ខេត្តបន្ទាយមានជ័យ៖ តាមសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋ នៅក្នុងឃុំ ប្រាសាទ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បង្ហើបប្រាប់ថា បច្ចុប្បន្ននេះ បទល្មើសនេសាទ ដូចជា អ៊ុយ និងបររ៉ាវប្រភេទមង ក្រឡាល្អិត កំពុងតែកើតមាន យ៉ាងគគ្រឹកគគ្រេងពេញព្រៃលិចទឹក ដែលជាជំរកសត្វត្រីពងកូន បានធ្វើឲ្យជីវចំរុះ ដែលរស់នៅក្នុងទឹក ទាំងអស់រាប់ ទាំង ពស់ អណ្តើក គន្ធាយ អន្ទង់កង្កែបហ៊ីង គីង្គក់ និងសត្វត្រី គ្រប់ប្រភេទមិនអាចចេញរួចឡើយ ខណៈដែលអ្នកនេសាទ ទាំងនោះប្រើប្រាស់ឧបករណ៍ នេសាទ បរ រ៉ាវ ក្រឡាស្អិត ហើយថែមទាំងមានទ្រង់ទ្រាយធំមួយកន្លែងៗ៣គីឡូម៉ែត្រ កន្លែងខ្លះ៤ទៅ៥គីឡូម៉ែត្រ ក៏មាន ទើបគ្មានត្រីណាបានរួចឡើងមកដល់តំបន់ខាងលើនេះឡើយ ។ ដើម្បីឲ្យច្បាស់ការណ៍ អ្នកយកព័ត៌មានបានចុះទៅដល់ ចំណុចកើតហេតុ ដែលពាក់ព័ន្ធ ទៅហ្នឹងបទល្មើសនេសាទ នោះគឺបានឃើញជាក់ស្តែង ដោយបានឃើញបររ៉ាវមោងក្រឡា ល្អិត ជាច្រើនខ្សែរ នៅខេត្តសៀមរាប មាន២ស្រុកគឺស្រុកក្រឡាញ់មាន២ឃុំស្រណាល និង ឃុំសំបួរ និងស្រុកពួកមាន៣ឃុំ គឺឃុំសសរស្តម្ភ ឃុំព្រៃជ្រូកឃុំពោធិ៍ទ្រាយ ។
ចំណែកខេត្តបាត់ដំបងមានស្រុកឯកភ្នំ មានឃុំព្រៃចាស់ និងឃុំកោះជីវាំង ខេត្តបន្ទាយមានជ័យ ស្រុកព្រះនេត្រព្រះឃុំប្រសាទ នៅចំណុចវាលសំបុកសត្វ និងវាលក្ង ដែលព្រំប្រទល់ឃុំព្រៃចាស់ ស្រុកឯកភ្នំ ។ តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺឈ្មួញបានដាក់នៅចំណុចព្រំប្រទល់ស្រុក ដែលឆ្លងខេត្តតែម្តង ។ ដូចជាចំណុចព្រែកមេពងស្ថិតក្នុងភូមិពោធិ៍ ឃុំពោធិ៍ទ្រាយស្រុកពួក ឈ្មួញដាក់នៅចំណុចព្រំប្រទល់ភូមិកោះជីវាំង ឃុំព្រៃចាស់ ស្រុកឯកភ្នំ ហើយនៅចំណុចបឹងព្រៃកក់និងបឹងព្រៃពគោកខ្ពស់ស្ថិតក្នុងភូមិព្រៃចាស់ឃុំព្រៃចាស់ស្រុកឯកភ្នំ ក៏ឈ្មួញបានដាក់បររ៉ាវ ប្រវែង២គីឡូឆ្លងចូលដល់ចំណុចបឹងសំបុកសត្វ ទឹកដីនៃឃុំប្រសាទស្រុកព្រះនេត្រព្រះផងដែរ។
នៅចំណុចវាលអាត្អោនស្ថិតក្នុងទឹកដីឃុំព្រៃជ្រូក ស្រុកពួក និងខ្លះជាប់ព្រំប្រទល់ស្រុកក្រឡាញ់ ដែលមានបររ៉ាវនេះចំនួន៣ទៅ៤កន្លែង ហើយមួយកន្លែងៗមិនក្រោមពី២ទៅ៣ និងមានកន្លែងខ្លះ៤ទៅ៥គីឡូម៉ែត្រទៀតផង ហើយនៅចំណុចព្រែកតាឡកក្រោមការគ្របគ្រងរបស់សហគមន៍ឃុំពោធិ៍ទ្រាយ ស្ថិតក្នុងទឹកដីឃុំសំបួរ ជាប់ព្រំប្រទល់ភូមិបាក់ព្រា ឃុំព្រៃចាស់ស្រុកុំឯកភ្នំ ខេត្តបាត់ដំបង ។
ជុំវិញ នៃភាពអនាធិបតេយ្យ នៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុកបែបនេះ ត្រូវបានគេដាក់ការសង្ស័យថា សមត្ថកិច្ចជំនាញ ជាអ្នកបើកភ្លើងខៀវឲ្យ ទើបបានជាប្រជានេសាទ នៅក្នុងសហគមន៍ នីមួយៗ ហ៊ានប្រព្រឹត្តយ៉ាងគន្លើនមិនក្រែងច្បាប់។ បើតាមការអោយដឹងពីប្រជាពលរដ្ឋនៅខេត្តបាត់ដំបង បង្ហើបប្រាប់ថា បទល្មើសខ្លាំងជាងគេ គឺនៅក្នុងសហគមន៍នេសាទឃុំពោធិ៍ទ្រាយ ក្នុងស្រុកពួក ខេត្តសៀមរាប តែម្តង ដែលប្រើប្រាស់ឧបករណ៍ល្មើសច្បាប់ ប្រភេទបររ៉ាវ មងក្រឡាល្អិតនេះខ្លាំងជាងគេទោះបីជាខែទឹកសម្រកអស់ពីវាលក៏អ្នកឃុំពោធិ៍ទ្រាយនេះនៅតែបន្តដាក់បររ៉ាវនៅក្នុងដងស្ទឹងសង្កែបន្តទៀត មិនបានបញ្ឈប់សកម្មភាពឡើយ ហើយក៏មិនដែលឃើញមានមន្ត្រីជំនាញណាមកទប់ស្កាត់ ឬបង្ក្រាបដែរ ។ ទោះជាយ៉ាងណាតាមរយៈព័ត៌មាននេះ សង្ឃឹមថាសមត្ថកិច្ចជំនាញមន្ត្រីជលផលទាំង៣ខេត្តហ្នឹង ចាត់ការវិធានការក្តៅចុះបង្ក្រាបបទល្មើសនេសាទទាំងនេះ ជាបន្ទាន់ដើម្បីចៀសផុតពីការសង្ស័យរបស់ប្រជាពលរដ្ឋថាមន្ត្រីជំនាញជាអ្នកបើកភ្លើងខៀវឲ្យជនខិលខូចប្រព្រឹត្តបទល្មើស ។
ជុំវិញករណីខាងលើនេះ លោក ឈួន សុខម៉ៅ នាយសង្កាត់រដ្ឋបាលស្រុកព្រះនេត្រព្រះបានឲ្យដឹងថាៈ លោកបានប្រជុំគណៈបញ្ជាការឯកភាពស្រុក លោកបានលើកជូន ហើយយើងនឹងមានវិធានការទប់ស្កាត់ជាបន្ទាន់ ក៏ប៉ុន្តែជាប់រដូវភ្នំ ដូច្នេះវាត្រូវរយ៉ាលបន្តិច ហើយកំពុងតែគិតថា ប្រមូលកំលាំង និងចុះទៅបង្ក្រាប់ ព្រោះរាល់ឆ្នាំកន្លងមក លោកមិនដែលឲ្យបទល្មើសនឹងកើតឡើងឡើយ ហើយជាបញ្ហាបទល្មើនៅក្នុងស្រុករបស់លោក មិនសូវមានទេ មានតែប្រជានេសាទខាងបាត់បំបងគាត់លួចដាក់ ហើយកាលួចដាក់នោះទើបតែសម្រុកដាក់ តែលោមិនបណ្ដែតបណ្ដោយឲ្យបទល្មើសកើតឡើងនោះទេ ៕ វណ្ណា