ខេត្តកំពង់ឆ្នាំង ៖ កម្មករចំនួន២២នាក់ ត្រូវបានដឹកយកទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកស្រុកប្រតិបត្តិកំពង់ត្រឡាច បន្ទាប់ពីកម្មករកម្មការនីទាំងនេះភ័យស្លន់ស្លោរ នៅក្នុងឧប្បត្តិហេតុ ទុសេ្សខ្សែភ្លើង ក្នុងរោងចក្រពេលដែលកំពុងបំពេញការងារ ។
ហេតុការណ៍បានកើតឡើងកាលពីវេលាម៉ោងជាង១១ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦ ។
លោកលី វីរៈ ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង ករណីដែលបណ្តាលអោយកម្មករ កម្មការិនីភ័យរហូតដួលសន្លប់នោះ គឺបានកើតឡើងនៅក្នុងរោងហ៊ីរាយស្សិន ជារោងចក្រផលិតកាបូប មានទីតាំងស្ថិតនៅក្នុងភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
លោកស្នងការរងបានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុ កម្មករកម្មការិនីបានចូលទៅបំពេញការងារនៅរោងចក្រដូចសព្វដង ហើយនៅពេលដែលកំពុងបំពេញការងារនោះ ក៏ស្រាប់តែមានទុស្សេចរន្តអគ្គិសនី នៅក្នុងអគារដែលកម្មករកំពេញការងារ ឃើញដូចនេះ កម្មករ កម្មការិនី ក៍ចាប់ផ្តើមភ័យស្លន់ស្លោ ហើយអ្នកដែលមានសុខខ្យោយ រួចជួបព្រឹត្តិការណ៍បែបនេះ ក៍ដួលសន្លប់ តៗគ្នាតែម្តង ដែលមានចំនួនរហូតដល់២២នាក់ ។ ក្រោយពីហេតុការណ៍នេះកើតឡើងភ្លាម ក៏បាននាំគ្នាដឹកកម្មករ កម្មការិនីទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រឡាចតែម្តង ។
ក្រោយពីឧប្បត្តិហេតុនេះកើតឡើង កម្មករ កម្មការិនីដែលបម្រើការនៅទីនោះ បានចេញទៅផ្ទះសម្រាកធ្វើការមួយថ្ងៃ ។
លោកលី វីរៈ ស្នងការរងបានឲ្យដឹងថា រហូតដល់រសៀលថ្ងៃទី១២ ខែកញ្ញា កម្មករដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យមានសុខភាពដូចដើមវិញ និង បានចេញទៅផ្ទះអស់ហើយ ៕ ចន្ថា