ខេត្តកណ្តាលៈ បុរសម្នាក់បានស្លាប់យ៉ាងអាណោចអាធ័មនៅកន្លែងកើតហេតុ ម្នាក់ទៀត រងរបួសយ៉ាងធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូក្នុងស្ថានភាពស្រវឹងរេចង្កូតដួលបោកទៅលើផ្លូវដោយខ្លួនឯង ។ ករណីនេះបានកើតឡើង កាលពីវេលាម៉ោង១៨ និង ២០នាទី ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវលេខ៣៨០ ស្ថិតក្នុងភូមិពុឬស្សីលើ ឃុំពុកឬស្សី ស្រុកខ្សាច់កណ្តាល ។
មន្ត្រីនគរបាលចរាចរណ៍ស្រុកខ្សាច់កណ្តាលបានឲ្យដឹងថា ជនរងគ្រោះបាត់បង់ជីវិតនោះ ឈ្មោះ ជា ធារ៉ា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រះធាតុ ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល បើកបរម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខភ្នំពេញ1FZ-6148 រីឯអ្នករួមដំណើរជាមួយរងរបួសធ្ងន់នោះឈ្មោះ ហួត ឈុនលាង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិពុកឬស្សីក្រោម ឃុំពុកឬស្សី ស្រុកខ្សាច់កណ្តាល ។
ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុ សាក្សីបានឃើញជនរងគ្រោះទាំង២នាក់ ជិះម៉ូតូក្នុងទិសដៅពីជើងទៅត្បូងតាមបណ្តោយផ្លូវលេខ៣៨០ គ្រាដែលមេឃកំពុងធ្លាក់ភ្លៀងយ៉ាងខ្លាំង ខណៈជិះដល់ចំណុចកើតហេតុទំនងជាស្រវឹងបាត់បង់ម្ចាស់ការ ទើបបណ្តាលឲ្យរេចង្កូតដួលបុកទៅលើផ្លូវធ្វើឲ្យអ្នកបើកបរម៉ូតូស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ រីឯអ្នករួមដំណើររងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ ។
មន្ត្រីនគរបាលចរាចរណ៍ដែលចុះទៅពិនិត្យកន្លែងកើតហេតុបានបញ្ជាក់ថា ជនរងគ្រោះមានសភាពស្រវឹងស្រាខ្លាំងណាស់ បានបើកបរមេឃកំពុងធ្លាក់ភ្លៀង ទើបធ្វើឲ្យបាត់បង់ម្ចាស់ការដួលបោកទៅលើផ្លូវស្លាប់និងរងរបួសយ៉ាងដូច្នេះ។
បច្ចុប្បន្នម៉ូតូជនរងគ្រោះត្រូវបានសមត្ថកិច្ចនគរបាល រក្សាទុកបណ្តោះអាសន្ននៅប៉ុស្តិ៍នគរបាលរដ្ឋបាលពុកឬស្សី ។ ចំណែកឯសាកសពជនរងគ្រោះត្រូវបានប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ