ភ្នំពេញ ៖ ទៅអង្គុយលេងជាមួយមិត្ត ភក្ដិស្នាក់នៅវត្តប្ញស្សីសាញ់សុខៗស្រាប់តែជនសង្ស័យ២នាក់បានកាច់កម៉ូតូយកទៅបាត់ដោយសុវត្ថិភាពកាលពីវេលាម៉ោង ១០ព្រឹកថ្ងៃទី២២ ខែកញ្ញា ស្ថិតនៅវត្ត ប្ញស្សីសាញ់ ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ ។
ជនរងគ្រោះជាម្ចាស់ម៉ូតូមានឈ្មោះ ឈូ សុភ័ក្រ្ត ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅភូមិទ្រា សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យបានឲ្យដឹងថាមុនពេលកើតហេតុរូបគេបានជិះម៉ូតូម៉ាកហុងដាឌ្រីម សេ៊រីឆ្នាំ២០១៦ ពាក់ស្លាក លេខភ្នំពេញ 1FX-4025 ចេញពីផ្ទះនៅ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ទៅលេងមិត្តភក្ដិ ដែលរស់នៅជាមួយ ព្រះសង្ឃក្នុងវត្តប្ញស្សីសាញ់ ។
ប្រភពដដែលបន្តទៀតថាខណៈពេលដែលរូបគេទៅដល់វត្តបានទុកម៉ូតូនៅរោងដាក់រថយន្ដរបស់ព្រះសង្ឃដែលមាន ចម្ងាយប្រមាណជា១៥ម៉ែត្រពីកុដិដែលខ្លួនបានអង្គុយ ។ ពេលនេះរូបគេក៏និយាយគ្នា លេងបណ្តើរក្រឡេកមើលម៉ូតូជាច្រើនដងឃើញម៉ូតូនៅដដែល លុះអង្គុយនិយាយគ្នាភ្លេចខ្លួនបន្ដិចស្រាប់តែឮសំឡេងបញ្ឆេះម៉ូតូ។ភ្លាមនោះគេក្រឡេលមើលស្រាប់តែឃើញជនសង្ស័យ២នាក់ជិះចេញទៅបាត់ដោយសុវត្ថិភាពទោះបីជាជនរងគ្រោះនិងមិត្តភក្កិបានជិះម៉ូតូដេញតាមក៏ដោយក៏ តាមមិនទាន់ដែរ។
ក្រោយពេលកើតហេតុ ជនរងគ្រោះ បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាល រដ្ឋបាលព្រៃសដើម្បីឲ្យជួយអន្ដរាគមន៍ ៕ សហការី