ព័ត៌មានទាន់ហេតុការណ៍៖

ផ្លាស់ប្ដូរ​អ្នក​នាំពាក្យ​តុលាការ​ខេត្ត​កណ្ដាល ក្រោយ​និយាយ​ថា​នាំ​ពាក្យ​តែ​ខ្យល់​​

ចែករំលែក៖

ខេត្តកណ្តាល៖ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្ដាល លោក លឹម សុគន្ថា  សម្រេចផ្លាស់ប្ដូរលោក ឯក ស៊ុនរស្មី ចេញពីអ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកណ្ដាល ដោយដាក់ជំនួសលោក ទេព មុនិន្ទ និង លោក សំម ឫទ្ធីវាសនា ។

ការសម្រេចនេះ ត្រូវបានមជ្ឈដ្ឋានទូទៅសង្កេតឃើញថា ក្រោយពេលលោក ឯក ស៊ុនរស្មី និយាយថា មានងារជាអ្នកនាំពាក្យមែន តែអត់ដឹងអីទាំងអស់ ពោលគឺនាំពាក្យតែខ្យល់ ព្រោះអ្វីៗមន្ត្រីនគរបាលយុត្តិធម៌ រាយការណ៍ជូនព្រះរាជអាជ្ញា ហើយព្រះរាជអាជ្ញា មិនដែលប្រាប់ព័ត៌មានមកអ្នកនាំពាក្យឡើយ ។

សេចក្ដីសម្រេចស្តីពី ការកែសម្រួលអ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងខេត្តកណ្ដាល ចុះថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦ ដែលអ្នកសារព័ត៌មានទើបទទួលបាននៅថ្ងៃទី១៩ ខែកញ្ញា លោក លឹម សុគន្ថា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្ដាល បញ្ជាក់ថា អ្នកនាំពាក្យមានតួនាទីឆ្លើយតបចំពោះស្ថាប័នមានសមត្ថកិច្ច និង អ្នកសារព័ត៌មានផ្សេងៗអំពីព័ត៌មានទាំងឡាយ ពាក់ព័ន្ធនឹងចំណាត់ការតាមនីតិវិធីរបស់អយ្យការអមសាលាដំបូងខេត្តកណ្ដាល បន្ទាប់ពីបានពិគ្រោះយោបល់ និងសម្រេចពីព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកណ្ដាល ។

គួររំលឹកថា ជារឿងគួរឲ្យភ្ញាក់ផ្អើលមួយ ដែលអ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកណ្ដាល ថ្លែងថា មានងារជាអ្នកនាំពាក្យមែន តែអត់ដឹងអីទាំងអស់ ពោលគឺនាំពាក្យតែខ្យល់ ព្រោះអ្វីៗមន្ត្រីនគរបាលយុត្តិធម៌ រាយការណ៍ជូនព្រះរាជអាជ្ញា ហើយព្រះរាជអាជ្ញា មិនដែលប្រាប់ព័ត៌មានមកអ្នកនាំពាក្យឡើយ ។

ក្រសួងយុត្តិធម៌ បានសម្រេចបង្កើតឲ្យមានអ្នកនាំពាក្យសាលាដំបូងរាជធានី ខេត្ត និង អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានី ខេត្ត ដើម្បីងាយស្រួលក្នុងការឆ្លើយតបព័ត៌មានមួយចំនួន ដែលយល់ឃើញថា មិនត្រឹមត្រូវ ។

លោក ឯក ស៊ុនរស្មី ជាព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្ដាល និង ជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកណ្ដាល ផងនោះ ថ្លែងថា រូបលោកមានងារជាអ្នកនាំពាក្យមែន តែអត់ដឹងអីទាំងអស់ ពោលគឺនាំពាក្យតែខ្យល់ប៉ុណ្ណោះ ព្រោះអ្វីៗមន្ត្រីនគរបាលយុត្តិធម៌ រាយការណ៍ជូនលោក លឹម សុគន្ថា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្ដាល ហើយព្រះរាជអាជ្ញា មិនដែលប្រាប់ព័ត៌មានមកអ្នកនាំពាក្យឡើយ ។

ការថ្លែងរបស់លោក ឯក ស៊ុនរស្មី កាលពីរសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៦ បែបនេះ គឺ ឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មាន តាមទូរស័ព្ទសាកសួរករណីនគរបាលស្រុកលើកដែក ដោះលែងបុរសម្នាក់ឲ្យមានសេរីភាពឡើងវិញ ដោយពុំបានបញ្ជូនមកអយ្យការអមសាលាដំបូងខេត្តកណ្ដាល នោះទេ ។ បុរសរូបនោះ ជាប់ពាក់ព័ន្ធនឹងករណីបើករថយន្តទំនើបស៊េរីឆ្នាំ២០១៦ បុកបុរសជិះកង់ដឹកស្វាយម្នាក់បណ្តាលឲ្យស្លាប់ភ្លាមៗ ។

លោក ឯក ស៊ុនរស្មី ថ្លែងថា លោកពុំដឹងអ្វីទាំងអស់ករណីនេះ ថា នគរបាលបានដោះលែងឬបញ្ជូនមកតុលាការ ព្រោះគ្មាននរណាឲ្យដំណឹងលោកឡើយ ។

លោក រស្មី បន្ថែមថា លោក លឹម សុគន្ថា ជាព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្ដាល បានបង្កើតគ្រុបព័ត៌មានមួយជាមួយ មន្ត្រីនគរបាលយុត្តិធម៌ ងាយស្រួលក្នុងការឆ្លើយឆ្លងព័ត៌មាន និង សភាពការណ៍ផ្សេងៗ ។

លោក ឯក ស៊ុនរស្មី សង្កត់ធ្ងន់ថា ប៉ុន្តែរាល់អ្វីៗទាំងអស់លោកព្រះរាជអាជ្ញា មិនដែលជូនដំណឹងមកអ្នកនាំពាក្យឡើយ ៕ ចេស្តា

 

img_5720 img_5721

 


ចែករំលែក៖