ខេត្តសៀមរាប៖ អ្នកបើកបររថយន្ដម្នាក់ ត្រូវបានពលរដ្ឋនាំគ្នា ក្របួចជាប់ រួចប្រគល់ទៅកម្លាំងនគរបាលចរាចរណ៍ខេត្តសៀមរាប បន្ទាប់ពីជននេះ បានបើករថយន្តបែនដឹកដី កិនអ្នកជិះកង់អាគុយម្នាក់បណ្ដាលឲ្យស្លាប់យ៉ាងអាណោចអាធ័មនៅហ្នឹងកន្លែងកើតហេតុ។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីវេលាម៉ោង១ និង២០នាទីរសៀល ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៦ នៅលើកំណត់ផ្លូវក្រាលកៅស៊ូ ខាងលិចសណ្ឋាគារ ស៊ីធីអង្គរ ស្ថិតក្នុងភូមិគ្រួស សង្កាត់ស្វាយដង្គុំ ក្រុង-ខេត្តសៀមរាប។
តាមប្រភពពីប្រជាពលរដ្ឋនៅន្លែងកើតហេតុបានឲ្យដឹងថា រថយន្តបានបើកតាមបណ្តោយផ្លូវជាតិលេខ៦ ពីលិចទៅកើត មកដល់ភ្លឺងស្តុបសាលាគ្រួស បានបត់មកស្តាំដៃ ក៍បានបុកជនរងគ្រោះជិះកង់អាគុយ បណ្ដាលឲ្យស្លាប់នៅហ្នឹងកន្លែងកើតហេតុ ត្រប៉ែតដូចចេកចៀន ខណៈជនរងគ្រោះធ្វើដំណើរពីកើតទៅលិច ។
បើតាមការឲ្យដឹងពីកម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកបានឲ្យដឹងថា រថយន្តដែលកិនជនរងគ្រោះស្លាប់ម៉ាកប៊ីស៊ុយប៊ីស៊ី ពាក់ស្លាកលេខសៀមរាប3A:1155 បើកបរដោយឈ្មោះ ឃ្លិញ ប៉ុញ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិត្រយ៉ូង ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ ជនរងគ្រោះមានឈ្មោះឡោម ម៉ៅ ភេទប្រុស អាយុ៦០ឆ្នាំ រស់នៅភូមិបឹង សង្កាត់ក្របីរៀល ក្រុង-ខេត្តសៀមរាប។ ក្រោយពីធ្វើការវាស់វេងរួចកម្លាំងសមត្ថកិច្ចនគរបាលបានប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំពោះរថយន្ត និងកង់ត្រូវបានដកហូតយកមករក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប រីឯអ្នកបើករថយន្តស្ថិតនៅក្រោមការសាកសួររបស់កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាបចាត់ការតាមនីតិវិធីច្បាប់។
ករណីនេះពលរដ្ឋនៅទន្ទឹងរង់ចាំមើលចំណាត់ការរបស់តុលាការខេត្តសៀមរាបថាអនុវត្តទោសយ៉ាងណាចំពោះជនបង្កឬក៏មានវិធានការដូចលោកមេព្រៃស្វាយលើយ៉ាន់ស៊ីវ៉ាត់ នាយសង្កាត់សង្កាត់រដ្ឋបាលព្រៃឈើស្វាយលើខេត្ដសៀមរាប។ ក្រុមពលរដ្ឋនិយាយតៗគ្នាថា ក្រុមឡានដឹកដី.ខ្សាច់.ថ្ម.ទឹកសុទ្ធ ជាដើមបានបើកបរក្នុងល្បឿនលឿនដូចហោះក្នុងក្រុងទេសចរសៀមរាបអង្គរ។ជាមួយគ្នានោះដែររថយន្ដដឹកដីទាំងនោះ មិនសូវមានពាក់ស្លាកលេខនោះទេ ដែលទង្វើបែបនេះពលរដ្ឋស្នើឲ្យអាជ្ញាធរនិងសមត្ថកិច្ចខេត្តទេសចរមួយនេះមានវិធានការករណីនេះផង ៕ ជានិរន្ដរ៍