ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមដែលមានចំណាត់ថ្នាក់កំពូលទាំងបួនឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាលើកដំបូងក្នុងប្រវត្តិសាស្ត្រWorld Cup

ចែករំលែក៖

ក្រុមខ្លាំងៗទាំងបួនដែលស្ថិតក្នុងចំណាត់ថ្នាក់កំពូលនៃតារាងចំណាត់ថ្នាក់ពិភពលោករបស់សហព័ន្ធ FIFA បានឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ពិភពលោក World Cup ព្រមៗគ្នាជាលើកដំបូងបំផុត។

ការឈានទៅមុខរបស់អេស្ប៉ាញ (ចំណាត់ថ្នាក់លេខ ១) អាហ្សង់ទីន (ចំណាត់ថ្នាក់លេខ ២) បារាំង (ចំណាត់ថ្នាក់លេខ ៣) និងអង់គ្លេស (ចំណាត់ថ្នាក់លេខ ៤) គឺទទួលបានជំនួយផ្នែកមួយពីការផ្លាស់ប្តូរទម្រង់ប្រកួតរបស់សហព័ន្ធ FIFA សម្រាប់ព្រឹត្តិការណ៍ World Cup ឆ្នាំ ២០២៦ នេះ។

ពួកគេត្រូវបានដាក់ឱ្យស្ថិតនៅក្នុងផ្នែកផ្សេងៗគ្នានៃតារាងខ្វែង  ក្នុងការចាប់ឆ្នោត ដើម្បីធានាថាពួកគេមិនអាចជួបប្រកួតគ្នាមុនវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្របានឡើយ។

ប៉ុន្តែដើម្បីឱ្យសេណារីយ៉ូនេះអាចកើតឡើងទៅបាន ក្រុមនីមួយៗដាច់ខាតត្រូវតែឈ្នះចំណាត់ថ្នាក់លេខ ១ នៅក្នុងពូលរៀងៗខ្លួន — ដែលលទ្ធផលជាក់ស្តែងគឺពួកគេធ្វើបានសម្រេចទាំងអស់គ្នា។

ការបែងចែកផ្លូវនៅក្នុងតារាងចាប់ឆ្នោតនេះ មានន័យថា អេស្ប៉ាញ មិនអាចជួបប្រកួតជាមួយអាហ្សង់ទីនមុនវគ្គផ្តាច់ព្រ័ត្របានទេ។

បន្ថែមពីលើនេះ អង់គ្លេស និងបារាំង ត្រូវបានដាក់ឱ្យនៅទិសផ្ទុយគ្នានៃវគ្គជម្រុះចាញ់ធ្លាក់(Knockouts) និងនៅលើគន្លងផ្លូវដែលត្រូវឡើងទៅជួបអេស្ប៉ាញ ឬអាហ្សង់ទីន ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ប្រសិនបើពួកគេអាចឆ្លងផុតវគ្គមុនៗដូចគ្នា។

សហព័ន្ធ FIFA បានពិពណ៌នាអំពីការបោះជំហានថ្មីនេះថា ជាការធានានូវ «តុល្យភាពនៃការប្រកួតប្រជែង» ដោយបង្កើតឱ្យមាន «គន្លងផ្លូវពីរដាច់ដោយឡែកពីគ្នាឆ្ពោះទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ»។

ហើយនៅពេលនេះ ជំនួបវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រត្រូវបានរកឃើញហើយ គឺការប្រកួតរវាង បារាំង ជាមួយ អេស្ប៉ាញ នៅថ្ងៃអង្គារ និងការប្រកួតរវាង អង់គ្លេស ជាមួយ អាហ្សង់ទីន នៅថ្ងៃពុធ។

វិធីសាស្ត្រស្រដៀងគ្នានេះដែរ ក៏ត្រូវបានអនុវត្តនៅក្នុងព្រឹត្តិការណ៍វាយកូនបាល់ Wimbledon និងទម្រង់ប្រកួតថ្មីនៃពានរង្វាន់អឺរ៉ុប Champions League ផងដែរ។

គួរបញ្ជាក់ផងដែរថា ប្រព័ន្ធចំណាត់ថ្នាក់ពិភពលោករបស់ FIFA ត្រូវបានដាក់ឱ្យប្រើប្រាស់ដំបូងក្នុងឆ្នាំ ១៩៩៤ ប៉ុន្តែមិនត្រូវបានយកមកប្រើប្រាស់សម្រាប់ការចាប់ឆ្នោតក្នុងព្រឹត្តិការណ៍នាឆ្នាំនោះឡើយ។

កាលពីមុន ក្រុមដូចជាបែលហ្ស៊ិក (ឆ្នាំ ២០២២) អាល្លឺម៉ង់ (ឆ្នាំ ២០១៨) អេស្ប៉ាញ (ឆ្នាំ ២០១៤) អ៊ីតាលី (ឆ្នាំ ២០១០) និងបារាំង (ឆ្នាំ ២០០២) សុទ្ធតែធ្លាប់ឈរនៅចំណាត់ថ្នាក់កំពូលទាំងបួន ប៉ុន្តែត្រូវបានធ្លាក់ចេញតាំងពីវគ្គចែកពូល។

ចំណែកឯនៅក្នុងព្រឹត្តិការណ៍ World Cups ផ្សេងទៀតចាប់តាំងពីឆ្នាំ ១៩៩៨ មក ក្រុមដែលមានចំណាត់ថ្នាក់ខ្ពស់បំផុត មិនដែលធ្លាប់បានឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រព្រមៗគ្នាបែបនេះនោះឡើយ៕


ចែករំលែក៖