ខេត្តកំពង់ចាម៖ ដោយកិច្ចសហការល្អរវាងកម្លាំងនគរបាលគ្រប់ខេត្ត និងនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃបានចំណាយពេល២០ម៉ោងរកឃើញម៉ូតូ១គ្រឿង ដែលមានបំពាក់ប្រព័ន្ធ GPS ដែលចោរលួចកាច់កពីខេត្តកំពង់ចាម ត្រូវរកឃើញនៅឯខេត្តកំពង់ស្ពឺ ហើយបានប្រគល់ឲ្យម្ចាស់ដើមវិញ ។
ជនរងគ្រោះជាម្ចាស់ម៉ូតូឈ្មោះ ឈុន ដារ៉ា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរជាជាងកាត់ដេរសម្លៀកបំពាក់ ស្នាក់នៅផ្ទះជួលជាន់ទី៣ ក្នុងភូមិទី១ សង្កាត់វាលវង់ ក្រុង-ខេត្តកំពង់ចាមបានឲ្យដឹងថា នៅវេលាម៉ោង១២ថ្ងៃត្រង់ ទី៦ ខែតុលា ឆ្នាំ២០១៦ ខ្លួនបានទុកម៉ូតូម៉ាក ZOOMER X ពណ៌ទឹកប្រាក់ ផលិតឆ្នាំ២០១៦ ពាក់ស្លាកលេខ ភ្នំពេញ ១P-៤២៨៥ នៅមុខផ្ទះជួលខាងលើ ហើយខ្លួនបានឡើងទៅបន្ទប់ជួល ។ រហូតដល់វេលាម៉ោង១៣និង១៥នាទី ខ្លួនបានចុះមកវិញ ស្រាប់តែម៉ូតូបាត់ ទើបដឹងថា ចោរលួចកាច់សោយកទៅ ។
លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តកំពង់ចាមមានប្រសាសន៍ថា ក្រោយបានទទួលបណ្តឹងនេះភ្លាមលោកបានចាត់ឲ្យលោកអនុសេនីយ៍ឯក ថាញ់ សុវ៉ុន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលស្តីពីដឹកនាំកម្លាំងជំនាញដោយប្រើរថយន្ត២គ្រឿងចេញប្រតិបត្តិការដេញតាមមុខសញ្ញាតាមរយៈប្រព័ន្ធ GPS ដែលជនរងគ្រោះភ្ជាប់ជាមួយម៉ូតូ។
លោកថាញ់ សុវ៉ុន បានឲ្យដឹងថា មុខសញ្ញាបានជិះម៉ូតូឆ្លងចូលក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ហើយបន្តទៅខេត្តកណ្តាល និងរាជធានីភ្នំពេញ ។
ជាមួយនេះ លោកស្នងការនគរបាលខេត្តកំពង់ចាម ក៏បានសុំអន្តរាគមន៍ពីស្នងការនគរបាលខេត្តកំពង់ធំ, ប្រធាននាយកដ្ឋានព្រហ្មទណ្ឌ, ស្នងការនគរបាលរាជធានីភ្នំពេញ, ស្នងការនគរបាលខេត្តកណ្តាល, ខេត្តកំពង់ស្ពឺ និងខេត្តតាកែវ ព្រោះមុខសញ្ញាបានជិះឆ្លងពីខេត្តទៅខេត្តមួយ ឯកម្លាំងរបស់ស្នងការនគរបាលខេត្តកំពង់ចាមបានដេញតាមរហូត និងមានកម្លាំងជំនាញរបស់សមត្ថកិច្ចចម្រុះបណ្តាលខេត្តខាងលើជួយអន្តរាគមន៍ ។
លោក ថាញ់ សុវ៉ុន បានបញ្ជាក់ថា តាមរយៈGPS បានឲ្យដឹងថា មុខសញ្ញាបានជិះម៉ូតូមកដល់ចំណុចព្រំប្រទល់ខេត្តកណ្តាល, កំពង់ស្ពឺ និងខេត្តតាកែវ ។
នៅវេលាម៉ោង២០ ថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៦ សមត្ថកិច្ចបានរុករករហូតដល់ក្នុងព្រៃមួយកន្លែង ស្ថិតក្នុងភូមិឫស្សី ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ(ចំណុចព្រំប្រទល់៣ខេត្ត គឺកណ្តាល, តាកែវ និងខេត្តកំពង់ស្ពឺ) ទើបប្រទះឃើញម៉ូតូខាងលើ ហើយក៏នាំមកស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមប្រគល់ជូនម្ចាស់ដើមវិញ ។
ចំណែកមុខសញ្ញាចោរកម្មខាងលើបានគេចខ្លួនបាត់ ពេលនេះសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវ ។
លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន បានកោតសរសើរដល់កងកម្លាំងរបស់ស្នងការនគរបាលខេត្តទាំងប៉ុន្មានខាងលើ និងកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌដែលបានជួយជ្រោមជ្រែងបំពេញកាតព្វកិច្ច សហប្រតិបត្តិការល្អរហូតដល់ទទួលបានលទ្ធផលប្រកបដោយជោគជ័យ ៕ ហេង នរិន្ទ្រន៍