ភ្នំពេញ៖ ដោយសារទឹកភ្លៀង ចេះតែធ្លាក់ជាប់ៗគ្នា បណ្តាលឲ្យតាមបណ្តាខេត្តមួយចំនួន ត្រូវបានជួបគ្រោះទឹកជំនន់ ហើយជាក់ស្តែងនៅវេលាម៉ោងប្រមាណជាង២រសៀល ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦ នៅតាមដងផ្លូវសណ្តស្ទឹងព្រែកត្នោត ស្ថិតក្នុងភូមិសលា សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ មានករណីបាក់ទំនប់ផ្លូវ និងទឹកគួចហូរជាខ្លាំង និងកំពុងប៉ះពាល់ដល់ដំណំស្រូវ ក៏ដូចលំនៅឋានរបស់ប្រជាពលរដ្ឋនៅក្នុងសង្កាត់ចំនួន៤ ក្នុងខណ្ឌដង្កោ ដែលរង់ការលិចលង់ជាខ្លាំង ។
ដូច្នេះនាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ ២០១៦ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹកបានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋានខណ្ឌចូលពិនិត្យស្ថានភាពទឹកដែលកំពុងហូរ ធ្លាក់ពីតំបន់ខ្ពស់ចូលមកលិចលង់ផ្ទះសំបែងប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានខណ្ឌដង្កោ ដើម្បីរកវិធីទប់ស្កាត់ និងបញ្ចៀសទឹកចេញ។
លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោបានឲ្យដឹងថា រយៈកម្ពស់ទឹក ទើបដែលមានកម្រិតឡើងខ្ពស់ ៣ថ្ងៃចុងក្រោយនេះទេ ដោយសារទឹកភ្លៀងធ្លាក់ជាប់ៗគ្នា និងទា្វរទឹកទំនប់៧មករា បានបើកទ្វារបង្ហូរទឹកពីខេត្តកំពង់ស្ពឺ ចូលតាមស្ទឹងព្រែកត្នោត ក្នុងមូលដ្ឋានខណ្ឌដង្កោ ទើបបណ្តាលឲ្យកន្លែងខ្លះត្រូវជន់លិច ដោយបង្ហូរទៅទម្លាក់នៅទន្លេមេគង្គតាមស្ទឹងព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
លោកអភិបាលខណ្ឌបានបន្តថា ស្ថានភាពទឹកជន់លិចខាងលើនេះ មិនទាន់ដល់កម្រិត ប្រកាសអាសន្ននោះទេ ដោយលោក នឹងមន្ត្រីក្រោមឱវាទ បានចុះតាមផ្ទះប្រជាពលរដ្ឋដែលរង់ការលិចលង់ និងជម្លៀសពួកគេ អោយរស់នៅទីទួលសុវត្ថិភាព បណ្តោះអាសន្នសិន ទម្រាំទឹកហូរចូលទន្លេ ស្រកដូចធម្មតាវិញ ។ ក្រោយពីមានការបើកទ្វារទឹក ទំនប់៧មករានេះ គឺទំនប់សណ្តស្ទឹង ជាច្រើនកន្លែងមានច្រេះទឹកហូរ ចេញពីស្ទឹងចូលផ្ទះប្រជាពលរដ្ឋ ។
លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក បានបញ្ជាឲ្យយកគ្រឿងចក្រ មកកាយបិទរុងដែលច្រេះទឹកចេញពីស្ទឹង ដើម្បីទប់ស្កាត់ ការបាក់ទំនប់សណ្តស្ទឹងព្រែកត្នោតខាងលើនេះ ។ ជាមួយគ្នានោះដែរ លោកអភិបាលខណ្ឌ បានបញ្ជាឲ្យលោកអភិបាលរងពីរូប រួមជាមួយ លោកវរៈសេនីយ៍ទោ ជឹម ស៊ីថា អធិការខណ្ឌដង្កោ ដឹកនាំកម្លាំងកាយដីខ្សាច់ច្រកបាវ ទប់ទំនប់ទ្វារទឹកមួយកន្លែងស្ថិតតាមបណ្តោយផ្លូវទំនប់៧មករា សង្កាត់សាក់សំពៅ ខណ្ឌដង្កោ ដើម្បីទប់ទឹកមិនអោយហូរចូលទៅមូលដ្ឋាន សង្កាត់ព្រៃវែង សង្កាត់ព្រៃស សង្កាត់ដង្កោ នឹងសង្កាត់ជើងឯក ៕ ជីម ភារ៉ា ដង្កោ