ភ្នំពេញ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិកាព្រឹទ្ធសភានិងមន្ត្រីរាជការ បុគ្គលិកនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាបានចូលរួមទិញអង្ករប្រជាកសិករចំនួន៥០តោនដើម្បីរួមចំណែកលើកកម្ពស់តម្លៃកសិផលជាតិ ជាពិសេសតម្លៃស្រូវនិងជួយដល់កសិករខ្មែរដែលផលិតបានហើយត្រូវឈ្មួញបន្ទាបតម្លៃ ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ព្រឹទ្ធសភាកាលពីថ្ងៃ២៧ខែកញ្ញា ឆ្នាំ២០១៦នេះបានឱ្យដឹងថាព្រឹទ្ធសភាសង្ឃឹមថាការរួមចំណែកនេះនឹងជួយសម្រាលការលំបាកនិងជាការលើកទឹកចិត្តដល់ប្រជាកសិករខ្មែរក្នុងអំឡុងពេលតម្លៃស្រូវអង្ករធ្លាក់ចុះព្រមទាំងចូលរួមបង្ហាញនូវជំហរសាមគ្គីភាព ឯកភាពជាតិ ដើម្បីជួយគ្នាទៅវិញទៅមកក្នុងគ្រប់ស្ថានភាពនិងកាលៈទេសៈ។
ជាការកត់សម្គាល់ រាជរដ្ឋាភិបាលដាក់ចេញនូវកម្មវិធីពិសេសដែលមានថវិកាសមមូលទំហំ ២៧លានដុល្លារ ក្នុងនោះថវិកាបម្រុងរបស់រដ្ឋាភិបាលចំនួន ២០លានដុល្លារ និងទុនធនាគារអភិវឌ្ឍន៍ចំនួន៧លានដុល្លារដើម្បីជាឥណទានកាតាលិករសំដៅជំរុញស្ថេរភាពភាវូបនីយកម្មថ្លៃស្រូវ និងជំរុញការទិញស្រូវក្នុងស្រុកដែលមានធនាគារអភិវឌ្ឍន៍ជនបទជាអ្នកអនុវត្តគម្រោង ដើម្បីទប់ទល់ការធ្លាក់ចុះនៃតម្លៃស្រូវក្រអូប។
ទាក់ទិនបញ្ហានេះ លោក ភូ ពុយ អគ្គនាយកធនាគារស្រូវ បានមានប្រសាសន៍ឲ្យដឹងថា ស្រូវជិត ២ម៉ឺនតោនហើយត្រូវបានប្រមូលទិញពីប្រជាកសិករ និងរោងម៉ាស៊ីនកិនស្រូវពីសំណាក់មន្ត្រី ក្រសួង ស្ថាប័នរដ្ឋ ក៏ដូចជាពីសមាជិកសភានិងព្រឹទ្ធសភា ពាណិជ្ជករនិងសប្បុរសជននានាជាការឆ្លើយតបនឹងការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាល ដើម្បីជួយកសិករនាអំឡុងពេលនេះ ៕ ប្រាថ្នា