ព័ត៌មានទាន់ហេតុការណ៍៖

កម្ពុជាប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ឯកសារសន្ទស្សន៍ហានិភ័យអាកាសធាតុ លើកុមារជាលើកដំបូង

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងបរិស្ថាន សហការជាមួយអង្គការយូនីសេហ្វ នៅថ្ងៃទី ១៤ មករា ២០២៥ ម្សិលមុិញ បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ ឯកសារសន្ទស្សន៍ហានិភ័យអាកាសធាតុលើកុមារសម្រាប់ កម្ពុជា (CCRI) ជាលើកដំបូង។ នៅព្រឹត្តិការណ៍នេះក៏បានបង្ហាញពីការចុះហត្ថលេខាលើសេចក្តីប្រកាសស្តីពីកុមារ យុវជន និងសកម្មភាពអាកាសធាតុ ដោយបញ្ជាក់ពីការប្តេជ្ញាចិត្តរួមចំពោះគោលនយោបាយអាកាសធាតុដែល ផ្តោតលើកុមារ ។

   លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងប្រាប់បណ្តាញសារព័ត៌មានថា៖ “ព័ត៌មានសន្ទស្សន៍ហានិ ភ័យអាកាសធាតុសម្រាប់កុមារ ពិតជាមានសារៈសំខាន់ ក្នុងការផ្តល់ជាផែនទីបង្ហាញផ្លូវបន្ថែមទៀតសម្រាប់ រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងបរិស្ថាន និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្នុងការកំណត់សកម្មភាពអាទិភាពដែល គិតគូរ ដល់សុខមាលភាព និងកិច្ចការពារកុមារដែលងាយរងគ្រោះបំផុត ដោយធានាថាការកាត់បន្ថយហានិភ័យ គ្រោះមហន្តរាយ និងយុទ្ធសាស្ត្របន្សំនឹងការប្រែប្រួលអាកាសធាតុ គឺត្រូវបានបញ្ចូល និងផ្តោតលើតម្រូវការ របស់កុមារ និងយុវជន”។

   លោករដ្ឋមន្រ្តីបានថ្លែងដោយបញ្ជាក់ថា “ព័ត៌មានទាំងនេះក៏បានផ្តល់ជាធាតុចូលក្នុងការរៀបចំអន្តរាគមន៍ និងកម្មវិធីអប់រំអំពី ហានិភ័យអាកាសធាតុ និងគ្រោះមហន្តរាយ សំដៅជួយកុមារ និងគ្រួសាររបស់ពួកគេឱ្យយល់ដឹងបន្ថែមពីការ គំរាមកំហែងដែលពួកគេប្រឈមមុខ និងការត្រៀមខ្លួនសម្រាប់ការប្រែប្រួលអាកាសធាតុ និងគ្រោះមហន្តរា យ”។

      លោកបណ្ឌិត វីល ផាកស៍ នាយកយូនីសេហ្វប្រចាំប្រទេសកម្ពុជា បានបញ្ជាក់ប្រាប់ថា៖ “ថ្ងៃនេះ យើង ប្រកាសដាក់ឱ្យប្រើប្រាស់នូវឯកសារមួយ ដែលលើសពីរបាយការណ៍។ សន្ទស្សន៍ហានិភ័យអាកាសធាតុលើ កុមារសម្រាប់កម្ពុជា គឺជាឧបករណ៍ដ៏មានអានុភាពមួយដើម្បីសកម្មភាពរួម ផ្តល់សិទ្ធិអំណាចដល់អ្នកដឹកនាំ សហគមន៍ និងជាពិសេស យុវជន និងកុមារ ក្នុងការចាត់វិធានការជាក់ស្តែងដើម្បីកាត់បន្ថយ និងដោះស្រាយ ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។

       លោកបាននិយាយថាបើយោងតាមសន្ទស្សន៍ហានិភ័យអាកាសធាតុសម្រាប់កុមារសកល ប្រទេសកម្ពុជាស្ថិតក្នុងចំណោមប្រទេស ដែលកុមារប្រឈមនឹងហានិភ័យខ្ពស់បំផុត្តទៅនឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។ តាមរយៈទិន្នន័យស៊ីជម្រៅ និងលម្អិតនៅថ្នាក់ឃុំ របាយការណ៍នេះផ្តល់នូវទិដ្ឋភាពទូលំទូលាយនៃហានិភ័យអាកាស ធាតុដែលកុមារកំពុងប្រឈមក្នុងប្រទេសកម្ពុជា។

   លោកថា សន្ទស្សន៍ហានិភ័យអាកាសធាតុនេះ បានបង្ហាញថា៖កុមារកម្ពុជាប្រមាណជិត ២លាននាក់ ដែលមានចំនួនច្រើនជាង មួយភាគបី នៃកុមារកម្ពុជាសរុប កំពុងរស់នៅក្នុងឃុំដែលមានសន្ទស្សន៍ហានិភ័យអាកាសធាតុលើកុមារ ខ្ពស់ ឬខ្ពស់ខ្លាំង។ ភាគច្រើននៃឃុំទាំងនោះស្ថិតនៅក្នុងតំបន់ដាច់ស្រយាល។ ជិតមួយភាគបីនៃក្សារកម្ពុជាសរុបប្រឈមមុខខ្លាំងទៅនឹងគ្រោះរាំងស្ងួត ។ជាងពាក់កណ្តាលនៃកុមារកម្ពុជាសរុបប្រឈមមុខខ្លាំងទៅនឹងការកើនឡើងកម្ដៅ ជំងឺដែលបង្កដោយ ភ្នាក់ងារចម្លង និងខ្យល់កន្ត្រាក់។ស្ទើរតែពាក់កណ្តាលនៃកុមារកម្ពុជាសរុបប្រឈមមុខខ្លាំងទៅនឹងជំនន់ទឹកទន្លេ។ពាក់កណ្តាលនៃកុមារកម្ពុជាសរុបប្រឈមមុខខ្លាំងទៅនឹងការបំពុលបរិយាកាស ដែលលើសពីកម្រិត ស្តង់ដាដែលបានណែនាំដោយអង្គការសុខភាពពិភពលោក។

          គួរបញ្ជាក់ថាការចុះហត្ថលេខាលើសេចក្តីប្រកាសរបស់យូនីសេហ្វស្តីពីកុមារ យុវជន និងសកម្មភាពអាកាសធាតុ កម្ពុជាបានដើរតួនាទីជាអ្នកដឹកនាំក្នុងតំបន់អាស៊ាន លើគោលនយោបាយអាកាសធាតុដែលផ្តោតលើកុមារ។ ការប្តេជ្ញាចិត្តនេះនឹងជួយគាំទ្រដល់ការផ្តល់សិទ្ធិអំណាចដល់យុវជន ដើម្បីដឹកនាំគំនិតផ្តួចផ្តើមប្រកបដោយ និរន្តរភាពយ៉ាងសកម្មស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ និងកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុ។ តាមរយៈការចូលរួមកិច្ចខិតខំប្រឹងប្រែងជាសាកល ប្រទេសកម្ពុជាមានគោលដៅបញ្ចូលសំឡេងយុវជន និងកុមារទៅក្នុងដំណើរការ សម្រេចចិត្តនានាទាក់ទង នឹងការប្រែប្រួលអាកាសធាតុ លើកកម្ពស់ដំណោះស្រាយប្រកបដោយសមធម៌ និងពង្រឹងភាពធន់របស់កម្ពុជា ទៅនឹងបញ្ហាប្រឈមបរិស្ថាននានា៕

ដោយ ៖ សិលា


ចែករំលែក៖