ព័ត៌មានទាន់ហេតុការណ៍៖

ឆក់ Iphone គេហើយជិះម៉ូតូចូលចាក់សាំងធ្វើព្រងើយពេលម្ចាស់ទាន់ចាប់ប្រគល់ឲ្យសមត្ថកិច្ច

ចែករំលែក៖

 

ភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌ ខណ្ឌ៧មករាសហការជាមួយកម្លាំងកង រាជអាវុធខណ្ឌ៧មករាពេលបានឮជនរងគ្រោះស្រែកថាចោរៗក៏បានដេញប៉ផាប់ចាប់ពភីងរហូតដល់ក្រុមជនសង្ស័យបានផ្ដួលម៉ូតូរត់គេចខ្លួនត្រូវកម្លាំងកងរាជអាវុធហត្ថ ឃាត់ខ្លួនបានជនសង្ស័យម្នាក់និងម៉ូតូ ១គ្រឿងម៉ាកហុងដាឌ្រីមគ្មានស្លាកលេខ។ ចំណែកកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌ៧មករាឃាត់ម៉ូតូបាន១គ្រឿងម៉ាកនិច គ្មានស្លាកលេខ។ ហេតុការណ៍ខាងលើ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២ និង៥០នាទីរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចស្ថានីយប្រេងឥន្ធនៈសូគីមិចនៅតាមបណ្ដោយផ្លូវ១៦១ក្នុង សង្កាត់វាលវង់ ខណ្ឌ៧មករា ។

ជនសង្ស័យម្នាក់ដែលកម្លាំងកងរាជ អាវុធហត្ថឃាត់ខ្លួនបានមានឈ្មោះ ចាន់ រស្មី អាយុ១៧ឆ្នាំ មុខរបរលក់បន្លែនៅផ្សារ ដើមគស្នាក់នៅផ្ទះជួលម្ដុំច្បារអំពៅ ក្នុង សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ។

តាមប្រភពព័ត៌មានពីជនរងគ្រោះ ឈ្មោះ មិន វាសនា ភេទប្រុស អាយុ ៣០ ឆ្នាំ មុខរបរបុគ្គលិកឃ្លាំងលក់រថយន្ត ស្នាក់នៅផ្ទះលេខ២៣២ ផ្លូវ១៨២ ក្នុង សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក បាន ឲ្យដឹងថា នៅមុនពេលកើតហេតុគាត់ បានជិះម៉ូតូរបស់គាត់ម៉ាកគុបពណ៌ទឹកប៊ិច ពាក់ស្លាកលេខភ្នំពេញ ១ភ ៧៩៥៧ ធ្វើដំណើរតាមបណ្ដោយផ្លូវម៉ៅសេទុង ក្នុងទិសដៅពីត្បូងទៅជើង ។ ខណៈមក ដល់ចំណុចមុខផ្សារឃ្លាំងរំសេវក្នុងសង្កាត់ផ្សារដើមគ មានក្រុមជនសង្ស័យ ចំនួន ៦នាក់ជិះម៉ូតូ៣គ្រឿងពេលជនសង្ស័យ ២នាក់ដែលជិះម៉ូតូនិចបានធ្វើសកម្មភាព ឆក់ទូរស័ព្ទម៉ាក iPhone6 ពីហោប៉ាវអាវរបស់គាត់រួចបាននាំគ្នាជិះគេចខ្លួន។

ពេលនោះគាត់ក៏បានជិះម៉ូតូតាមពីក្រោយជនសង្ស័យរហូតមកដល់ចំណុចប្រេងឥន្ធនៈសូគីមិចនៅតាមបណ្ដោយផ្លូវ១៦១ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ដែលក្រុមជនសង្ស័យ នាំគ្នាចូលចាក់សាំង ខណៈនោះគាត់ក៏បានជិះម៉ូតូបំបុកម៉ូតូជនសង្ស័យម៉ាកនិចឲ្យដួលហើយបានស្រែកឆោឡោដឹងដល់កម្លាំងនគរបាលនិងកម្លាំងកងរាជអាវុធហត្ថខណ្ឌ៧មករាដែលកំពុងល្បាតក្នុងមូលដ្ឋានដេញជួយអន្តរាគមន៍ភ្លាមៗ ។

ជាលទ្ធផលល្អ កម្លាំង កងរាជអាវុធហត្ថ ឃាត់ខ្លួនបានជនសង្ស័យម្នាក់និងម៉ូតូ ១គ្រឿងម៉ាកហុងដាឌ្រីមគ្មានស្លាកលេខ ចំណែកកម្លាំងនគរបាលព្រហ្មទណ្ឌឃាត់ម៉ូតូបាន១គ្រឿងម៉ាកនិចគ្មានស្លាកលេខ។
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានកម្លាំងកងរាជអាវុធហត្ថឃុំខ្លួនបណ្ដោះអាសន្នដើម្បីសួរនាំចាត់ការតាមនីតិវីធីច្បាប់៕  ហេង នរិន្ទ្រ

base


ចែករំលែក៖