ខេត្តកំពង់ឆ្នាំង÷មន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងបានឲ្យដឹងនៅព្រឹកថ្ងៃទី ១៣ ខែកក្កដានេះថា ក្រោយពីមានករណីបង្ហោះក្នុងបណ្ដាញសង្គម facebook ដែលមានម្ចាស់អាខោនឈ្មោះ srey nouch បានសរសេរ រៀបរាប់ថា សូមបងប្អូននៅខេត្តកំពង់ឆ្នាំងទាំងអស់គ្នាបងប្អូនប្រុងប្រយ័ត្នកូនក្មេងដែលមានអាយុ ១៧-១៨ ឆ្នាំសូមបងប្អូនប្រុសប្រយ័ត្នមានករណីអា.កកូនក្មេងនៅខេត្តកំពង់ឆ្នាំងម្នាក់ហើយ។
ក្រោយឃើញព័ត៌មានក្នុងបណ្ដាញសង្គមបែបនេះ អ្នក
នាំពាក្យរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងបានចេញសេចក្តីបំភ្លឺមានខ្លឹមសារថា ដោយទទួលបានព័ត៌មាននេះ លោកឧត្តមសេនីយ៍ទោ តេង ចាន់ណាត ស្នងការនគរបាលខេត្តកំពង់ឆ្នាំងបានបញ្ជាឲ្យលោកឧត្តមសេនីយ៍ត្រី ប៉ុល វុទ្ធី ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ ដឹកនាំមន្ត្រីជំនាញសហការស៊ើបអង្កេតស្រាវជ្រាវក្នុងករណីខាងលើ។
ដោយបានទទួលព័ត៌មានថា កាលពីថ្ងៃទី ១០ ខែកក្កដាឆ្នាំ ២០២៦ វេលាម៉ោង៤ រសៀលនៅចំណុចដីកប់សពអ្នកជំងឺកូវីដ ស្ថិត នៅក្នុងភូមិអូតានេស ឃុំរលាប្អៀរ ស្រុករលាប្អៀរ មានជនសង្ស័យមិនស្គាល់អត្តសញ្ញាណម្នាក់មានភិនភាគស្លៀកខោខ្លីត្រឹមជង្គង់ ពណ៌ខ្មៅ មានពាក់ម៉ាស់ពណ៌ខ្មៅ ពុំមានអាវទេ។ សម្បុរខ្មៅ កម្ពស់ប្រហែល១,៦០ម៉ែត្រ,កាន់ដាវ១ដើម មកគំរាមកំហែងរកកាប់សម្លាប់លើក្មេងស្រី អាយុ ១៤ ឆ្នាំជនជាតិខ្មែរស្លាម មានទីលំនៅភូមិឃុំកើតហេតុខាងលើ ខណៈក្មេងស្រីកំពុងអង្គុយលើម៉ូតូ ចាំឪពុកចុះទៅផ្លាស់គោ ក្នុងស្រែ។
ពេលនោះជនរងគ្រោះបានស្ទុះរត់គេចខ្លួនហើយដួលត្រូវបានជនសង្ស័យដេញទាន់នឹងចាប់ទាញចូលព្រៃក្បែរនោះ ពេលនោះ ជនរងគ្រោះបានព្យាយាមប្រវ៉ាយប្រតប់ ជាមួយជនសង្ស័យបណ្ដាលឲ្យរបួសដៃទាំងសងខាង។ បន្ទាប់មក ជនសង្ស័យបានរត់គេចខ្លួនចូលព្រៃបាត់ទៅ។
ក្រោយការស្រាវជ្រាវរហូតដល់វេលាម៉ោង១ រសៀលថ្ងៃទី
១១ខែឆ្នាំដដែល សមត្ថកិច្ច បានស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ស៊ីម ពៅ ហៅ ផាកឡូវ ភេទ ប្រុសអាយុ 40 ឆ្នាំ ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀនមានទីលំនៅភូមិអូរសណ្ដាន់ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
ក្រោយការស្រាវជ្រាវរកវត្ថុតាង និងសាក្សី បានចង្អុល បង្ហាញ របស់ជនរងគ្រោះ សមត្ថកិច្ចសន្និដ្ឋានថា ជា ករណីហិង្សាដោយចេតនា ។ បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅស្នងការដ្ឋាននគរបាលខេត្តដើម្បីបន្តស្រាវ ជ្រាវ ។
អ្នកនាំពាក្យ ឆ្លងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង សូមអរគុណដល់បងប្អូន ក្នុងបណ្ដាញសង្គមដែលបានចូលរួមផ្ដល់ព័ត៌មានហើយក៏សំណូមពរដល់អ្នកប្រើបណ្ដាញ សង្គមសូមស្វែងយល់ឲ្យបានស៊ីជម្រៅ ច្បាស់ លាស់ ត្រឹមត្រូវរាល់ព័ត៌មានដែលទទួលបាន មុនចែក រំលែក ដើម្បីចូលរួមយុទ្ធនាការលុបបំបាត់ព័ត៌មានក្លែង ក្លាយធានាសន្តិសុខសុវត្ថិភាពនិងសណ្ដាប់ធ្នាប់សង្គម។
ដោយឡែក ប្រភពព័ត៌មាន ដែលទទួលបានក្រៅផ្លូវការបញ្ជាក់ថា ជនសង្ស័យធ្លាប់ជាប់ពន្ធនាគារ២លើករួចមកហើយ ជាប់លើកទី១ករណីលួចម៉ូតូនិងករណីទី២ ចាប់ រំលោភ ហើយជនសង្ស័យម្នាក់នេះពុំសូវនៅផ្ទះប៉ុន្មានទេ៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច