ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចបង្រ្កាបករណីជួញដូរសត្វព្រៃអណ្តើក និងពស់ ឈ្មួញដឹកផ្ទុកក្នុងរថយន្តក្រុងក្រុមហ៊ុនថោងស៊ីញ ចេញពីក្រុងប៉ោយប៉ែតបម្រុងឆ្ពោះទៅភ្នំពេញ

ចែករំលែក៖

ខេត្តបាត់ដំបង៖ នគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង អនុវត្តក្រោមបញ្ជាផ្ទាល់របស់ លោកឧត្តមសេនីយ៍ទោ ស ថេត ស្នងការនគរបាលខេត្តបាត់ដំបង បានធ្វើការបង្រ្កាបករណីជួញដូរសត្វព្រៃហាមឃាត់ខុសច្បាប់ពីសំណាក់ឈ្មួញ ដឹកផ្ទុកក្នុងរថយន្តក្រុងរបស់ក្រុមហ៊ុន ថោង ស៊ីមញ។

សមត្ថកិច្ចឆែកឆេររកឃើញ និងដកហូតបានប្រភេទសត្វអណ្តើកចំនួន២០៧ក្បាល និងសត្វពស់ចំនួន១៦គីឡូក្រាម ដែលឈ្មួញច្រកក្នុងការ៉ុង ដឹកចេញពីក្រុងប៉ោយប៉ែត បម្រុងឆ្ពោះទៅរាជធានីភ្នំពេញ ។ សមត្ថកិច្ចបង្រ្កាបបទល្មើសសត្វព្រៃខុសច្បាប់នោះដែរបានធ្វើឡើងនៅចំណតរថយន្តក្រុងក្រុមហ៊ុនថោង ស៊ីញ ស្ថិតក្នុងផ្សារភូពុយ ក្រុងបាត់ដំបង ខេត្តបាត់ដំបង កាលពីល្ងាចថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦ ។ សត្វអណ្តើក និងពស់ខាងលើនៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦ បន្ទាប់មកត្រូវបានយកមកត្រួតពិនិត្យជាក់ស្តែងនៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងហើយក៏ធ្វើពិធីប្រគល់ឱ្យមន្រ្តីជំនាញរដ្ឋបាលព្រៃឈើយកទៅចាត់ចែងតាមនីតិវិធីបន្ត។

លោកវរសេនីយ៍ឯក ម៉ៅ រង្សី នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបា្រប់ឱ្យដឹងថា កម្លាំងនគរបាលបង្រ្កាបសត្វព្រៃទាំងនោះ ក្រោយពីទទួលព័ត៌មានរាយការណ៍ពីពលរដ្ឋថាមានឈ្មួញជាមុខសញ្ញាជួញដូរសត្វព្រៃខុសច្បាប់លួចដឹកផ្ទុកបង្កប់ក្នុងរថយន្តក្រុងមួយចេញពីក្រុងប៉ោយប៉ែតឆ្ពោះទៅភ្នំពេញ ។

លោកនាយការិយាល័យប្រាប់ឱ្យដឹងទៀតថា មុនដំបូងសមត្ថកិច្ចបម្រុងស្ទាក់ឃាត់រថយន្តក្រុងដើម្បីបង្រ្កាបតាមផ្លូវសាធារណៈប៉ុន្តែដោយសារខ្លាចភ្ញៀវជិះលើរថយន្តមានការភ្ញាក់ផ្អើលក៏សុំការសហការពីក្រុមហ៊ុន ហើយមានការអនុញ្ញាតពីក្រុមហ៊ុនឱ្យរថយន្តក្រុងចូលចតក្នុងចំណត  ។ សមត្ថកិច្ចឆែកឆេរក៏រកឃើញសត្វព្រៃខុសច្បាប់ដែលឈ្មួញច្រកការ៉ុងដាក់បង្កប់ក្នុងឃ្លុំរថយន្តតែម្តងចំណែកឈ្មួញវិញបានរត់គេចខ្លួនបាត់។

សូមបញ្ជាក់ថាសត្វអណ្តើក និងសត្វពស់ខាងលើគេសង្ស័យឈ្មួញនាំឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជា ដើម្បីធ្វើអាជីវកម្មលក់ចែកចាយតាមបណ្តាភោជនីយដ្ឋាននៅរាជធានីភ្នំពេញ ។ សត្វព្រៃទាំងនោះនៅប្រទេសកម្ពុជាត្រូវបានគេមើលឃើញថា កំពុងរងការបាត់ វិនាសផុតពូជន៍ ដោយសារតែឈ្មួញនិងជនខិលខូចឃុបឃិតមួយចំនួននាំគ្នាធ្វើសកម្មភាព ចាប់ប្រម៉ាញ់ធ្វើអាជីវកម្ម ដើម្បីផលប្រយោជន៍របស់ពួកគេ ៕ សំ វិច្ឆិកា

 

IMG_1116 IMG_1110 IMG_1108 IMG_1106 IMG_1104 IMG_1123


ចែករំលែក៖