ភ្នំពេញ៖ ក្រុមជនសង្ស័យជាអ្នកញៀនល្បែង១២នាក់ ក្នុងនោះ មាន២នាក់ជាមេការបើកនៅក្នុងទីតាំងវេរលុយ អ៊ីម៉ាន់នី ស្ថិតនៅផ្ទះលេខ២១ ផ្លូវ៤៣២ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ត្រូវបានដោះលែងឲ្យមានសេរីភាព បន្ទាប់ពីតំណាងអយ្យការ លោក សេង ហ៊ាង ដឹកនាំកម្លាំងសមត្ថកិច្ចរាជធានីភ្នំពេញចុះបង្ក្រាបកាលពីល្ងាចថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៦នោះ ។
ការដោះលែងមេការ និងអ្នកលេងល្បែងដែលសមត្ថកិច្ចបង្ក្រាបក្នុងបទល្មើសជាក់ស្តែងបានធ្វើឡើងកាលពីល្ងាចថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៦ ដោយគេពុំដឹងថា ការដោះលែងនេះអាចពាក់ព័ន្ធទៅនឹងប្រយោជន៍ ឬក៏គ្មានបទល្មើសណាមួយ ដែលតំណាងអយ្យការមិនអាចចោទប្រកាន់បាននោះ? ពាក់ព័ន្ធករណីនេះ លោក សេង ហ៊ាង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញមិនអាចទាក់ទងបានទេ ដោយទូរស័ព្ទត្រូវបានបិទ ។ ដោយឡែក លោក លី សុផាណា ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញមិនបានធ្វើអត្ថាធិប្បាយជុំវិញបញ្ហានេះទេតាមទូរស័ព្ទ នាព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៦ លោកគ្រាន់តែបញ្ជាក់ថា កំពុងជាប់មានភារកិច្ចបញ្ហាបន្តិច រួចក៏បិទទូរស័ព្ទ ។ លោក មាំង សុខលុច្ស នាយការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថរាជធានី បានប្រាប់នគរវត្តតាមទូរស័ព្ទថា ការចោទប្រកាន់ជាផ្លូវការ ឬមិនចោទ នោះជារឿងខាងអយ្យការ ដោយឡែក រូបលោក ត្រូវតែមានភារកិច្ចបញ្ជូនជនសង្ស័យទាំងអស់ទៅតុលាការនារសៀលថ្ងៃនេះ(ថ្ងៃទី៦ ខែកញ្ញា) ។
បើទោះជានាយការិយាល័យរូបនេះបញ្ជាក់បែបនេះក៏ដោយ ប៉ុន្តែមន្ត្រីតុលាការបានបង្ហើបថា ក្រុមអ្នកញៀនល្បែង និងមេការ២រូបត្រូវបានដោះលែងដោយមិនបានបញ្ជូនមកអយ្យការចាត់ការបន្តតាមនីតិវិធីទេ ដែលរឿងនេះ អាចតំណាងអយ្យការបញ្ជាឲ្យមានការដោះលែង បន្ទាប់ពីរូបគាត់ដឹកនាំបង្ក្រាបដោយផ្ទាល់កាលពីល្ងាចថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៦នោះ ។
ប្រជាពលរដ្ឋតែងសំណូមពរដល់អាជ្ញាធរ និងសមត្ថកិច្ចបង្ក្រាបរាល់ទីតាំងអ៊ីនធើណេត ក៏ដូចជាទីតាំងវីង អ៊ីម៉ាន់នី ដែលលួចបង្កប់ប្រភេទល្បែងស៊ីសង ពីព្រោះទីតាំងទាំងនោះជាប្រភពនៃបទល្មើស កើតមានក្នុងសង្គមបច្ចុប្បន្ន ។ ដូច្នេះទាំងសមត្ថកិច្ច អាជ្ញាធរ ក៏ដូចជាស្ថាប័នអយ្យការ គួរពង្រឹងករណីនេះ ដើម្បីចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ។
គួររំលឹកថា ទីតាំងអ៊ីម៉ាន់នី ដែលបានលួចបង្កប់ល្បែងស៊ីសងភ្នាល់បាល់តាមអ៊ីនធើណេត នៅចំណុចផ្ទះលេខ២១ ផ្លូវ៤៣២ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្ស១២នាក់ ក្នុងនោះមានមេការ២នាក់ ប្រុសម្នាក់ និងស្រីម្នាក់ ហើយចាប់យកវត្ថុតាងក្នុងបទល្មើសជាក់ស្តែង មានលុយចំនួន១៦៤០ដុល្លារ កុំព្យូទ័រ១គ្រឿង រួមនឹងម៉ូតូ១០គ្រឿងផងដែរ ៕ សុខ ខេមរា