ព័ត៌មានទាន់ហេតុការណ៍៖

យុវជនម្នាក់ជិះម៉ូតូបុកជាមួយឡំប្រឺតា​បណ្ដាលឲ្យស្លាប់យ៉ាងអាណោចអាធម៌

ចែករំលែក៖

​    ភ្នំពេញ​ ៖ យុវជនម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ​ ក្រោយពេលជិះម៉ូតូលឿនជ្រុលទៅបុកឡំប្រឺតាបើកទិសដៅបញ្ច្រាសគ្នាចំពីមុខចំហៀងខាងឆ្វេងយ៉ាងពេញទំហឹង​ កាលពីវេលាម៉ោង ៤:៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្តោយផ្លូវព្រះនរោត្ដម កែងផ្លូវ១៧៨ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា​ មុនពេលកើតហេតុគេឃើញបុរសម្នាក់បានបើកឡំប្រឺតាមួយគ្រឿង ពណ៌ស​ ពាក់ ផ្លាក់លេខ ភ្នំពេញ 1LY-4831 ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះនរោត្តមទិសដៅពីជើងទៅត្បូង​ លុះបើកមកដល់ត្រង់ចំណុចស្តុកផ្លូវបំបែកជាបួនបម្រុងបួងចង្កូតបតឆ្វេងស្របពេលមានយុវជនរងគ្រោះម្នាក់ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីមសង់ពណ៌ខ្មៅពាក់ ផ្លាកលេខ ភ្នំពេញ 1AU-3871 ធ្វើដំណើរទិសដៅបញ្ច្រាសគ្នាពីត្បូងទៅជើងក្នុងល្បឿនលឿនក៏ជ្រុលទៅបុកឡំប្រឺតាចំពីមុខចំហៀងខាងឆ្វេងយ៉ាងពេញទំហឹងបណ្ដាលឲ្យដួលអូសបោកក្បាលនៅនឹងផ្លូវស្លាប់ភ្លាមៗ​ ចំណែកឯម្ចាស់ឡំប្រឺតាបានរត់គេចចេញពីកន្លែងកើតហេតុបាត់ស្រមោល។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ចុះមកវាស់វែងស្ទូចយកឡំប្រឺតានិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំការដោះស្រាយនៅពេលក្រោយ។ចំណែកសព​ សមត្ថកិច្ចធ្វើកំណត់ហេតុ​ និងទាក់ទងប្រគល់ឲ្យទៅក្រុមគ្រួសារយកទទួលបុណ្យតាមប្រពៃណី៕​ ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖