្សាហ៍សន្លប់ណាស់តាំងពេលដែលគាត់ត្រឡប់មកពីសមរភូមិវិញ។

   ល្ងាចឡើងនៅពេលដែលខ្ញុំកំពុងតែហូបបាយជុំគ្នាបីនាក់នៅផ្ទះ ស្រាប់តែមិត្តវ៉ាន់បានមកដល់ផ្ទះរបស់ខ្ញុំម្ដងទៀត។ សមមិត្ត មាន និងហ៊ាប ក៏គេចចេញទៅបាត់ទៀត។ តើមិត្តនារីណាន ព្រមរៀបការជាមួយខ្ញុំទេ?បើមិនព្រមទេខ្ញុំនឹងឱ្យគេយកនារីទៅសម្លាប់ចោលជាមិនខាន។ មិត្តវ៉ាន់បានសួរនាំខ្ញុំទាំងឈរដោយនៅលើស្មើមានកាំភ្លើងស្ពាយមួយដើមផង។ ខ្ញុំភិតភ័យទន់ជង្គង់អស់ហើយនៅពេលដែលគាត់គំរាមខ្ញុំយ៉ាងដូច្នេះ ប៉ុន្តែខ្ញុំនៅតែឆ្លើយតបទៅគាត់វិញធម្មតាថា ខ្ញុំសុំគិតមួយយប់ទៀតសិនពូ។ មិត្តវ៉ាន់គ្រាន់តែស្ដាប់ឮខ្ញុំនិយាយតែប៉ុណ្ណឹងក៏លីកាំភ្លើងដើរចេញទៅបាត់។

   យប់ឡើងសាមាន ហ៊ាប និងខ្ញុំបានចូលដេកតាំងពីព្រលប់។ យើងដេកជជែកគ្នាខ្សឹបៗពីបញ្ហាផ្សេងៗដែលកើតមានឡើងនៅក្នុងការងារប្រចាំថ្ងៃរបស់យើង។ ណានតើឯងដឹងទេថា អង្គការឲ្យយើងរៀបការហើយណា។ ហ៊ាបបានចាប់ផ្ដើមការសន្ទនាដោយលើកយកពីរឿងរៀបការដែលអង្គការកំពុងតែចាត់ចែងឲ្យយើង។ចំណែកឯខ្ញុំបានប្រាប់ទៅហ៊ាបវិញថា ខ្ញុំដឹងហើយហ៊ាប! ដោយសារតែរឿងនេះហើយដែលខ្ញុំដេកគិតស្ទើរតែបែកខួរក្បាលទៅហើយ។ ចុះ ណាន ឯងគិតយ៉ាងម៉េចទៅ ខ្ញុំឮថាយោធាដែលមកជ្រើសរើសពួកយើងធ្វើជាប្រពន្ធនោះភាគច្រើនគឺជាជនពិការទៀតផង ខ្ញុំខ្លាចតែត្រូវបានប្ដីជាជនពិការទេលោកអើយ យើងនឹងត្រូវវេទនាជាមួយប្ដីអស់មួយជីវិតហើយ។ តើសេចក្តីសុខយើងនឹងមានមកពីណាទៅ?

តើសុភមង្គលយើងនិងកើតយ៉ាងម៉េចទៅ។ សាមាន បានបង្ហាញពីការព្រួយបារម្ភយ៉ាងខ្លាំងចំពោះអង្គការដែលកំពុងតែផ្គូផ្គងគូស្រករឱ្យយើងមិនមែនតែសាមាន និងហ៊ាប ទេដែលព្រួយបារម្ភនិងរឿងរៀបការចំណែកខ្ញុំវិញបារម្ភខ្លាំងណាស់ចំពោះរឿងនេះ។ ខ្ញុំបានសាកសួរទៅសាមាននិងហ៊ាបថា តើមិត្តទាំងពីរគិតដោះស្រាយដូចម្ដេច?រួចសាមានឆ្លើយទាំងអួលដើមកមកកាន់ខ្ញុំនិងភាពវិញថាខ្ញុំឮថាអ្នកប្រឆាំងនឹងអង្គការគ្មានលទ្ធផលល្អទេ។ បើយើងមិនព្រមរៀបការនោះ អង្គការនឹងចោទយើងថា យើងនៅជាប់កម្អែលចាស់ជាមិនខាន ហើយអង្គការនឹងយកយើងទៅលត់ដំ ឬកសាងក៏មិនដឹង។ ខ្ញុំខ្លាចណាស់ចុះមិត្តឯងមូលហេតុអ្វីបានជាមិនព្រមទទួលមិត្តវ៉ាន់ទៅ គាត់ខំស្រឡាញ់ឯងហើយបើតាមខ្ញុំមើលសកម្មភាពរបស់មិត្តវ៉ាន់រាល់ថ្ងៃឃើញថា គាត់ស្រឡាញ់ឯងដោយស្មោះត្រង់ហើយណា៎ ។ (នៅមានត)

 


ចែករំលែក៖